Microsoft សម្រេចបញ្ចប់កម្មវិធី Internet Explorer
January 18, 2016 (13:51:33)
[ 1294 ]
ក្រុមហ៊ុន Microsoft បានសម្រេចចិត្តបញ្ឈប់ការគាំទ្រសម្រាប់កម្មវិធីរុករកតាមអ៊ីនធើរណេតស៊េរីចាស់គឺ Internet Explorer កម្រិត៨,៩និងកម្រិត១០ នឹងបាត់រូបរាងពីពិភពលោកនេះ ខណៈពេលក្រុមហ៊ុនកំពុងលើកទឹកចិត្តឱ្យអតិថិជនរបស់ខ្លួន ចាប់ផ្តើមទទួលយកកម្មវិធីស៊េរីថ្មីគឺ Microsoft Edge ។
ចាប់ពីថ្ងៃទី១២ មករា ២០១៦ តទៅ មានតែកម្មវិធី Internet Explorer កម្រិតទី១១ប៉ុណ្ណោះ ដែលបន្តទទួលការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍផ្នែកសន្តិសុខបច្ចេកវិទ្យា ។ បើសិនជាអតិថិជនទាំងអស់កំពុងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមួយក្នុងចំណោម២០០លានគ្រឿងដែលដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ Windows 10 នោះមានន័យថា លោកអ្នកមានកម្មវិធីរុករកថ្មី Microsoft Edge រួចហើយ ។ ប៉ុន្តែបើអ្នកនៅតែមានកម្មវិធីរុករកអីុនធើរណេត Internet Explorer កម្រិតទី៨,៩ និងទី១០ ដែលជាជម្រើសរបស់អ្នកនោះ ក្រុមហ៊ុន Microsoft នឹងលើកទឹកចិត្តអ្នកឱ្យធ្វើកំណែប្រែឡើងកម្រិតដើម្បីចៀសវាងពីការវាយប្រហារអេឡិចត្រូនិក ។
កម្មវិធីអ៊ីនធើរណេត Internet Explorer កម្រិតទី១១ នឹងរក្សាការធ្វើកំណែប្រែផ្នែកសន្តិសុខសម្រាប់មួយរយៈពេលដល់ប្រព័ន្ធ Windows 7,8 និងប្រព័ន្ធ Windows 10 ។ ក្រុមហ៊ុនបានប្រកាសបិទបញ្ឈប់កម្មវិធី Internet Explorer កាលពីខែមីនា ២០១៥ ក្រោយពីវាមានវត្តមានអស់រយៈពេល១៩ឆ្នាំមកហើយក្នុងការបម្រើសេចក្តីត្រូវការរបស់អតិថិជនរបស់ខ្លួន ។ យ៉ាងណាមិញក្រុមហ៊ុនបានបង្កើតកម្មវិធីរុករកថ្មីដោយស្ថិតក្នុងគម្រោងមានឈ្មោះថា «Project Spartan» ហើយបច្ចុប្បន្នស្គាល់តាមរយៈឈ្មោះថា Edge ត្រូវបានសាទរជាការចាប់ផ្តើមដ៏ថ្លៃថ្លា និងជាការប្រកួតប្រជែងជាមួយកម្មវីធី Chrome របស់ក្រុមហ៊ុន Google និងកម្មវីធី Fire Fox របស់មូលនិធិ Mozilla Foundation ៕