ត្រុដិ របាំប្រជាប្រិយខ្មែរ ដែលនិយមលេង នាខែចូលឆ្នាំ ដើម្បីសុំសេចក្តីសុខ និងទឹកភ្លៀង
|
March 29, 2014 (13:22:44)
|
[ 1756 ] |
|
|
|
|
ត្រុដិ គឺជារបាំប្រជាប្រិយខ្មែរ មួយប្រភេទ ដែលភាគច្រើន គេនិយមសម្តែង ក្នុងរដូវចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដើម្បីបួងសួង សុំសេចក្តីសុខ ក៏ដូចជា ដេញនូវឧបទ្រពចង្រៃពីឆ្នាំចាស់ និងនាំសិរីសួស្តីក្នុងឆ្នាំថ្មី។ មិនតែប៉ុណ្ណោះ របាំខ្មែរប្រភេទនេះ ក៏ត្រូវបានគេនិយមលេង ដើម្បីបន់ស្រន់ សុំទឹកភ្លៀង ផងដែរ។
យោងតាមឯកសារ “ត្រុដិ” គឺជាពាក្យដើម មកពីភាសាសំស្ក្រឹត ដែលមានន័យថា “ផ្តាច់” ឬ “កាត់ផ្តាច់” ដែលគេភាគច្រើន ប្រើនៅពេលចូលឆ្នាំថ្មី ដើម្បីផ្តាច់ចោល នូវឧបទ្រពចង្រៃ ផ្លាស់ចូលឆ្នាំថ្មី។ ទន្ទឹមនោះ កាលដើមឡើយ ជនជាតិ “សំរ៉ែ” បានសម្តែងរបាំត្រុដិនេះ ដើម្បីថ្វាយព្រះរាជា នៅរៀងរាល់ពិធីបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសិរីមង្គល។ លុះតំណក្រោយមក ប្រជាជនខ្មែរ បានសម្តែងរបាំនេះ សម្រាប់ប្រសិទ្ធសព្វសារធុការពរ ជូនដល់អ្នកស្រុក ជាទូទៅ ក្នុងឱកាសចូលឆ្នាំថ្មី។
បើតាមការលើកឡើង របស់លោក ជុំ វុឌ្ឍី ប្រធានស្តីទី នៃមន្ទីរវប្បធម៌ រាជធានីភ្នំពេញ បានអោយដឹងថា របាំត្រុដិ គឺជារបាំប្រជាប្រិយខ្មែរ មួយប្រភេទ ដែលតែងតែនិយមលេង គ្រប់កម្មវិធី តាមតម្រូវការ របស់មហាជនទូទៅ។ ប៉ុន្តែ របាំប្រភេទនេះ ច្រើនពេញនិយមលេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដើម្បីដេញឧបទ្រពចង្រៃ ពីឆ្នាំចាស់អោយអស់ និងនាំសិរីសួស្តី ក្នុងឆ្នាំថ្មី។ មិនតែប៉ុណ្ណោះ របាំខ្មែរប្រភេទនេះ ក៏ត្រូវបានគេនិយមលេង ដើម្បីបន់ស្រន់ សុំទឹកភ្លៀង ផងដែរ។
ពាក់ព័ន្ធទៅនឹងចំនួន នៃក្រុមរបាំត្រុដិ នៅរាជធានីភ្នំពេញ ត្រូវបានលោក ជុំ វុឌ្ឍី អះអាងថា មិនទាន់អាចកំណត់ច្បាស់នៅឡើយទេ ដោយសារក្រុមរបាំត្រុដិ ដែលមកចុះបញ្ជី នៅក្រសួងមានចំនួនតិចតួច ប៉ុន្តែនៅពេលចេញសម្តែងម្តងៗ គឺមានចំនួនច្រើនទៅវិញ។
លោកបានបញ្ជាក់ថា ខាងមន្ទីរ គឺមានរបាំត្រុដិតែ ១ ក្រុម ប៉ុណ្ណោះ ដោយចែកចេញជា ២ វង់ គឺវង់តូច និងវង់ធំ អាស្រ័យទៅតាមការនិយម របស់មហាជន និងតាមចំនួនមនុស្ស ដែលត្រូវសម្តែង។ ហើយក្រុមរបាំត្រុដិរបស់ មន្ទីរវប្បធម៌រាជធានី មិនទាន់មានគេអញ្ជើញ អោយទៅសម្តែង នៅទីកន្លែងណាមួយនៅឡើយទេ ទាល់តែកៀកពិធីចូលឆ្នាំ ទើបមាន។
បើតាមការលើកឡើង របស់លោក ជុំ វុឌ្ឍី ការសម្តែងរបាំត្រុដិ គឺតួសម្តែងចែកចេញជា ២ ក្រុមគឺ ក្រុមបុរស និងក្រុមនារី។ ក្នុងនោះ អ្នកជួតក្រម៉ា ដោតស្លឹកឈើជុំវិញ ជ្រៀកស្លឹកចេក ព័ន្ធចង្កេះ ហើយស្លៀកប៉ឹង ដើរតួជាព្រានព្រៃ និងអ្នកពាក់ស្នែងប្រើស ទន្សោង ដើរតួជាសត្វប្រើស និងទន្សោង។ ក្រុមរាំស្ត្រី មានតួឯកចំនួន ២ នាក់ ស្លៀកចងក្បិន ពាក់អាវពណ៌ ពាក់ម្កុដ ឬកញ្ចាំង ពាក់សង្វាមុខ លាបម្សៅ ដៃកាន់កន្ទុយក្ងោក។ តួនាង ឬ តួរង ស្លៀកពាក់ និងការតុបតែង ប្រហាក់ប្រហែលនឹងតួឯកដែរ តែប្លែកគ្នា ត្រង់ក្បាលពាក់របៃ។ ចំពោះឧបករណ៍សម្តែង មានដូចជា ៖ កញ្ឆារៈ , ចង្ក្រង់ដំបែ , ចង្ក្រង់រ៉ូង , ស្គរអារក្ស , ប៉ីពក , ទ្រអ៊ូ ទ្រសោ និងសន្ទួច។
សូមបញ្ជាក់ថា របាំត្រុដិ គឺជារបាំប្រពៃណីរបស់ខ្មែរ ដែលមានអាយុកាល ចំណាស់មួយ មានកំណើតពីមនុស្សជាន់ដើមមួយពួក ហៅថា “សំរ៉ែ” ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់ តាំងពីដែនដីនេះ មិនទាន់ទទួលអារ្យធម៌ ពីប្រទេសឥណ្ឌានៅឡើយ។ សព្វថ្ងៃ ជនជាតិនេះ មានរស់នៅតិចតួច នៅក្នុងភូមិភាគខាងកើត បឹងទន្លេសាប ក្បែរខេត្តសៀមរាប ដែលជារាជធានីចាស់។ ចាប់ពីដើមសម័យអង្គរ រហូតមកដល់បច្ចុប្បន្ន របាំត្រុដិ បានរីកសាយភាយ និងមានប្រជាប្រិយភាព នៅទូទាំងប្រទេសកម្ពុជា៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|