. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ក្រុមហ៊ុន GSK និងអង្គការ​​សង្គ្រោះកុមារផ្ដល់​​រង្វាន់ ១ លានដុល្លារ​​សម្រាប់ នវានុវត្តន៍​​ក្នុងការគាំ​​ពារសុខភាពនៅ​​តាមបណ្ដា​​​​ប្រទេសកំពុង​​អភិវឌ្ឍន៍ ដែលកាត់បន្ថយ​​​ អត្រាមរណភាពកុមារ
July 05, 2014 (11:05:21) [ 1447 ]
 
 
រង្វាន់​សម្រាប់​នវានុវត្តន៍​នៅ​ក្នុង​​ការ​គាំពារ​សុខភាព រួម​ចំណែក​​​នៅ​ក្នុង​ភាព​​ជា​ដៃគូ​​មហិច្ឆតា​រវាង​​ក្រុមហ៊ុន GSK និង​អង្គការ​សង្គ្រោះ​កុមារ ដែល​មាន​​​វត្ថុបំណង​សង្គ្រោះ​​​ជីវិត​​កុមារ​ក្រីក្រ​​​​បំផុត​នៅ​លើ​ពិភព​​លោក​ចំនួន​មួយ​​​លាន​នាក់

ថ្ងៃនេះ ក្រុមហ៊ុន GSK និង​អង្គការ​​​សង្គ្រោះ​កុមារ​ បាន​ប្រកាស​​​អំពី​ការ​ចាប់ផ្ដើម​របស់​​​ខ្លួន​នូវ ​រង្វាន់សម្រាប់​​​នវានុវត្តន៍ក្នុង​​ការ​គាំពារ​​សុខភាព​ចំនួន ១ លាន​ដុល្លារ​​ប្រចាំ​ឆ្នាំ​ទីពីរ ​នៅ​ក្នុងកិច្ចប្រជុំ​​ស្ដីពី​ភាព​​ជា​ដៃគូ​​ដើម្បី​​សុខភាព​មាតា ទារក និង​កុមារ​ នៅអាហ្វ្រិក​ខាង​ត្បូង។ រង្វាន់​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កំណត់​​អត្តសញ្ញាណ និង​ផ្ដល់​រង្វាន់​ដល់​នវានុវត្តន៍​នៅ​ក្នុង​ការ​គាំពារ​សុខភាព ដែល​បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា​​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ចាប់ពី​ថ្ងៃទី ២៧ ខែ​មិថុនា ដល់​ថ្ងៃទី ២៥ ខែ​សីហា អង្គការ​នានា​មក​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ អាចជ្រើសរើស​គំរូ​គោលវិធី​គាំពារ​សុខភាព​ដែល​មាន​នវានុវត្តន៍ ដែល​អង្គការ​បាន​រក​ឃើញ ឬ​បាន​អនុវត្ត។ គោលវិធី​ទាំងនេះ ត្រូវ​តែ​មាន​លទ្ធផល​ជាការ​កែលម្អ​ដែល​មាន​លក្ខណៈ​រូបី​ទៅលើ​អត្រា​រស់រាន​មាន​ជីវិត​របស់​​កុមារ​ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ ត្រូវ​មាន​ចីរភាព ហើយ​ត្រូវ​មាន​សក្ដានុពល​ក្នុង​ការ​បង្កើន និង​ចម្លង​ថ្មី​តាម​លំនាំ​ដូចគ្នា​បាន។ នៅ​ឆ្នាំ​នេះ នឹង​មាន​ការ​ផ្ដល់​ចំណាប់​អារម្មណ៍ និង​ការ​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​​ទៅលើ​ការងារ​ដែល​​មាន​វត្ថុបំណង​បង្កើន​គុណភាព ឬ​លទ្ធភាព​នៃ​ការ​គាំពារ​សុខភាព​សម្រាប់​ទារក។

កាល​ពី​ឆ្នាំ​មុន រង្វាន់​ធំបំផុត​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​អង្គការ មិត្តភក្ដិ​របស់​កុមារ​ឈឺ (FOSC) នៅ​ប្រទេស​ម៉ាឡាវី សម្រាប់​ឧបករណ៍​​​​សម្ពាធ​ផ្លូវ​ដង្ហើម​​​វិជ្ជមាន​ជា​បន្ត​បន្ទាប់ (CPAP) “ពពុះ​ខ្យល់” ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឥទ្ធិពល​នៃ​នវានុវត្តន៍​ដែល​មាន​លក្ខណៈ​សាមញ្ញ និង​​ចំណាយ​ទាប។ “ពពុះ​ខ្យល់” ជួយ​ដល់​ទារក​ដែល​មាន​ការ​ពិបាក​ក្នុងការ​ដកដង្ហើម​ ដែល​ជារឿយៗ​បង្ក​​ឡើង​ដោយ​​ការ​ឆ្លង​ជំងឺ​ស្រួចស្រាវ​ដូចជា ជំងឺ​​ទឹក​ចូល​ក្នុង​សួត តាមរយៈ​ការ​រក្សា​ឲ្យ​សួត​​ពួកគេ​ប៉ោង ដើម្បី​ឲ្យ​ពួកគេ​ដក​ដង្ហើម​បាន​កាន់​តែ​ងាយ​ស្រួល។ កំណែ​ស្រដៀង​គ្នា​នេះ ត្រូវ​បាន​ប្រើប្រាស់​ជា​​ទូទៅ​នៅ​តាម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ដែល​វា​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ៦,០០០ ដុល្លារ ក្នុង​មួយ​គ្រឿង។ ការ​យកតាម​លំនាំ CPAP “ពពុះ​ខ្យល់” មាន​ចំណាយ​ទាប​ មាន​នវានុវត្តន៍​នេះ អាច​ផលិតបាន​ក្នុង​តម្លៃ​ប្រមាណ​ជា ៤០០ ដុល្លារ។

FOSC ត្រូវ​បាន​ផ្ដល់​នូវ​រង្វាន់​ដែល​មាន​តម្លៃ ៤០០,០០០ ដុល្លារ ដែល​ជាមួយ​គ្នា​នឹង​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​សុខាភិបាល​នៅ​​ប្រទេស​ម៉ាឡាវី នឹង​ធ្វើ​ឲ្យ​ពួកគេ និង​ដៃគូ​របស់​ពួកគេ​អាច​ចែករំលែក​បច្ចេកវិទ្យា​សង្គ្រោះ​ជីវិត​នេះ​ជាមួយ​បណ្ដា​មន្ទីរពេទ្យ​បង្រៀន​ទាំងឡាយ​នៅ​ប្រទេស​តង់ហ្សានី ប្រទេសហ្សាំបៀ និង​អាហ្រិក​ខាង​ត្បូង។

ធ្វើ​ជា​សហប្រធាន​ដោយ​លោក អ៊ែនឌ្រូវ វីតធី (Andrew Witty) ជានាយក​ប្រតិបត្តិនៃក្រុមហ៊ុន GSK និង​​លោក ចាស់ស្ទីន ហ្វរស៊ីត (Justin Forsyth) ជានាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្គ្រោះ​កុមារ គណៈវិនិច្ឆ័យ​មួយ​ដែល​មាន​សមាសភាព​មក​ពី​វិស័យ​សុខភាព​សាធារណៈ វិទ្យាសាស្ត្រ និង​បណ្ឌិត​សភា នឹងផ្ដល់​មួយ​ផ្នែក​នៃ​កញ្ចប់មូលនិធិ​​រួមទៅ​ឲ្យ​នវានុវត្តន៍​ក្នុង​ការ​គាំពារ​សុខភាពល្អ​បំផុត ដែល​​ទ្រទ្រង់​ដល់​វឌ្ឍនភាព​បន្ថែម​ទៀត។ មូលនិធិ​ដែល​នៅ​សេសសល់ នឹង​ធ្វើ​ឲ្យ​មាន​សម្រាប់​រង្វាន់​អ្នក​ជាប់​លេខ​ពីរ ទៅ​តាម​ការ​ណែនាំ​ដោយ​គណៈវិនិច្ឆ័យ។

រង្វាន់​នេះ ក៏​មាន​វត្ថុបំណង​ផ្ដល់​នូវ​វេទិកា​មួយ​សម្រាប់​​ឲ្យ​បណ្ដា​អង្គការ​​ដែល​​ទទួល​បាន​ជ័យ​លាភី ​ធ្វើ​ការ​បង្ហាញ​ករណី​នៃ​នវានុវត្តន៍​របស់​ខ្លួន និង​ចែក​រំលែក​ព័ត៌មាន​ជាមួយ​អង្គការ​ដទៃទៀត ដែល​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​កែលម្អ​ការ​គាំពារ​សុខភាព​សម្រាប់​កុមារ​​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​​ក្រីក្រ​​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក អ៊ែនឌ្រូវ វីតធី នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GSK បាន​មាន​ប្រសាសន៍​ថា៖ “យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើការ​​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​ដទៃទៀត ហើយ​ការងារ​របស់​យើង​ជាមួយ​អង្គការ​សង្គ្រោះ​កុមារ គឺជា​គំរូ​ដ៏​អស្ចារ្យ​មួយ​អំពី​វិធី​ដែល​យើង​អាច​ប្រើ​ជំនាញ​វិទ្យាសាស្ត្រ​របស់​យើង និង​ឈាន​ទៅ​ដល់​ការ​ជួយ​កែលម្អ​លទ្ធផល​សុខភាព​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក។ ជាលទ្ធផល​នៃ​​ការ​ផ្ដល់​រង្វាន់​នេះ អ្នក​ទទួល​ជ័យ​លាភី​កាល​ពី​ឆ្នាំ​មុន មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​រួច​ទៅហើយ ហើយ​យើង​ចង់​បន្ត​គាំទ្រ​ពួកគេ ខណៈដែល​ពួកគេ​អភិវឌ្ឍន៍​នវានុវត្តន៍​ទាំងឡាយ​ដែល​អាច​បង្កើន និង​ចម្លង​តាម​លំនាំ​ដូចគ្នា​បាន ដើម្បី​កាត់បន្ថយ​អត្រា​មរណភាព​កុមារ​នៅ​តាម​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត​​នៅ​ក្នុង​ពិភពលោក។"

លោក ចាស់ស្ទីន ហ្វរស៊ីត នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្គ្រោះ​កុមារ បាន​មាន​ប្រសាសន៍​ថា៖ “យើង​ដឹង​ថា ដើម្បី​នាំ​មក​នូវ​ការ​គាំពារ​សុខភាព​សង្គ្រោះ​ជីវិត​​ដល់​កុមារ​ដែល​ពិបាក​នឹង​ឈាន​ទៅដល់ យើង​ត្រូវការ​​មហិច្ឆតា​គំនិត និង​គោលវិធី​ថ្មីៗ។ រង្វាន់​សម្រាប់​នវានុវត្តន៍​ក្នុង​ការ​គាំពារ​សុខភាព​​កាល​ពី​ឆ្នាំ​មុន បាន​រក​ឃើញ​នូវ​នវានុវត្តន៍​ថ្មីៗ​ដែល​សង្គ្រោះ​ជីវិត​កុមារ ហើយ​អាច​ចម្លង​តាម​លំនាំ​ដូចគ្នា ដើម្បី​ជួយ​ឈាន​ទៅ​ដល់​កុមារ​កាន់តែ​ច្រើន​ថែមទៀត។ នៅ​ឆ្នាំ​នេះ យើង​ទន្ទឹង​រង់ចាំ​ការ​រកឃើញ​នូវ​ដំណោះស្រាយ​ត្រួសត្រាយ​ផ្លូវ​បន្ថែមទៀត ដែល​នឹង​​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​កាន់​តែ​ធំ​សម្រាប់​កុមារ​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​ពិភព​លោក។”

ខណៈ​ដែលមាន​វឌ្ឍនភាព​ល្អៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ជារៀងរាល់​ឆ្នាំ កុមារ​ចំនួន ៦.២ លាន​​នាក់​នៅ​ទូទាំង​ពិភព​លោក នៅ​តែ​ស្លាប់​មុន​​ថ្ងៃ​កំណើត​ទី​ប្រាំ​របស់​ពួកគេ។ ជារឿយៗ កុមារ​ទាំងនេះ​ស្ថិត​នៅ​​តាម​បណ្ដា​សហគមន៍​ដាច់​ស្រយាលបំផុត និង​ត្រូវ​គេ​បោះបង់ចោល។ រង្វាន់​នវានុវត្តន៍​ក្នុង​ការ​គាំពារ​សុខភាព​របស់ក្រុមហ៊ុន GSK និង​អង្គការ​សង្គ្រោះ​កុមារ មាន​វត្ថុបំណង​ក្នុង​ការ​​រុករក និង​លើក​ទឹក​ចិត្ត​ដល់​ការ​ចម្លង​តាម​​គំរូ​នវានុវត្តន៍​ល្អបំផុត​​ក្នុង​ការ​គាំពារ​សុខភាព ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​​ធំ​បំផុត​សម្រាប់​កុមារ​​ងាយ​រង​គ្រោះ។

រង្វាន់​នវានុវត្តន៍​ក្នុង​ការ​គាំពារ​សុខភាព ត្រូវ​បាន​ប្រកាស​នៅ​ក្រោយ​ការ​ចាប់ផ្ដើម​​ភាព​ជាដៃគូ​ថ្មី​ដែល​មាន​មហិច្ឆតា​របស់​ក្រុមហ៊ុន GSK និង​អង្គការ​សង្គ្រោះ​កុមារ​ កាលពី​ខែ​ឧសភា ឆ្នាំ ២០១៣ ដែល​មាន​វត្ថុបំណង​សង្គ្រោះ​ជីវិត​កុមារចំនួន ១ លាន​នាក់ ​នៅ​តាម​បណ្ដាសហគមន៍​មួយ​ចំនួន​ដែល​ងាយ​រងគ្រោះបំផុត​នៅ​ក្នុង​ពិភពលោក។ ទិដ្ឋភាព​នៃ​ភាព​ជាដៃគូ​ដ៏​ល្អ​បំផុត​មួយ​គឺ ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ការ​ធ្វើការ​រួមគ្នា ដើម្បី​ប្រើប្រាស់​នវានុវត្តន៍​ឲ្យ​អស់​ពី​លទ្ធភាព និង​ដើម្បីដោះស្រាយ​បញ្ហា​មរណភាព​កុមារ​អាយុ​​ក្រោម ៥ ឆ្នាំ។ ជាឧទាហរណ៍ អង្គការ​សង្គ្រោះ​កុមារ​​ចូលរួម​នៅ​ក្នុង​ការ​ជួយ​ដល់​ក្រុមហ៊ុន GSK ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ឱសថ​ដែល​កុមារ​ងាយ​ស្រួល​ប្រើប្រាស់ ជាមួយ​នឹង​កៅអី​មួយ​នៅ​​លើ​​ក្រុមប្រឹក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពេទ្យ​កុមារ ដើម្បី​ជួយ​ពន្លឿន​​វឌ្ឍនភាព​ទៅលើ​​អន្តរាគមន៍​សង្គ្រោះ​ជីវិត​ដែល​មាននវានុវត្តន៍​សម្រាប់​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ និង​ដើម្បី​កំណត់​អំពី​​មធ្យោបាយ​នានា​ក្នុង​ការ​ធានា​​​​ឲ្យ​បាន​នូវ​លទ្ធភាព​ទូលំទូលាយ​បំផុត​នៅ​​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ដោយ​ទទួល​ស្គាល់​ថា នវានុវត្តន៍​អាច​​មាន​​​ទ្រង់ទ្រាយ និង​រូបភាព​ជាច្រើន លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​ផ្ដល់​រង្វាន់​នវានុវត្តន៍​ក្នុង​ការ​គាំពារ​សុខភាព មាន​លក្ខណៈ​ទូលំទូលាយ ហើយ​អាច​ដាក់​បញ្ចូល​នូវ​គោលវិធី​ទាំងឡាយ​ដែល​ផ្ដោត​ការ​យក​ចិត្ត​​ទុក​ដាក់​ទៅលើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ការ​គាំពារ​សុខភាព រួមមាន វិទ្យាសាស្ត្រ អាហារូបត្ថម្ភ ការ​ស្រាវជ្រាវ ការ​អប់រំ ឬ​ការ​ធ្វើការ​​ក្នុង​ភាព​ជា​ដៃគូ។

សេចក្ដី​លម្អិត​បន្ថែម​អំពី​ដំណើរការ​វិនិច្ឆ័យ និង​លក្ខណៈ​វិនិច្ឆ័យ អាច​រក​បាន​​តាមរយៈ http://myg.sk/HealthcareInnovationAward។ ពាក្យ​សុំ​ចូល​រួម នឹង​ត្រូវ​បិទ​ឈប់​ទទួល​នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ម៉ោង ១១:៥៩ យប់ (GMT)។ អ្នក​ទទួល​ជ័យ​លាភី នឹង​ត្រូវ​បាន​ប្រកាស​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៤។

ក្រុមហ៊ុន GSK – ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​នាំ​មុខ​គេ​លំដាប់​ថ្នាក់​ពិភពលោក​ផ្នែក ឱសថ និង​ការ​គាំពារ​សុខភាព​ដែល​មាន​មូលដ្ឋាន​លើ​ការ​ស្រាវជ្រាវ – មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កែលម្អ​គុណភាព​​នៃ​ជីវិត​មនុស្ស តាមរយៈ​ការ​​ធ្វើ​ឲ្យ​មនុស្ស​ធ្វើ​កាន់​តែ​ច្រើន មាន​អារម្មណ៍​កាន់​ប្រសើរ និង​រស់​នៅ​បាន​កាន់​តែ​យូរ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា www.gsk.com។

អំពី​អង្គការ​សង្គ្រោះ​កុមារ៖

អង្គការ​សង្គ្រោះ​កុមារ ធ្វើការ​នៅ​តាម​បណ្ដា​ប្រទេស​ជាង ១២០។ យើង​សង្គ្រោះ​ជីវិត​កុមារ។ យើង​ប្រយុទ្ធប្រឆាំង​​ដើម្បី​សិទ្ធិ​របស់​ពួកគេ។ យើង​ជួយ​ដល់​ពួកគេ​ក្នុង​ការ​បំពេញ​សក្ដានុពល​របស់​ពួកគេ។ www.savethechildren.org.uk
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 50 នាក់
  Flag Counter
Flag Counter