ប្រវត្តិព្រះបរមរាជវាំងចតុមុខមង្គល
|
December 22, 2014 (08:46:34)
|
[ 1828 ] |
|
|
|
|
ព្រះបរមរាជវាំងចតុមុខមង្គល ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្តម ពេលដែលព្រះអង្គផ្លាស់ប្តូររាជធានី ពីឧត្តុង្គមកភ្នំពេញ។ ព្រះរាជវាំងនេះ គឺកសាងនៅលើទីតាំង បន្ទាយចាស់ ដែលមានឈ្មោះថា “បន្ទាយកែវ” កសាងដោយព្រះអង្គច័ន្ទ (១៧៩៦-១៨៣៤) នៅក្នុងឆ្នាំ១៨១៣ ហើយព្រះអង្គបានគង់នៅទីនេះ មួយ
រយៈពេលខ្លី មុនពេលដែលទ្រង់យាង ទៅកាន់រាជធានីឧត្តុង្គ។ ក្រោយមក បន្ទាយកែវនេះ ត្រូវបានកងទ័ពសៀម ដុតបំផ្លាញចោល នៅក្នុងឆ្នាំ១៨៣៤។ នៅក្នុងឆ្នាំ១៨៦៣ ពេលដែលបារាំង ធ្វើជាអាណាព្យាបាល លើប្រទេសកម្ពុជា ព្រះរាជដំណាក់មួយចំនួន (ដែលសាងពីឈើ) ត្រូវបានគេកសាងឡើងវិញ នៅភាគខាងជើងព្រះរាជវាំងសព្វថ្ងៃ។ បន្ទាប់មក លោកឧកញ៉ាទេពនិមិត្ត ម៉ក់ ដែលជាស្ថាបត្យករខ្មែរ បានចាប់ផ្តើមកសាងព្រះបរមរាជវាំង ដោយមានការចូលរួមជាជំនួយ ពីភាគីបារាំងផងដែរ។ នៅឆ្នាំ១៨៦៦ ព្រះបាទនរោត្តម បានរើព្រះរាជមន្ទីរពីរាជធានីឧត្តុង្គមកកាន់ ព្រះបរមរាជវាំងថ្មីនៅភ្នំពេញ ដែលក្រោយមកបានក្លាយជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឆ្នាំ១៨៧០ សំណង់ និងព្រះរាជដំណាក់មួយចំនួនក៏ត្រូវបានជួសជុស និងសាងសង់បន្ថែម ដែលក្នុងរួមមានប្រាសាទច័ន្ទឆាយា និងប្រាសាទទេវាវិនិច្ឆ័យ ដែលកសាងទៅតាមរចនាបថខ្មែរសុទ្ធសាធ។ ព្រះរាជមន្ទីរសម្រាប់ព្រះរាជសវនការ បានតាំងនៅក្នុងរាជធានីភ្នំពេញ ជាអចិន្ត្រៃយ៍នៅក្នុងឆ្នាំ១៨៧១។ ចំណែកកំពែងការពារព្រះបរមរាជវាំង ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៨៧៦។ នៅក្នុងបរិវេណព្រះបរមរាជវាំងថ្មីនេះ យើងឃើញមានសំណង់ជាច្រើន ដែលបង្ហាញអំពីស្ថាបត្យកម្ម និងយកលំនាំតាមរចនាបថខ្មែរ ហើយក៏មានសំណង់មួយចំនួន ដែលមានឥទ្ធិពលស្ថាបត្យកម្ម ប្រទេសលោកខាងលិចផងដែរ ជាពិសេសគឺសំណង់ប្រាសាទណាប៉ូឡេអុង ដែលជាព្រះរាជអំណោយ របស់ព្រះអធិរាជបារាំង ថ្វាយព្រះបាទនរោត្តម នៅក្នុងឆ្នាំ១៨៧៦។ នៅក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) សំណង់មួយចំនួន នៅក្នុងព្រះបរមរាជវាំង ត្រូវបានសាងសង់បន្ថែម ដែលក្នុងនោះរួមមាន ប្រាសាទភោជនីយ៍ (កសាងនៅក្នុងឆ្នាំ១៩០៧ សម្ពោធនៅក្នុងឆ្នាំ១៩១២)។ ក្រៅពីនេះមានសំណង់ចាស់ៗមួយចំនួន ត្រូវបានជួសជុលពង្រីក, បំផ្លាញចោល និងជំនួសដោយ
សំណង់ថ្មីវិញផងដែរ នៅក្នុងចន្លោះឆ្នាំ ១៩១៣-១៩១៩ ដូចជា៖ ការពង្រីកសំណង់ ប្រាសាទច័ន្ទឆាយា និងសំណង់ប្រាសាទទេវាវិនិច្ឆ័យ (ដោយប្រើសម្ភារៈសំណង់ថ្មី)។ នៅឆ្នាំ១៩៣០ (ក្នុងរាជ្យព្រះបាទមុនីវង្ស)សំណង់ព្រះវិហារសួគ៌ ត្រូវបានកសាងឡើង ដើម្បីគោរពបូជាដល់សាសនា។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៣១ ការកសាងព្រះរាជដំណាក់ ប្រាសាទខេមរិន្ទ ក៏ត្រូវបានចាប់ផ្តើមឡើង ហើយប្រើប្រាស់ជាកន្លែងដែលព្រះរាជាគង់ប្រថាប់រហូតមកដល់សព្វថ្ងៃ។ នៅក្នុងឆ្នាំ១៩៥៣ ព្រះបាទនរោត្តមសីហនុ បានកសាងព្រះរាជដំណាក់ច័ន្ទ សម្រាប់ក្រុមប្រឹក្សារាជសម្បត្តិ និងជាព្រះរាជការិយាល័យ របស់ព្រះអង្គបំពេញរាជកិច្ច។ ហើយនៅឆ្នាំ១៩៥៦ ព្រះអង្គបានកសាងព្រះរាជដំណាក់គន្ធបុប្ផា សម្រាប់ទទួលភ្ញៀវអន្តរជាតិ។
ចាប់ពីឆ្នាំ១៩៧០ នៅពេលដែលលោក លន់ ណុល ធ្វើរដ្ឋប្រហារ ព្រះបរមរាជវាំងត្រូវបានក្លាយទៅជាសារមន្ទីរ។ នៅក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥-១៩៧៩) ព្រះរាជវាំងបានក្លាយទៅជាមន្ទីរឃុំឃំាងសម្រាប់ដាក់
ព្រះរាជវង្សានុវង្ស ជាពិសេស គឺសម្តេចសីហនុ និងបុត្រាបុត្រីរបស់ព្រះអង្គ។ ចាប់ពីឆ្នាំ១៩៧៩ ដល់១៩៩១ ព្រះបរមរាជវាំង បានក្លាយទៅជាសារមន្ទីរ ហើយក្រោយពេលដែលសម្តេច នរោត្តម សីហនុ ធ្វើព្រះរាជមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ (នៅចុងឆ្នាំ១៩៩១) ព្រះរាជវាំងភ្នំពេញ បានក្លាយជាព្រះរាជដំណាក់ សម្រាប់ព្រះមហាក្សត្រដូចពីមុន និងជាសារមន្ទីរ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាផងដែរ។
( ប្រភព : Facebook )
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|