វេជ្ជបណ្ឌិត I-Hsin Lin មកពីសាកលវិទ្យាល័យ Shan Medical University រកឃើញថា ក្នុងចំណោមអ្នកស្ម័គ្រពិសោធដែលមិនបានផឹកតែបៃតង ប្រឈមនឹងជំងឺមហារីកសួតច្រើនជាង៥ដងធៀបទៅនឹងក្រុមដែលផឹកយ៉ាងហោចណាស់១ពែងក្នុងមួយថ្ងៃ ។ ចំណែក អ្នកជក់បារី ប៉ុន្តែមិននិយមផឹកតែបៃតង ការប្រឈមឡើងដល់១២ដង ។ មានការកត់សម្គាល់ថា អ្នកផឹកតែបៃតងដែលមានហ្សែនមួយប្រភេទឈ្មោះ IGF1 មិនថាជាអ្នកចូលចិត្តជក់បារី ឬមិនជក់នោះទេ គឺប្រឈមនឹងហានិភ័យកើតជំងឺមហារីកសួតតិចបំផុតធៀបទៅនឹងអ្នកផឹកតែបៃតងដូចគ្នា តែមានប្រភេទហ្សែនខុសពីនេះ ។
ចំណែកការសិក្សាថ្មីមួយធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Fukushima Medical University ប្រទេសជប៉ុនបានរកឃើញថា ផឹកតែបៃតងកាត់បន្ថយប្រសិទ្ធភាពថ្នាំបញ្ចុះសម្ពាធឈាមមិនឱ្យជ្រាបចូលក្នុងចរន្តឈាមដល់៧៥ភាគរយ ។ ការរកឃើញនេះអាចជាការដាស់តឿនដល់អ្នកនិយមផឹកតែបៃតងឱ្យប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ក្នុងករណីខ្លួនតម្រូវឱ្យប្រើថ្នាំបញ្ចុះសម្ពាធឈាម ។