បុណ្យកាន់បិណ្ឌ ជាបុណ្យប្រពៃណីខ្មែរ មិនមានធ្វើនៅប្រទេសដទៃ ដូចជាថៃ ឡាវ ឬ ភូមាឡើយ
|
September 15, 2014 (10:56:22)
|
[ 1466 ] |
|
|
|
|
ភ្នំពេញ: បុណ្យកាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថាបុណ្យភ្ជុំបិណ្ឌ ខ្លះហៅថាបុណ្យកាន់បិណ្ឌ និងបុណ្យដាក់បិណ្ឌ ហើយនៅតំបន់ខ្លះហៅថាបុណ្យដូនតា ។ វចនានុក្រមខ្មែររបស់សម្តេច ព្រះសង្ឃរាជជួន ណាត ទំព័រ ៣៣៧ បញ្ជាក់ច្បាស់ថាបុណ្យនេះហៅឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។
បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ ជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជា ហើយមិនមានធ្វើនៅប្រទេសដែលគោរពរាប់អានព្រះពុទ្ធសាសនាថេរវាទដទៃ ដូចជាប្រទេសថៃ ឡាវឬ ភូមាឡើយ ព្រោះវាមិនមែនជាបុណ្យនៅក្នុងវិន័យបញ្ញត្តិ ។
បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ ថ្ងៃ១៥រោច ខែភទ្របទ។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់ ។
ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថ្ងៃ និង ដើម្បីធានា ថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេនគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ ថ្ងៃ១៤រោច ខែភទ្របទ ហើយឱ្យឈ្មោះថា វេនទី១...វេនទី១៤ ។ រយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថាបុណ្យកាន់ បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិកពីគ្រប់វេនទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះឱ្យឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ ។
តាមអ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣ គឺ៖
១.ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះជាពេលដែលមានភ្លៀងធ្លាក់ជោកជាំខ្លាំង នាំឱ្យមានការលំបាកសម្រាប់ព្រះសង្ឃក្នុងការត្រេចចរណ៍បិណ្ឌបាត្រ ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុងព្រះពុទ្ធសាសនា ។
២.ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និងឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។ គេជឿថា គេអាចរួមចំណែកដ៏សំខាន់ និងយ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះសម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបានតាមរយៈបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ។ ដោយសារតាមរយៈបុណ្យនេះ ពួកមនុស្សដែលមកពីគ្រប់និន្នាការ និងពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និង រកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និងតួនាទីការងារប្រចាំថ្ងៃ នៃបុគ្គលនិងបុគ្គល គ្រួសារនិងគ្រួសារ ឬ សហគមន៍មួយនិងសហគមន៍ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យ អាចារ្យ គណៈកម្មការ ឬ ព្រះសង្ឃជាអ្នកសម្របសម្រួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ( ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេលវេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈពេលដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួនដូច ជាបុណ្យបំបួសកុលបុត្រជាដើម ដែលគេអាចធ្វើនៅពេលណាក៏បាន ) ។
៣.ដើម្បីឧទ្ទិសកុសលដល់បុគ្គល ( អ្នកខ្លះសំដៅលើប្រេត ) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាឲ្យដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថាបុណ្យកាន់ បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឡើយ គឺគេហៅថា បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបម្រុងបច្ច័យបួនចំពោះព្រះសង្ឃ ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាន នាង វិសាខា និង មហាសេដ្ឋី ឈ្មោះអនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់ គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា ។
នៅប្រទេសកម្ពុជា យើងមិនបានដឹងច្បាស់ ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីសម័យណាមកទេ ប៉ុន្តែគេអាចឃើញមានការលេចចេញជារូបរាងពេញលេញជាផ្លូវការនៃបុណ្យនេះឡើងនៅក្នុងសម័យព្រះបាទហរិរក្សរាមាធិបតី អង្គឌួង ( ព.ស ២៣៩១-២៤០៤, គ.ស ១៨៤៨-១៨៥៩ រាជ្យពង្សសាវតារកម្ពុជា ) ។ ទោះយ៉ាងណា តាមការសិក្សាសិលាចារឹកប្រាសាទអង្គរក៏គេឃើញថា មានការធ្វើបុណ្យនេះដែរ ។ ដោយហេតុនេះ ទើបត្រូវគេចាត់ទុកថា នៅសម័យអង្គរ ប្រជាជនខ្មែរបានប្រារព្ធពិធីបុណ្យរួចទៅហើយ ។
ប្រេត
ប្រេត សំដៅដល់បុគ្គលដែលស្លាប់ទៅហើយ កើតនៅក្នុងអបាយភូមិមួយប្រភេទ ដោយសារអំពើបាបដែលគេបានធ្វើកាលនៅរស់ ហើយរងទុក្ខវេទនា ដោយក្តីស្រេកឃ្លានជាអាលជ្ជី អស់កាលជាអង្វែងឆ្នាំរហូតដល់រាប់ម៉ឺនឆ្នាំ ។ មានភាពមិនទាន់ចុះសម្រុងគ្នាមួយចំនួននៅក្នុងបរិបទនៃប្រេតនេះ ( នៅទីនេះ យើងពោលដល់តែអ្នកដែលជឿថាមានជាតិមុខ និងទេវតា មាននរក ប្រេត ឬ ជឿថា មានបុណ្យ មានបាបជាដើមតែប៉ុណ្ណោះ ។ ចំពោះអ្នកដែលមិនជឿ យើងមិនបកស្រាយនៅទីនេះឡើយ ) ដោយអ្នកខ្លះបានលើកឡើងថា នៅរដូវបុណ្យកាន់បិណ្ឌនេះ ពួកប្រេតទាំងឡាយត្រូវបានយមបាល ( ដែលត្រូវបានគេយល់ថាជាអ្នកគ្រប់គ្រង និងធ្វើទណ្ឌកម្ម ពួកប្រេតនៅឋាននរក ) ដោះលែងឲ្យត្រឡប់មករកកូនចៅ សាច់ញាតិ គ្រួសារ លុះចប់បុណ្យនេះ ពួកយមបាលនឹងចាប់យកពួកប្រេតទាំងនោះទៅឋាននរកវិញ ។ ពួកប្រេតទាំងនោះ ជាសត្វដែលមានសេចក្តីស្រេកឃ្លានជាខ្លាំង ហើយបានមករង់ចាំទទួលអាហារដែលកូនចៅ សាច់ញាតិ គ្រួសារធ្វើបុណ្យឧទ្ទិសឲ្យ ។ បន្ទាប់ពីទទួលអាហារ ចំណីជាដើមដែលកូនចៅឧទ្ទិសឲ្យហើយ ពួកប្រេតទាំងនោះនឹងឲ្យពរដល់អ្នកនៅរស់ឲ្យមានក្តីសុខចម្រើនជាភយោភាព ។ ផ្ទុយទៅវិញ ប្រសិនបើពួកប្រេតទាំងនោះដើររកគ្រប់៧វត្ត ហើយមិនឃើញកូនចៅរបស់ខ្លួនឧទ្ទិសបុណ្យ ឬ អាហារចំណីឲ្យទេនោះ ពួកគេក៏នៅជាទុក្ខជាពន់ពេកដោយសេចក្តីស្រេកឃ្លាន និង ដាក់បណ្តាសាដល់កូនចៅដែលនៅរស់ ។ ប៉ុន្តែមានអ្នកខ្លះបានបដិសេធទាំងស្រុងចំពោះទស្សនៈខាងលើនេះ ។
នៅខណៈដែលយើងមិនទាន់អាចលើកយកភស្តុតាងជាក់ស្តែងមកបង្ហាញបាន ពោលគឺមិនអាចនាំយកប្រេតមកសួរនាំដើម្បីជម្រះក្តីសង្ស័យទាំងនេះបាននោះ យើងនឹងធ្វើការសិក្សាដោយយកលទ្ធិដែលជាការបង្រៀនរបស់ព្រះពុទ្ធជាកត្តាវិនិច្ឆ័យ ។
តាមគម្ពីរព្រះពុទ្ធសាសនាបានអះអាងថា ពុំមានការដោះលែងពួកប្រេតទេ ព្រោះតាមការពិតទៅ នឹងថាមានពួកយម បាលជាអ្នកគ្រប់គ្រងពួកគេដូចជាអ្នកជាប់ពន្ធនាគារនោះក៏ទេដែរ ប៉ុន្តែអំពើបាបកម្មរបស់ពួកគេទេតើដែលជាអ្នកឃាឃាំងពួកគេឲ្យនៅជាប្រេតរហូតអស់កម្ម ទើបរួចពីប្រេតនោះទៅដោយឯកឯងពុំមានអ្នកដោះលែងឡើយ ។ ទោះ យ៉ាងណាព្រះពុទ្ធសាសនាបានបង្រៀនថា ប្រសិនបើមានសាច់ញាតិ កូនចៅរបស់បុគ្គលដែលកើតជាប្រេតនោះបានធ្វើបុណ្យកុសលឧទ្ទិសឲ្យពួកគេ ហើយពួកគេបានទទួលអនុមោទនាត្រេកអរចំពោះបុណ្យនោះ ពួកគេក៏អាចបានរួចផុតពីប្រេតនោះបានដែរ (សុត្តន្តបិដកភាគ៥៦ =បេតវត្ថុ ) ។
ហេតុនេះបើតាមសេចក្តីនេះយើងគប្បីនិយាយថា មិនមែនពួកប្រេតទាំងឡាយត្រូវបានយមបាលដោះលែងឲ្យរួចខ្លួននៅក្នុងអំឡុងបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះឡើយ ប៉ុន្តែពួកគេអាចរួចចាកពីកំណើតជាប្រេតនៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ បានដោយសារពួកគេអនុមោទនា ពោលគឺមានក្តីត្រេកអរនឹងទទួលយកបុណ្យដែលគ្រួសារឧទ្ទិសជូនពីលោកនេះទៅ ព្រោះពេលនេះជាពេលដែលកូនចៅ ឬ គ្រួសារធ្វើបុណ្យ ពោលគឺការ ផ្គត់ផ្គង់ព្រះសង្ឃ និងការធ្វើទានផ្សេងៗដល់អ្នកទុរគតនានាជាដើម ( ចូរកុំយល់ច្រឡំថា លុះតែធ្វើបុណ្យកាន់បិណ្ឌទើបអាចជួយពួកគេឲ្យរួចចាកពីកំណើតជាប្រេតបាន ឯបុណ្យផ្សេៗទៀតមិនអាចជួយបាន ) ។
ចំពោះទស្សនៈដែលថា ប្រសិនបើពួកប្រេតដើររកគ្រប់៧វត្តហើយមិនឃើញសាច់ ញាតិ កូនចៅរបស់ខ្លួន ឧទ្ទិសកុសល និង អាហារចំណីឲ្យទេ នឹងដាក់បណ្តាសានោះ យើងក៏អាចអះអាងថា ពុំមានដែរ គឺពុំមានទាំងការដោះលែងពួកប្រេត ពុំមានទាំងប្រេតដើររកកូនចៅនៅតាមវត្តរហូតដល់៧វត្តដែរ ( សូមសិក្សាអត្ថន័យរបស់ប្រេតឲ្យ យល់ច្បាស់ ដើម្បីឲ្យបានដឹងថា តើពួកប្រេតរស់នៅទីណាផង ) ។ ទោះយ៉ាងណា យើងមិនគួរអះអាងទេថា ទស្សនៈនៃការដោះ លែងប្រេត និងពួកប្រេតដាក់បណ្តាសានោះថាជាការឥតប្រយោជន៍ ថាជាការមិនពិត ឬ ថាជាការកុហកបោក ប្រាសឡើយ ។ យើងតោងគិតពិចារណាក្នុងនាមជាមនុស្សម្នាក់ថា បុគ្គលជាប្រេតទាំងនោះអាចជាសាច់ញាតិ ឬ ជាឪពុកម្តាយជាទីគោរពស្រឡាញ់របស់យើង ជាអ្នកមានគុណរបស់យើង ។
ពួកគេទៅកើតជាប្រេត រងទុក្ខវេទនាជាអលជ្ជី ហើយយើងបែរជានៅសម្ងំសុខនោះ តើជាការគប្បីដែរឬយ៉ាងណា ? ម្យ៉ាងវិញទៀត បើតាមគម្ពីរព្រះពុទ្ធសាសនា បានបង្ហាញឲ្យឃើញថា អ្នកដែលទៅកើតជាប្រេត ដោយសារតែអំពើបាបកម្មដែលពួកគេបានសាងកាលពួកគេនៅជាមនុស្ស ។ បើយើងពិនិត្យតទៅទៀតនោះ យើងនឹងបានឃើញថា ភាគច្រើននៃអំពើបាបដែលពួកគេបានធ្វើនោះ គឺដោយសារតែការប្រកបការងារដើម្បីរកទ្រព្យសម្បត្តិទៅចិញ្ចឹមកូន ឬ ប្រពន្ធ-ប្តី ។ ហេតុនេះយើងអាចនិយាយថា ភាគច្រើននៃបុគ្គលដែលកើតជាប្រេតនោះ គឺកើតដោយសារកូន ឬ ប្រពន្ធ-ប្តី ហើយអាចជាអ្នកមានគុណចំពោះយើងដោយប្រការណាមួយផង ។
ដូច្នេះ ក្នុងនាមយើងជាកូនចៅដែលបានមានជីវិតហើយពួកគាត់ត្រូវធ្លាក់នរក ប្រេតដោយសារយើង ហើយយើងមិនបានធ្វើអ្វីម្យ៉ាងដើម្បីជួយពួកគាត់វិញទេនោះ យើងនឹងមានឈ្មោះថា ជាបុគ្គលអកត្តញ្ញូ ព្រោះមិនបានដឹងគុណ ឬ មិនបានតបគុណចំពោះអ្នកដែលមានគុណលើខ្លួនហើយ ។ នៅក្នុងការ បង្រៀន របស់ព្រះពុទ្ធសាសនាបានពោលថា ភាពជាបុគ្គលអកត្តញ្ញូ ជាហេតុនាំមកនូវក្តីវិនាស។ ប្រហែលជាការណ៍នេះទេដឹង ដែលអ្នកខ្លះនិយាយថា ត្រូវបណ្តាសារពួកប្រេតនោះ ។
ផលប្រយោជន៍បុណ្យកាន់បិណ្ឌ៖
ទោះជាបុណ្យកាន់បិណ្ឌនេះមិនត្រូវបានធ្វើឡើងដោយសារជាការកំណត់ ឬ បញ្ញត្តិរបស់ព្រះពុទ្ធក្តី ក៏បុណ្យនេះគ្មានអ្វីខ្ទាស់នឹងពុទ្ធប្បញ្ញត្តិដែរ ហើយក៏មានផល ប្រយោជន៍ច្រើនប្រការផង ។
-ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលគង់ចាំវស្សា ហើយជាពេលដែលមានភ្លៀងធ្លាក់មានការ លំបាកសម្រាប់ព្រះសង្ឃក្នុងការត្រេចរបិណ្ឌបាត្រ ។
-រក្សាទំនៀមទម្លាប់ខ្មែរ ( ព្រោះវាជាបុណ្យប្រពៃណីខ្មែរ ) ។
-ឲ្យមនុស្សគ្រប់រូបតាំងចិត្តបំពេញសេចក្តីល្អ កុំឲ្យលុះក្នុងក្តីប្រមាទ
-ឲ្យមនុស្សមានស្មារតីកត្តញ្ញូ ( ដឹងគុណ ) នឹកឃើញគុណដល់អ្នកដែលធ្លាប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ ទាំងអ្នកដែលនៅរស់
-បណ្តុះស្មារតីឲ្យមនុស្សលះបង់សេចក្តីអាក្រក់គ្រប់យ៉ាង
-បង្កើតឱកាសឲ្យសាច់ញាតិទាំងឡាយដែលរស់នៅទីផ្សេងគ្នាមានពេលអាចស្កាត់រកគ្នា ជួបជុំគ្នាដើម្បីបានដឹងពីសុខទុក្ខរបស់គ្នាទៅវិញទៅមក
-បង្កើតមានឯកភាព និងសាមគ្គីភាពថ្នាក់ជាតិទាំងមូល៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|