យោងតាមស្ថិតិ របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា ក្នុងត្រីមាសទី ៤ ឆ្នាំ២០១១ក្រុមហ៊ុនអាចនាំចេញ iPad បានលើសពី ១៥លានគ្រឿង និង Mac បាន ៥លានគ្រឿងស្មើនឹង ១៧ភាគរយនៃចំនួនកុំព្យូទ័រ សរុប ១២០លាន គ្រឿងទូទាំងពិភពលោកដែលនេះជាលទ្ធផលដ៏ជោគជ័យមួយដែលនាំឲ្យ Apple ក្លាយជាអ្នកលក់កុំព្យូទ័រនាំមុខគេទូទាំងពិភពលោក។ សរុបមកវិញចំនួនទីផ្សារកុំព្យូទ័រ សរុបរួមបញ្ចូលទាំង desktops, netbooks, notebooks, and pads កើនឡើង ១៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ តែបើមិនរាប់បញ្ចូលទាំង pads នោះទីផ្សារកុំព្យូទ័របែរជាធ្លាក់ចុះ០,៤ភាយរយទៅវិញ។
ប្រភពខាងលើបានបន្តថា ក្នុងចំណោមអ្នកផលិតកុំព្យូទ័រកំពូលទាំង៥ លើលោកមានតែក្រុមហ៊ុន Lenovo មួយប៉ុណ្ណោះដែលអាចគ្រប់គ្រងនិងធ្វើឲ្យតម្លៃផ្សារហ៊ុនរបស់ខ្លួន កើន ២ភាគរយ បើប្រៀបធៀបនឹងក្រុមហ៊ុន Apple កើន ៦ភាគរយ ក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ចំណែកផ្សារហ៊ុនរបស់ Acer, Dell និង HP វិញគឺធ្លាក់ចុះយ៉ាងខ្លាំង។ តែថ្មីៗនេះ ក្រុមហ៊ុន HPអ្នកលក់កុំព្យូទ័រជាប់ចំណាត់ថ្នាក់លេខ ២ ទូទាំងពិភពលោកបានឲ្យដឹងថាខ្លួនមិនព្រមចុះចាញ់ឡើយ ហើយឥឡូវនេះកំពុងស្វះស្វែងរកវិធីសាស្ត្រដើម្បីប្រកួតប្រជែងជាមួយ Apple ដោយប្រើប្រាស់ Touchpad ជំនាន់ក្រោយៗរបស់ខ្លួន។
គួររំលឹកថា ចាប់តាំងពីក្រុមហ៊ុន HP បានទិញយកក្រុមហ៊ុន Compaq រួចមកផ្សារហ៊ុនរបស់ HP បានកើនឡើងយ៉ាងខ្លាំងរហូតធ្វើឲ្យក្រុមហ៊ុនមួយនេះបានគ្រងតំណែង ជាអ្នកលក់កុំព្យូទ័រច្រើនបំផុតក្នុងលោកផ្ទួនៗគ្នាជាច្រើនឆ្នាំ តែទីបំផុតក្នុងឆ្នាំ ២០១១ នេះ Apple បានដណ្ដើមយកតំណែងនេះទាល់តែបាន៕