ពិភពលោកនឹងស្គាល់ ប្រាសាទបុរាណកម្ពុជា កាន់តែច្បាស់ ថែមទៀត នៅលើ Google
|
April 05, 2014 (08:55:04)
|
[ 1472 ] |
|
|
|
|
រូបភាពដ៏ប្រណីតៗ នៃតួប្រាសាទរបស់កម្ពុជា ប្រមាណជា ១០០ប្រសាទ នៅក្នុងទីក្រុងសៀមរាប ដ៏រុងរឿង រួមទាំងប្រាសាទអង្គរវត្តផងនោះ បានមានវត្តមាននៅក្នុងទំព័រ Street View (https://www. google.com/maps/views) និងវិទ្យាស្ថានចងក្រងវប្បធម៌ (Google Culture Institute) (https://www. google. com/cultural institute/home ?view=grid) របស់ Google ហើយ។ ការដាក់បញ្ចូលប្រាសាទបុរាណរបស់ខ្មែរ កម្ពុជា លើទំព័ររបស់ Google ទាំងពីរនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យមនុស្សជាតិនៅលើពិភពលោកបានស្គាល់ កាន់តែច្បាស់ថែមទៀត អំពីប្រាសាទបុរាណដ៏ប្រណីតរបស់ខ្មែរ ហើយអាចនឹងជួយទាក់ទាញភ្ញៀវទេសចរ អន្តរ ជាតិកាន់តែច្រើន តាមផ្ទាំងទស្សនីយភាព នៃរូបភាពទាំងអស់នេះ។
ពិធីសម្ពោធដាក់បង្ហាញ និងប្រើប្រាស់ជាផ្លូវការនូវរូបភាពស្ទ្រីតវីយូ (Street View Imagery) នៃតំបន់អង្គរដ៏ល្បី ល្បាញ នៅលើផែនទី Google Maps និងនៅក្នុងគម្រោងអច្ឆរិយវត្ថុពិភពលោក (World Wonder Project) របស់វិទ្យាស្ថានចងក្រងវប្បធម៌ (Google Culture Institute) របស់ Googleត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ លើទឹកដីអង្គរ ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់។
អ្នកជំនាញការរបស់ Google បានបញ្ជាក់ថា តាមរយៈរូបភាព Street View ដ៏ថ្មីសន្លាងនេះប្រជាជនជុំវិញពិភព លោក អាចទស្សនាកម្សាន្តលើបណ្តាញអ៉ីនធឺណិតនូវតំបន់ប្រាសាទប្រវត្តិសាស្ត្រអង្គរ និងអាចគយគន់តួប្រាសាទ ព្រមទាំងចម្លាក់នានាយ៉ាងជាក់ស្តែង តាមប្រព័ន្ធរូបភាពឌីជីថល ៣៦០ដឺក្រេ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជាតិសាសន៍ដទៃ ក៏អាចស្វែងយល់បន្ថែមទៀតផងដែរ អំពីបេតិកភណ្ឌប្រវត្តិសាស្ត្រ និង វប្បធម៌ អង្គរដ៏ សម្បូរបែប តាមរយៈវិចិត្រសាលនិម្មិត លើបណ្តាញអ៉ីនធឺណិតនៅក្នុងគម្រោងអច្ឆរិយវត្ថុរបស់ Google។
លោក មែនិក ហ្គូបតា (Manik Gupta) ប្រធានគ្រប់គ្រងផលិតផល នៃ Google Map (https://www. google. com/maps/preview) បានមានប្រសាសន៍ថា «យើងសង្ឃឹមថា ប្រជាជនកម្ពុជា និងប្រជាជនទូទាំងពិភពលោក អាចស្វែងយល់ពីកេរ្តិ៍មរតកវប្បធម៌ និង កេរ្តិ៍តំណែលបុរាណរបស់ប្រទេសកម្ពុជា តាមវិធីដ៏ថ្មីសន្លាងនេះ។
មិនថាតែការទស្សនាឡើងវិញ នៅតាមតំបន់ប្រសាទ ដ៏ល្បីល្បាញ ដូចជាប្រាសាទបាយ័ននាឱកាសបុណ្យចូល ឆ្នាំថ្មីនេះ ឬក៏ការសិក្សាពីចម្លាក់ក្បាច់រាប នៃរឿងរាមកេរ្តិ៍ ក្នុងឈុតឆាកសមរភូមិទីក្រុងលង្ការនាបរិវេណប្រាសាទ អង្គរវត្តប៉ុណ្ណោះទេ Street View គឺអាចជួយលោកអ្នកឲ្យធ្វើការរុករក និងស្វែងយល់ពីបេតិកភណ្ឌអង្គរដ៏សម្បូរ បែបនេះ បានយ៉ាងងាយស្រួលជាងមុនផងដែរ»។
រូបភាពដែលជាផ្ទាំងទស្សនីយភាព នៃប្រាសាទបុរាណរបស់ខ្មែរ នឹងមានដាក់តាំងនៅលើគម្រោងអច្ឆរិយវត្ថុពិភព លោក (World Won ders Project) នៃវិទ្យាស្ថានចងក្រង វប្បធម៌របស់ Google ដែលអ្នកប្រើប្រាស់អាចចូល ទៅមើលយ៉ាងលម្អិត ពីចម្លាក់សិល្បៈដ៏ល្បីល្បាញ ដូចចម្លាក់រឿងកូរសមុទ្រទឹកដោះ ឬក៏ចម្លាក់រឿងសមរភូមិកុរុ សេត្រា (Battle of Kuru kshetra)។ អ្នកចូលចិត្តសិល្បៈ នឹងកោតសរសើររូបភាពពិព័រណ៍ ទាក់ទងនឹងប្រាសាទ អង្គរវត្តជិត ៣០០ ផ្ទាំង ដែលតាំងនៅក្នុងវិទ្យាស្ថានចងក្រងវប្បធម៌ រួមមានដូចជារូបភាពសខ្មៅនៃប្រាសាទជាច្រើន ថតតាំងពីទសវត្សរ៍ទី៤០ ក៏ដូចជាស្នាដៃបង្ហាញរបស់សិល្បករនានា ដែលរៀបរាប់ពីជីវិតនាយុគសម័យអង្គរ (https://www.goog le.com/culturalinstitute/entity/%2Fm%2F019xfl)។
លោក អាមិត ស៊ូដ (Amit Sood) អគ្គនាយក នៃវិទ្យាស្ថានចងក្រងវប្បធម៌របស់ Google បានថ្លែងថា «បេសក កម្មរបស់វិទ្យាស្ថានចងក្រងវប្បធម៌ គឹដើម្បីធ្វើឲ្យបេតិកភណ្ឌនានា នៅលើពិភពលោក ងាយស្រួលក្នុងការរុករក ស្វែងយល់ និង ដើម្បីអភិរក្សតាមលក្ខណៈឌីជីថល សម្រាប់បន្សល់ទុកដល់អ្នកជំនាន់ក្រោយ។ តាមរយៈការបង្ហាញ លើបណ្តាញអ៉ីនធឺណិត នូវទស្សនីយភាពនៃតំបន់អង្គរ ដែលជានិមិត្តរូប ដ៏អស្ចារ្យបំផុតរបស់ប្រទេសកម្ពុជាយើង សង្ឃឹមថា នឹងអាចទាក់ទាញប្រជាជនទូទាំងពិភពលោក ឲ្យស្វែងយល់បន្ថែមទៀតអំពីពិភពសិល្បៈ និងវប្បធម៌ខ្មែរ ដែលជាទីគាប់ចិត្តនេះ»។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បច្ចេកវិទ្យា Street View របស់ Google នឹងជួយជំរុញឲ្យប្រជាជនកម្ពុជាកាន់តែច្រើនឡើង ក៏ដូចជាប្រជាជនទូទាំងពិភពលោកស្វែងយល់ បន្ថែមពីតំបន់វប្បធម៌ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យជាច្រើនរបស់កម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្រ្តីមួយរូបចូលចិត្តស្វែងយល់ និងសិក្សាពីបច្ចេកវិទ្យាដែរនោះបាន មានប្រសាសន៍បន្តថា «ខ្ញុំជឿជាក់ថា ឆន្ទៈនេះ នឹងរួមចំណែកធ្វើឲ្យមានសន្ទុះកំណើន នៃវិស័យទេសចរណ៍របស់ យើង ដែលជាវិស័យមួយកំពុងតែជំរុញកំណើនសេដ្ឋកិច្ច និងការងារគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំក៏សង្ឃឹមដែរថា គម្រោងស្រ្ទីតវីយូនេះ នឹងលើកទឹកចិត្ត ព្រមទាំងជួយជំរុញយុវជន និងយុវនារីខ្មែរកាន់តែ ច្រើន ជាងមុន ឲ្យស្វែងយល់បន្ថែមទៀត ពីបណ្តាញអ៉ីនធឺណិត និងខ្នះខ្នែងអភិវឌ្ឍន៍ជំនាញបច្ចេកទេសរបស់ពួកគេ»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា តាមរយៈគម្រោងស្ទ្រីតវីយូ លើបណ្តាញអ៊ិន ធឺណិត នឹងផ្តល់ឱកាសក្នុងការចែករំលែក នូវអច្ឆរិយវត្ថុដ៏អស្ចារ្យរបស់កម្ពុជា ជាមួយអ្នកទស្សនាចំនួនច្រើនជាងមុន ដែលពុំធ្លាប់មាន។
លោករដ្ឋមន្រ្តីថ្លែងបន្តថា «ការមើលឃើញបណ្តុំចំនួនជាងរាប់ពាន់រូប ទស្សនីយភាពគ្រប់ជ្រុង និងទំហំធំច្បាស់នៃ តំបន់ដ៏ល្បីល្បាញ និងគួរឲ្យកត់សម្គាល់បំផុតរបស់កម្ពុជា នឹងជួយជំរុញឲ្យភ្ញៀវទេសចរ មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនជាងមុន ព្រមទាំងជួយអ្នកដែលបានទស្សនាហើយ ឲ្យស្គាល់ពីតំបន់ថ្មីៗ ដែលទើបរុករកឃើញ»។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធ ដែលដកស្រង់ប្រសាសន៍ដោយក្រុមហ៊ុន Google បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្រ្ត និងវប្បធម៌ អច្ឆ រិយវត្ថុពិភពលោកជាង ១០០កន្លែង នៅអង្គរ ត្រូវបានចងក្រងយ៉ាងទូលំទូលាយតាមបែបឌីជីថល និងមានភាព ងាយស្រួលសម្រាប់មនុស្សគ្រប់រូប ស្វែងយល់នៅលើបណ្តាញអ៉ីនធឺណិត។
លោក ប៊ុន ណារិទ្ធ បានបន្តយ៉ាងដូច្នេះ «យើងទន្ទឹងនឹងស្ថាបនាបន្តពីសមិទ្ធិផលនេះព្រមទាំងអភិរក្ស និងចែក រំលែក ឲ្យបានកាន់តែច្រើនជាងមុន នូវបទពិសោធន៍នៃប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរជូនដល់ប្រជាជនកម្ពុជាក៏ដូច ជាប្រជាជនទូទាំងពិភពលោក»។
ក្រុមហ៊ុន Google ក្រុមហ៊ុនដ៏ល្បីលើពិភពលោក ក្នុងការវិនិយោគតាមប្រព័ន្ធអ៊ិនធឺណិតនោះ បានសម្តែងនូវក្តី សង្ឃឹមថា ការនាំមកនូវបច្ចេកវិទ្យា Street View នេះនឹងផ្តល់ជូនប្រជាជនកម្ពុជានូវសេវាផែនទីតាមរយៈបណ្តាញ អ៊ិនធឺណេត ដែលអាចបំពេញតាមតម្រូវការ និងមានអត្ថប្រយោជន៍សម្រាប់ពួកគេព្រមទាំងជួយជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសនេះ តាមរយៈផែនទីប្រកបដោយលក្ខណៈល្អប្រសើរជាងមុន និង ជួយបង្កើនភាពល្បីល្បាញ របស់ប្រទេសកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ដ៏លេចធ្លោមួយសម្រាប់ប្រជាជននៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា Street View គឺជាផ្នែកដ៏ពិសេសមួយរបស់ Google Maps ដែលត្រូវបានដាក់ ឲ្យប្រើ ប្រាស់នៅ ៥៥ប្រទេសរួចមកហើយ។ វាអាចជួយឲ្យមនុស្សរាល់គ្នាស្វែងយល់ និងរុករកលើបណ្តាញ អ៊ិនធឺណិត នូវតំបន់ ដែលមាននៅលើផែនទីតាមរយៈរូបទស្សនីយភាពដងវិថីគ្រប់ជ្រុងជ្រោយពោលគឺ៣៦០ដឺក្រេ។
Google បានបើកបររថយន្តផ្តិតយករូបភាពតាមដងវិថីនានានៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៣ ដើម្បីបញ្ចូល ទៅក្នុង Google Map នាពេលអនាគត ហើយក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះ ក៏មានគោលបំណង ផ្តិតយកគ្រប់រូប ភាពទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
វិទ្យាស្ថានចងក្រងវប្បធម៌របស់ Google (Google Cultural Institute) មានគោលដៅសំខាន់ក្នុងការបង្កើតនូវ បច្ចេកវិទ្យា ដែលអាចជួយឲ្យសហគមន៍ វប្បធម៌នៅក្នុងពិភពលោក នាំយកកេរ្តិ៍មរតកវប្បធម៌ កម្រងសំណុំឯកសារ ទីតាំងបេតិកភ័ណ្ឌនានា និងសម្ភារៈផ្សេងៗទៀតទៅកាន់បណ្តាញអ៊ិនធឺណិត។ គួបផ្សំនឹងវត្ថុពិព័រណ៍ជាង ៣៥៦ ពីសំណាក់ដៃគូចំនួន ៤៥៥ទូទាំងពិភពលោក វិទ្យាស្ថានចងក្រងវប្បធម៌ មានគោលបំណងបង្កើនវិសាលភាព និង បរិមាណ នៃសម្ភារៈពីពិភពវប្បធម៌ ដែលអាចឲ្យមនុស្សគ្រប់រូបរុករកស្វែងយល់ នៅលើបណ្តាញអ៊ិនធឺណិត និង ធ្វើឲ្យកេរ្តិ៍តំណែលទាំងនេះ ងាយស្រួលរកឃើញ និងត្រូវបានអភិរក្សយ៉ាងល្អប្រសើរ សម្រាប់មនុស្ស ជំនាន់ ក្រោយ៕
(ប្រភព៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|