. . . . . .
.
ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤

.
សហគមន៍​នេសាទ​ត្រពាំង​សង្កែ ជួយ​ពលរដ្ឋ​ក្នុង​តំបន់ បង្កើន​ចំណូល តាមរយៈ​អេកូ​ទេសចរណ៍​
November 20, 2014 (11:59:33) [ 1686 ]
 
 
កំពត: បន្ទាប់ពី​បាន​បង្កើតឡើង ក្រោម​ការ​ជ្រោមជ្រែង ឧបត្ថម្ភ​គាំទ្រ ដោយ​អង្គការ​អភិវឌ្ឍ​ស្ត្រី និង​កុមារ ប្រចាំ​កម្ពុជា (CWDCC) រួមសហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន និង​ការជួយ ជ្រោមជ្រែង ពី​សំណាក់ ស្ថាប័ន​ជំនាញ​នានា អំឡុង​រយៈពេល​ជាង​ប្រាំ​ឆ្នាំ កន្លងមកនេះ សហគមន៍​នេសាទ ត្រពាំង​សង្កែ ដែលមាន​មូលដ្ឋាន ក្នុងភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត បាន​ដំណើរ​កិច្ចការងារ របស់ខ្លួន​យ៉ាង​រស់​រវើក ព្រមទាំង​បានផ្តល់​ប្រយោជន៍ ចំពោះ​ប្រជាពលរដ្ឋ​សហគម​ន៏ និង​អ្នករស់នៅ​តំបន់​ជុំវិញ តាម រយៈ​ការរកចំណូល​បន្ថែម ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ បែប​ធម្មជាតិ​។​
​ ​
​ដើម្បី​បាន​ដល់ទី​តាំង នៃ​រមណីយដ្ឋាន ដ៏​សែន​មនោ​រម្យ​នេះ ភ្ញៀវ​ទាំងឡាយ អាចធ្វើ​ដំណើរ​ចេញ ពី​ទី​រួម​ខេត្តកំពត តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣៣ តម្រង់​ឆ្ពោះទៅ​ខេត្ត​កែប ចម្ងាយ​ប្រហែល ប្រាំពីរ​គីឡូម៉ែត្រ​។​ ​ហួស​សាលាឃុំ​ត្រពាំង​សង្កែ ប្រមាណ​ប្រហែល ពីរ​រយ​ម៉ែត្រ អ្នកទេសចរ​ទាំងឡាយ នឹង​ពើបប្រទះ ឃើញ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍ របស់​សហគមន៍​នេសាទ ត្រពាំង​សង្កែ ស្ថិតនៅ​ផ្នែក​ខាងស្តាំ​។

ចុះ​ពី​ផ្លូវជាតិ​ប្រមាណ ត្រឹម​បី​រយ​ម៉ែត្រ ដែល​អាចធ្វើ​ដំណើរ​បាន ទាំង​រថយន្ត ម៉ូតូ កង់ ដោយ​ឆ្លងកាត់​ភូមិឋាន ប្រជា ពលរដ្ឋ ជនានុជន​ទាំងឡាយ នឹង​ចូលដល់​ទីតាំង​ផ្ទាល់ នៅក្បែរ​នឹង​ដៃសមុទ្រ​មួយ មាន​ឈ្មោះថា ព្រែក​ក្បាល​រមាស បន្ទាប់ពី​គយគន់​ស្រែ​ស្រូវ ច្បារ​ដំណាំ ពិសេស​ស្រែអំបិល ដែលជា​ផលិតផល មិនអាច​ខ្វះ​បាន សម្រាប់​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាជន ទូទាំង​ក្នុង និង​ក្រៅប្រទេស​។


​ទីនេះ​សហគមន៍ មាន​កន្លែង​សម្រាក ដើម្បី​បន្ធូរ​អារម្មណ៍ មាន​កន្លែង​ប្រជុំ មាន​សេវាកម្ម ម្ហូបអាហារ​ចម្អិន នៅនឹង កន្លែង សម្រាប់​ជូន​ភ្ញៀវ​ពិសា និង​មាន ថ្នាល​បណ្តុះ​កូន​កោង​កាង ប្រកបដោយ​ពណ៌​បៃតង ស្រស់បំព្រង​។ គោលដៅ​ចុងក្រោយ និង​សំខាន់ មិនអាច​ខកខាន​បាន ចំពោះ​ការ​មកកាន់ សហគមន៍​នេសាទ​មួយ​នេះ គឺ​ដំណើរ​ទេសចរណ៍ ក្នុង​ដែន​ធម្មជាតិ ដែល​ចាំបាច់ ត្រូវ​បន្តដំណើរ​តាម​ទូក ក្នុង​ព្រែក​ក្បាល​រមាស ជាមួយ​ទេសភាព ដ៏​ល្អ​ត្រកាល នៃ​ព្រៃ​លិច​ទឹក នៅ​អម​សងខាង ដើម្បី​បាន​ដល់​តំបន់​អេកូ ទេសចរណ៍ ព្រៃកោងកាង នា​ឆ្នេរសមុទ្រ ក្រោម​ការគ្រប់គ្រង ពី​សំណាក់​សហគមន៍ នេសាទ​ត្រពាំង​សង្កែ​។

​អារម្មណ៍​ប្លែក នឹង​ចាប់ផ្តើម នៅពេល​ខ្លួនប្រាណ​ប៉ះ​ផ្ទាល់ ជាមួយ​ខ្យល់​សមុទ្រ ដ៏​ល្អ​បរិសុទ្ធ ខណៈ​ចូលដល់​ជំរុំ នៃ​ម្លប់​កោង​កាង យ៉ាង​ត្រឈឹងត្រឈៃ រួមទាំង​ស្ពាន​ដើរ​កម្សាន្ត ក្នុង​ព្រៃកោងកាង រាប់រយ​ម៉ែត្រ​នោះ​។ ទីនេះ ក្រៅពី​ការ​ផ្តិត​យក ទេសភាព​ដ៏​ខៀវស្រងាត់ ការដើរ​កម្សាន្ត​ពេល​ថ្ងៃ ភ្ញៀវ​អាច​សម្រាក (​ទោះបី​លក្ខណៈ​គ្រួសារ​) ក្នុងពេល​រាត្រី ដោយ​សហគមន៍ បាន​បង្កើតជា បឹង​ហ្គា​ឡូ ដើម្បី​គយគន់​ទូក​អ្នក នេសាទ ស្តាប់​សំឡេង​សត្វ ពិសេស​មើល​ពន្លឺភ្លើង នៃ​ហ្វូង​អំពិលអំពែក​។​
​ ​
​លោក សឹម ហ៊ីម ប្រធាន​សហគមន៍ នេសាទ​ត្រពាំង​សង្កែ បាន​រៀបរាប់ថា ក្រោម​ការគាំទ្រ​របស់ អង្គការ​អភិវឌ្ឍ​ស្ត្រី និង​កុមារ​នៅ​កម្ពុជា ព្រមទាំង​កិច្ចសហការ រវាង​អាជ្ញាធរ​មូលដ្ឋាន ការជួយជ្រោមជ្រែង ពី​ខណ្ឌ​រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន​ខេត្ត និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត សហគមន៍​នេសាទ​ត្រពាំង​សង្កែ ត្រូវបាន​បង្កើតឡើង កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០០៩ គ្រប់គ្រង​លើ​ដែន​នេសាទ ទំហំ ៣៣៧ ហិកតា ក្នុងនោះ​ព្រៃកោងកាង មាន​ចំនួន ៣១ ហិកតា​។

បំណង​នៃ​ការបង្កើត សហគមន៍​នេះ​ឡើង ដើម្បី​ការពារ​តំបន់​នេសាទ ថែរក្សា​ព្រៃ​លិច​ទឹក បញ្ចៀស​ពីបទ​ល្មើស​ផ្សេងៗ​។​ តាម​ការសង្កេត​ឃើញជាក់ស្តែង បន្ទាប់ពី​បាន​បង្កើតឡើង នៅ​តំបន់​នេះ ផល​នេសាទ មានការ​កើន​ប្រមាណ ៦០ ភាគរយ ដោយ​សម្បូរ​ត្រី ក្តាម ខ្យង បង្គា​.. ក្នុង​ដែន​ដែល​សហគមន៍ គ្រប់គ្រង​ផ្ទាល់​។

ដោយឡែក សម្រាប់​ព្រៃ​លិច​ទឹក​វិញ សហគមន៍ បាន​ដាំ​បន្ថែម​នូវ កោង​កាង​ថ្មី ២៥ ហិកតា ធ្វើឱ្យ​ទំហំ កើន​ដល់ ៥៦ ហិកតា​។ កាលពី​មិនទាន់ មាន ការការពារ ថែរក្សា​ព្រៃ​លិច​ទឹក​ទាំងនេះ ត្រូវ​ប្រជាពលរដ្ឋ កាប់​យក​ឈើ​ដុត ធ្វើឱ្យ​ដើម​កោង​កាង ស្ទើរតែ​វិនាស​ហិនហោច ដែល​តម្រូវឱ្យ​ជួសជុល ឡើងវិញ​។ ម្ល៉ោះ ហើយ សម្រាប់​ផ្ទៃដី​ដាំ​ដុះ​ថ្មី មិនជា​បញ្ហា​ទេ ដែល​មកដល់ពេលនេះ បាន​លូតលាស់​ល្អ​ជាង​មុន ប្រហែល ៨០ ភាគរយ​។​

​លោក​ប្រធាន​សហគមន៍ បាន​បន្តទៀតថា ជាមួយនឹង​ការរីក ដុះដាល​ព្រៃកោងកាង សហគមន៍​បង្កើតបាន នូវ​តំបន់​អេកូ​ទេសចរណ៍ ដែល​ធ្វើឱ្យ​សមាជិក​សហគមន៍ និង​អ្នករស់នៅ​តំបន់​ជុំវិញ អាច​រកចំណូលបាន តាមរយៈ​ការបើក​ទូក ដឹក​ភ្ញៀវ​ដើរ​កម្សាន្ត ការលក់​ម្ហូបអាហារ សេវា​បកប្រែ​ផ្សេងៗ ហើយ​ចំណូល​ទាំងនោះ ត្រូវ​បង់​ចំនួន ២០ ភាគរយ សម្រាប់​អភិវឌ្ឍ​សហគមន៍​បន្ត ខណៈដែល​មកដល់ពេលនេះ មិនមាន​ផ្នែក​ខាង​ណា ជួយឧបត្ថម្ភ​ទៀត​ទេ​។

ដោយឡែក សហគមន៍​មាន​ទូក​ម៉ាស៊ីន មាន​ខ្ចូ​ស នៅ​ដែន​ព្រៃកោងកាង និង​កន្លែង​សម្រាប់​ជួល​ប្រជុំ ដោយ​កន្លងមក ខាងអង្គការ ក្រៅរដ្ឋាភិបាល បាន​ធ្វើជា​ញឹកញាប់ នៅ​ទីតាំង​នេះ​ផ្ទាល់​។ ដូច្នេះ​សហគមន៍ ពឹង​ផ្អែកលើ​សប្បុរសជន ក្នុងការ​គាំទ្រ ដើម្បី​ដំណើរការ​អភិវឌ្ឍ​ន៍ប​ន្ត ដោយ​មិនមែន​តម្រូវ ជាការ​បរិច្ចាគ​អ្វីមួយ​ទេ តែ​តាមរយៈ​ការ​មក​កម្សាន្ត ឬក៏​ចូលរួម​ក្នុង​ការដាំដុះ ជួសជុល ថែរក្សា​ព្រៃ​លិច​ទឹក ក៏ដូចជា បញ្ចៀស​នូវ​បទល្មើស នេសាទ​ផ្សេងៗ នៅ​សហគមន៍​របស់លោក​។​
​ ​
​ពាក់ព័ន្ធ​នឹង​សហគមន៍ ខាងលើ លោក ណុះ សើ មេឃុំ​ត្រពាំង​សង្កែ បាន​រៀបរាប់ថា បន្ទាប់ពី​ការបង្កើតឡើង ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ អាច​រក​ផល​សមុទ្រ បាន​ច្រើនជាង​មុន ប្រជាពលរដ្ឋ ក្នុង​ឃុំ​ត្រពាំង​សង្កែ និង​បណ្តា​ឃុំ​មួយចំនួន ទៀត នៅ​តំបន់​ជុំវិញ បានទទួល​ផលចំណេញ ដោយសារ​ការបង្កើត សហគមន៍​នេសាទ តាមរយៈ​ចំណូល​បន្ថែម ពី​អេកូ​ទេសចរណ៍ ដូចជា​សេវា​ដឹក​ភ្ញៀវ​កម្សាន្ត ការលក់ដូរ​របស់រ​បរ រកបាន​ពី​សមុទ្រ​ជាដើម​។

​ក្នុងនាម​អាជ្ញាធរ លោក​សង្ឃឹមថា បណ្តា​សប្បុរសជន​ទាំងឡាយ នឹង​បន្ត​គាំទ្រ​សកម្មភាព របស់​សហគមន៍ នេសាទ​ត្រពាំង​សង្កែ ឱ្យមាន​ដំណើរ​ទៅមុខ ដែលជា​ផ្នែក​មួយ ចូលរួម​ថែរក្សា​ការពារ ធនធាន​សមុទ្រ និង​ជា​គ្រឹះ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស ដើម្បី​អនាគត​អ្នកជំនាន់ក្រោយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter