. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ប្រាសាទគោក​ងាវ នៅ​ខេត្ត ​បុរីរម្យ​
August 29, 2014 (10:04:21) [ 1430 ]
 
 
ព្រះរាជាណាចក្រ​កម្ពុ​ជាស​ព្វ​ថ្ងៃ ក៏ដូចជា​នៅ​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​ថៃ ឡាវ និង វៀតណាម​ខាងត្បូង គឺមាន​សិ​ល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​ជាច្រើន ដែល​ត្រូវបាន​ស្ថាបនា​ឡើង​គ្រប់​សម័យកាល​ទាំងអស់ តាំងពី​កកើត​ប្រទេស​ជា​លើកដំ​បូង​​បង្អស់​រហូត​ដល់​បច្ចុប្បន្នភាព​។ ក្នុង​វិស័យ​ស្ថាបត្យកម្ម​បុរាណ​មាន​ប្រាង្គ​ប្រាសាទ និង​មូលនិធិ​សង្គម​ជាច្រើន តែ​នៅទីនេះ​យើង​គ្រាន់តែ​សូម​លើក​ប្រាសាទ​តែមួយ​មក​អធិប្បាយ នៅ​ខេត្ត​បុរីរម្យ គឺ​ប្រាសាទគោក​ងាវ​ប៉ុណ្ណោះ​។​

​គោលបំណង​សំខាន់​របស់​អត្ថបទ​នេះ គឺ​បង្ហាញ​នូវ​សារសំខាន់​តែ​សំណង់​ស្ថាបត្យកម្ម​នេះ ដែល​ស្ថិតនៅ​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រុកភូមិ ដែល​យើង​បាន​ពិនិត្យ​សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ ១៩៨៣​មកម្ល៉េះ​។ តាមពិតទៅ ប្រាសាទ​នេះ គេ​រកឃើញ និង​អភិរក្ស​តាំងពី​ឆ្នាំ ១៩៣៤​មកម្ល៉េះ ក៏ប៉ុន្តែ​វត្តមាន​ពុំ​ត្រូវបាន​គេ​ដឹងឮ​ប៉ុន្មាន​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា ប្រាសាទគោក​ងាវ ឬ​ប្រាសាទ​ថ្ម ភូមិ​គោក​ប្រាសាទ​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​គោក​ងាវ ឃុំ​ផ្គាំ (​ប្រាះ​គាំ​) ស្រុក​ផ្គាំ ប្រមាណ​ជា ៣​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​។ គេ​បាន​រកឃើញ​នូវ​សិលាចារឹក​នៅក្នុង​បរិវេណ​នៃ​បុរាណ​ស្ថាន ដែល​បង្ហាញ​ឲ្យ​ដឹងថា សំណង់​នេះ គឺជា​អ​រោ​គ្យ​សាលា (​មន្ទីរពេទ្យ​) មួយ សាងសង់ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​យ៉ាង​ប្រាកដ​។ ប្រភព​សិលាចារឹក​នៃ​ប្រាសាទគោក​ងាវ បានបញ្ជាក់​ឲ្យ​ដឹងថា មានការ​ថ្វាយ​អំណោយ​ចំពោះ​អ​រោ​គ្យ​សាលា​នេះ ដោយ​មន្ត្រីជាន់ខ្ពស់​ម្នាក់ មាន​គោរមងារ កម្រ​តែង​អញ​ស្រី​ជ័យ​វ​ម្ម​ទេវៈ នៅ​មហាសករាជ ១១១៥ ដែល​ត្រូវ និង​ឆ្នាំ ១១៩៣​នៃ​គ​.​ស​.​។​

​ដោយ​បែរមុខ​ទៅរក​ទិសខាងកើត ហើយ​សាងសង់​អំពី​ថ្មបាយក្រៀម ប្រាសាទគោក​ងាវ​មាន​រាង​ជា ៤​ជ្រុង​ទ្រវែង ហើ​យ​ដូច​សំណង់​ដទៃៗ​ឯទៀត​ក្នុងសម័យ​នោះ គេ​ឃើញ​មាន​គោ​បុ​រៈ ឬ​ទ្វារ​ចូល​ពីរ​បាក់បែក រាង​ជា​កាក់បាទ មួយ​នៅ​ខាងកើត និង​មួយទៀត​ខាងលិច ដែល​រលុះ ធ្វើ​អំពី​ថ្មបាយក្រៀម​។ ប្រាសាទគោក​ងាវ ហ៊ុមព័ទ្ធ​ទៅដោយ​កំពែង​ពីរ​ជាន់ កំពែង​ខាងក្នុង​មាន​ទំហំ ២៥​ម៉ែត្រ គុណ ២៥​ម៉ែត្រ រីឯ​កំពែង​ខាងក្រៅ ៤០​ម៉ែត្រ ព្រមទាំង​ស្រះ​មួយ​នៅ​ពីមុខ ដែលមាន​ទំហំ ១០០​ម៉ែត្រ គុណ ៥០​ម៉ែត្រ​។ ស្រះ​នេះ​ស្ថិត​ឆ្ងាយ​ពី​ប្រាសាទ​ប្រមាណ ៥០​ម៉ែត្រ ហើយ​មាន​ទំហំ ប្រ​មាណ ១០០​ម៉ែត្រ គុណ ១៥០​ម៉ែត្រ​។​

​ថ្វីត្បិតតែ​ស្ថិត​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បន្តិច បូជនីយដ្ឋាន​នេះ​នៅតែ​ទទួល​ការ​រាប់អាន​ពី​សំណាក់​អ្នក​ស្រុកភូមិ​ជិត​ឆ្ងាយ ដែល​តែងតែ​មក​បន់ស្រន់​មិន​ដាច់​។ តែ​មុន​ឈានទៅ​កាន់​តួ​ប៉ម​កណ្តាល គេ​ត្រូវតែ​សំពះអ្នកតា​នៅមុខ​ក្លោងទ្វារ​ចូល​ជា​មុនសិន ព្រោះ​អ្នកស្រុក​ខ្មែរ​បុរីរម្យ​ជឿថា បុគ្គល​ណា​ដែល​មិន​ថ្វាយបង្គំ ប្រតិបត្តិ តាម​ទំនៀមទម្លាប់​ប្រជាប្រិយ​ទេ បុគ្គល​នោះ​នឹង​ល្មើសច្បាប់​យ៉ាង​ជាក់ច្បាស់ ហើយ​អាចនឹងទទួល​នូវ​បាបកម្ម ទោះបីជា​មក​ថ្វាយបង្គំ​ព្រះពុទ្ធ​រូប​នៅ​ទីនោះ​ក្តី​។​បើ​ក្នុងពេលដែល​គេ​មក​ថ្វាយបង្គំ​ព្រះពុទ្ធ​បដិមា ដែល​ស្ថិតក្នុង​ប្រាង្គ​ទោល​ខាងលើ បន្ទាប់ពី​ការសំពះ​អ្នកតា​រួច​នោះ បុគ្គល​នោះ​នឹង​បាន​បុណ្យ​ច្រើន​មួយ​ជា​ទ្វេ​រដង​។​

​ដូចនេះ ទោះបីជា​លទ្ធិ​ព្រះពុទ្ធ​មហាយាន​ត្រូវបាន​ជំនួស​ដោយ​លទ្ធិ​ហិន​យាន​ថេរវាទ​ក្តី ក៏​យើង​ឃើញ​អ្នកស្រុក​ស្រែ​ចំការ​រមែង​តែ​មក​សំពះ​ព្រះពុទ្ធ​អង្គ និង​អ្នកតា ដែល​តំណាង​ឲ្យ​ដូនតា​ម្ចាស់​ស្រុក​រក្សា​ប្រាសាទ​នៅទីនេះ​។ ម្យ៉ាងវិញ​ទៀត ទោះបីជា​ពួកគេ ជា​ពុទ្ធសាសនិក​ក៏ដោយ ក៏​នៅតែ​គោរពបូជា​អ្នកតា​ចាស់​ស្រុក​ដែល​បាន​ក្លាយទៅជា​ឆ្មាំ​នៃ​កន្លែង​ពិសិដ្ឋ​ខាងលើ​នេះដែរ​។

​ចំពោះ​យើងៗ​យល់ថា ជំនឿ​របស់​ប្រជានុរាស្ត្រ​នៅទីនេះ មាន​លក្ខណៈ​សំយោគ​យ៉ាង​ប្រាកដ​។ យ៉ាងណាមិញ គ្មាន​ការបែងចែក​ឲ្យ​បានច្បាស់លាស់​រវាង​ព្រះពុទ្ធ​អង្គ និង​អ្នកតា​ម្ចាស់​ស្រុក ដែល​សុទ្ធសឹងតែ​តំណាង​ឲ្យ​អង្គភាព​ស័ក្តិសិទ្ធិ គួរ​ឲ្យ​គោរព​សក្ការៈបូជា​ជាទីបំផុត​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter