ក្រុមហ៊ុនទូរស័ព្ទឈានមុខគេរបស់ហ្វាំងឡង់ Nokia ប្រកាសជាផ្លូវការពីគម្រោងចូលទីផ្សារ Smartphone និង Tablet វិញក្រោយពីការអាក់ខានរយៈពេលយូរ ។ នេះគឺជាចម្លើយសក្តិសមបំផុតដល់អតិថិជនរាប់លាននាក់របស់ខ្លួនលើសាកលលោក ។ Smartphone និង Tablet នឹងដំណើការដោយប្រព័ន្ធ Android របស់ក្រុមហ៊ុន Google ។
ការរំកិលចូលទីផ្សារវិញរបស់ក្រុមហ៊ុន Nokia មានបញ្ជូលក្រុមហ៊ុនថ្មីឈ្មោះថា HMD global Oy មានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ដែលមានលោក Arto Nummela ជានាយកប្រតិបត្តិជាអ្នកគ្រប់គ្រង ។ ពីមុនលោកគឺជាអតីតនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Nokia ហើយបច្ចុប្បន្នក៏ជាអ្នកចាត់ការទូទៅប្រចាំការបែងចែកទូរស័ព្ទរបស់ក្រុមហ៊ុន Microsoft ។ ក្រុមហ៊ុន HMD នឹងចំណាយលុយ៥០០លានដុល្លារក្នុងទីផ្សារសាកលក្នុងរយៈពេល ៣ឆ្នាំទៀតដើម្បីស្តារឈ្មោះម៉ាក Nokia ឡើងវិញដែលបានអសកម្មជាច្រើនឆ្នាំមកនេះ ។
នៅមានក្រុមហ៊ុនមួយទៀតគឺ FIH Mobile Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Foxconn ។ ក្រុមហ៊ុននេះដែរនឹងផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Nokia យកទូរស័ព្ទពីក្រុមហ៊ុន Microsoft ក្នុងពាក់កណ្តាលឆ្នាំនេះតម្លៃ៣៥០ លានដុល្លារ ។ ក្រុមហ៊ុន FIH Mobile Limited ក៏នឹងទទួលយកក្រុមហ៊ុន Microsoft Mobile Vietnam ដែលរួមមានបុគ្គលិកចំនួន ៤.៥០០នាក់ សុទ្ធតែទទួលខុសត្រូវសម្រាប់ការផលិតទូរស័ព្ទដាក់ឈ្មោះម៉ាក Nokia ផងដែរ ៕