យោងតាមការអះអាងបញ្ជាក់របស់ក្រុមហ៊ុន Nokia ក្នុងសមាជទូរស័ព្ទពិភពលោកហៅកាត់ថា MWC ឱ្យដឹងថា ស្មាតហ្វូនរបស់ខ្លួននឹងប្រកួតប្រជែងក្នុងទីផ្សារឡើងវិញ ប៉ុន្តែក្រុមហ៊ុនថាមិនទាន់ប្រញាប់ប្រញាល់ទេ តែយ៉ាងណាក៏ដោយក្រុមហ៊ុននឹងវាយលុកក្នុងឆ្នាំ ២០១៦ ។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនធ្លាប់មានកេរ្តិ៍ឈ្មោះរយៈពេលច្រើនឆ្នាំក្នុងមុខជំនួញស្មាតហ្វូនរបស់ប្រទេសហ្វាំងឡង់មិនបានប្រកាសពីពេលវេលាជាក់លាក់ក្នុងការបោះជំហានចូលទីផ្សារទេ ។ លោករ៉ាជីវ សូរីនាយកប្រត្តិបត្តិប្រចាំក្រុមហ៊ុន Nokia និយាយថា គ្មានពេលវេលាកំណត់ច្បាស់លាស់ ហើយមិនប្រញាប់ប្រញាល់ ។ តែវានឹងកើតឡើងក្នុងឆ្នាំ២០១៦ ឬអាចកើតឡើងពេលក្រោយ ។ ក្រុមហ៊ុន Nokia ធ្លាប់លក់អាជីវកម្មឧបករណ៍របស់ខ្លួនឱ្យទៅក្រុមហ៊ុន Microsoft កាលពីឆ្នាំ២០១៤ ក្នុងតម្លៃប្រមាណជា៧,២ពាន់លានដុល្លារ ។ បន្ទាប់ពីទិញរួចហើយក្រុមហ៊ុន Microsoft ដូចជាទទួលថ្មបាក់ ពោលគឺអាជីវកម្មខាតទាំងស្រុងដល់ថ្នាក់កាត់បន្ថយបុគ្គលិករាប់ពាន់នាក់ដើម្បីទប់ទល់នឹងការខាតបង់ ។
ក្រុមហ៊ុន Nokia បានចាប់ផ្តើមចូលក្នុងពិភពទូរស័ព្ទនៅដើមឆ្នាំ ១៩៩០ ហើយបានបំពេញតម្រូវការអតិថិជនទូទាំងពិភពលោកជិត២០ឆ្នាំហើយ ។ ទូរស័ព្ទដែលអតិថិជនគាំទ្រខ្លាំងគឺម៉ូដែល Nokia 3210 និង 3310 ឬអតិថិជនខ្មែរយើងហៅថា Nokia ក្បាលត្រីអណ្តែង ៕