. . . . . .
.
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ដំណាំ​ម្លិះ មិនមែនជា​មុខរបរ​ចំបង តែ​អាច​ដោះស្រាយ​ជីវភាព​បាន
February 25, 2014 (11:24:29) [ 1344 ]
 
 
សព្វថ្ងៃនេះ គេ​អាច​និយាយបានថា នៅ​ភូមិ​កោះក្របី​១ និង​ភូមិ​ព្រែក​ថ្មី​១ ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី​​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ អាច​ដាំ​ម្លិះ​បាន​ផ្កា មក​ផ្គត់ផ្គង់​ទីផ្សារ​នានា ក្នុង​ទីក្រុង​ភ្នំពេញ បាន​ទាំងមូល ព្រោះ​ការដាំ​ម្លិះ វា​មាន​លក្ខណៈ​ងាយស្រួល ហើយ​វា​បាន​ទទួលផល យ៉ាងតិច​ក៏​បី​ឆ្នាំ​ដែរ​។

​ដំណាំ​ម្លិះ គឺ​ទាមទារ​ឲ្យ​អ្នក​ដាំ ត្រូវ​លើកដី​ស្រស់ ជា​ដី​ទីទួល ដែល​មិន​ជាំ​ទឹក ទាំង​ខែប្រាំង និង​រដូវវស្សា ដើម្បី​ចៀសវាង​ការនាំ​ឲ្យ​វា​ងាប់ ហើយ​កា​ដាំ​ម្លិះ​មួយដង អាច​ទទួលផល​ផ្កា បាន​យ៉ាងហោច​​ណាស់​ពី​បី​ឆ្នាំ រហូតដល់​ប្រាំពីរ​ឆ្នាំ​ឯណោះ បើសិនជា​គេ​ថែ​វា បានល្អ​មិន​ឲ្យ​វា ជាំ​ទឹក ឬ​លិច​ទិ​ក​នោះ​។​

​អ្នកភូមិ​ទាំងនោះ ភាគច្រើន មិនបាន​បណ្តុះ​កូន​ម្លិះ ដោយ​ខ្លួនឯង​ទេ គឺ​គេ​ទិញ​កូន​ពី​អ្នក​បណ្តុះ​កូន​លក់ ដើម្បី​យក​​មក​ដាំ​។ ក្នុង​កូន​ម្លិះ​មួយ​ដើម តំលៃ​ពី ប្រាំ​រយ ទៅ ប្រាំពីរ​រយ​ហាសិប​រៀល​។ ការដាំ​ម្លិះ ត្រូវបាន​គេ​ធ្វើឡើង​នៅពេល​ល្ងាច ពីព្រោះ វា​ប្រសើរឡើង​ជាង​ពេល​ថ្ងៃ ដែល​កូន​ម្លិះ មិនអាច​ទ្រាំទ្រ​នឹង​កំដៅថ្ងៃ បណ្តាល​ឲ្យ​វា​ងាយ​នឹង​ងាប់​។​

​បើ​និយាយ​ពី​វិធី​ធ្វើ​ដី​ដាំ​ម្លិះ​វិញ គេ​មិនចាំបាច់​ភ្ជួរ ឬ​កាប់​ផ្លាក​ហាល​ដី ច្រើនដង​ទេ គឺ​ភ្ជួរ ឬ​កាប់​ផ្លាក​ដី តែមួយ​ដង ហើយ​ហាល​ពីមួយ​សប្តាហ៍ ទៅ​ដប់​ថ្ងៃ បាន​ហើយ​។ បន្ទាប់មក គេ​អាច​ពូនដី ជា​រង ឬ មិនបាច់​ពូន​រង ក៏បាន​ដែរ គឺ​គេ​កាប់​រណ្តៅ​រាក់ៗ មួយ​ចប ឬ ពីរ​ចប កាប់​រួច​ដាក់​កូន​ដាំ ស្រោច​ទឹក ជាការ​ស្រេច​។ គេ​ដាំ​កូន​ម្លិះ ឃ្លាត​ពីគ្នា​ពី​គុម្ព​មួយ ទៅ​គុម្ព​មួយទៀត ប្រវែង​មួយ​ម៉ែត្រ ទៅមួយ​ម៉ែត្រ​កន្លះ​។ ដើម​ម្លិះ គេ​ដាំ​នៅលើ​ដី​វាល ឬ​គេ​អាច​ដាំ នៅតាម​ចន្លោះ​ដើម​មាន ក៏បាន​ដែរ ឲ្យ​តែ​ដី​នោះ មិន​លិច​ទឹក​។​

​ឈ្មោះ ឈួន សុខ​ឃឿន ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ជា​កសិករ​ម្នាក់ ដែល​ប្រកប​របរ​ដំណាំ​ម្លិះ រស់នៅ​ភូមិ​កោះក្របី​១​សង្កាត់​ព្រែក​ថ្មី ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ថ្លែងថា ដំណាំ​ម្លិះ មិន​ពិបាក​ដាំ​ទេ គឺ​ងាយស្រួល​ដាំ​ណាស់​។ មុនដំបូង គេ​ត្រូវ​ជ្រើស​រើសយក​ដី ដែល​ខ្ពស់​ជា​ដី​ទីទួល មិន​ដក់​ទឹក ត្រូវធ្វើ​ដី​ឲ្យ​រៀបស្មើ កុំ​ឲ្យ​មាន​ដក់​ទឹក ហើយ​ភ្ជួរ ឬ​កាប​ផ្លាក់ ហាល​ពីមួយ​សប្តាហ៍ ទៅ ដប់​ថ្ងៃ ហើយ​គេ​ដាក់​លាមក​គោ​ក្រៀម រួច​គេ​ពូន​រង ឬ មិនបាច់​ពូន​រង​ក៏បាន​ដែរ ចំពោះ​ការដាំ គេ​កាប់​រណ្តៅ​មួយ​ចប ឬ​ពីរ​ចប កាប់​ហើយ​ដាក់​ដាំ​កូន​ម្លិះ រួច​ស្រោច​ទឹក ជាការ​ស្រេច​។​

​គាត់​បាន​បញ្ជាក់ថា កូន​ម្លិះ​ដែល​គាត់​យកមក​ដាំ​នេះ គឺ​គាត់​មិនបាន​បណ្តុះ​កូន ដោយ​ខ្លួនឯង​ទេ​។ គាត់​បាន​ទិញ​កូន ពី​អ្នក​បណ្តុះ​លក់​។ កូន​ម្លិះ​មួយ​ដើម​តំលៃ ប្រាំពីរ​រយ​ហាសិប​រៀល​។ កូន​ម្លិះ វា​ងាយ​រស់​ណាស់ ឲ្យ​តែ​យើង​ស្រោច​ទឹកជា​ប្រចាំ​។ លុះ​រហូត​វា​លូតលាស់​ចេញ​ត្រួយ មានកំ​លាំង​បន្តិច គេ​ចាប់ផ្តើម​ដាក់​ជី​អ៊ី​រ៉េ ក្នុង​មួយ​គុម្ព គឺ​មួយ​ស្លាបព្រា​តូច​។ ការថែទាំ ចំពោះ​ខែប្រាំង មិនមាន​ភ្លៀង​ធ្លាក់ គេ​ត្រូវ​បូមទឹក ដាក់​បី​ទៅ​បួន​ថ្ងៃ​ម្តង​។ តែ​ចំ​ខែវស្សា មាន​ភ្លៀង​ធ្លាក់ គេ​មិនសូវ​បូមទឹក​ដាក់​ទេ ត្រូវ​ពិនិត្យមើល​ស្លឹក និង​ត្រួយ​របស់​វា​។ បើ​មាន​ដង្កូវ គេ​បាញ់ថ្នាំ​កំចាត់​វា ដោយ​លាយថ្នាំ​ជំនួយ​ត្រួយ និង​ផ្កា​វា​ផង​។ លុះ​ដើម​ម្លិះ មាន​អាយុ​ប្រហែល​ប្រាំពីរ​ខែ ទៅមួយ​ឆ្នាំ ទើប​ម្លិះ​ចេញ​ផ្កា អាច​ប្រមូល​ផល​បាន​។ ការប្រមូល​ផល គេ​ត្រូវ​បេះ​ផ្កា​វា ជា​រៀងរាល់ថ្ងៃ​។ បើ​យើង​បេះ​មិនទាន់ ផ្កាម្លិះ​នឹង​រីក អត់​មាន​តំលៃ​។​

​ខណៈដែល​កំពុង​ប្រមូល​ផល ក៏ត្រូវ​បាញ់ថ្នាំ​កំចាត់​ដង្កូវ ក្នុង​មួយ​សប្តាហ៍ ទៅ​ដប់​ថ្ងៃ​ម្តង​។ ការបាញ់​ថ្នាំ​កំចាត់​ដង្កូវ ត្រូវ​លាយថ្នាំ​ជំនួយ​ត្រួយ និង​ផ្កា​របស់​វា​។ ម្លិះ​ដើម​ចាស់​វា​មិន​ចេញ​ផ្កា​ទេ គេ​ត្រូវ​កាប់​លះ​វា ហើយ​បូមទឹក​ដាក់​ជី បាញ់ថ្នាំ​ជំនួយ​ត្រួយ បើ​មាន​ត្រួយ​ច្រើន ផ្កា​ក៏​ចេញ​ច្រើន​ដែរ​។ នៅ​រដូវវស្សា ខែត្រជាក់ ម្លិះ​មិនសូវ​ចេញ​ផ្ការ​ទេ​។ តែបើ​ក្នុង​រដូវក្តៅ​វិញ ម្លិះ​ចេញ​ផ្កា​ច្រើន​។ ថ្វីត្បិតតែ​រដូវ​ត្រជាក់ ម្លិះ​មិនសូវ​ចេញ​ផ្កា តែ​ផ្កាម្លិះ​ក៏មាន​តំលៃ​ដែរ​។

​លោក ទូច ឈុំ ប្រធានភូមិ​កោះក្របី​១ បាន​ថ្លែងថា ដំណាំ​ម្លិះ ថ្វីត្បិតតែ​មិនមែនជា​មុខរបរ​ចំបង តែ​វា​អាច​ដោះស្រាយ​ជីវភាព​បានដែរ​។ វា​អាច​ដោះស្រាយ ទាំង​ម្ហូប​អហារ ស្រូវ​អង្ករ បុណ្យ ការ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ នៅក្នុង​ភូមិ​កោះក្របី​១ របស់គាត់ ប្រជាពលរដ្ឋ ស្ទើរ ៨០ ភាគរយ ដែល​ចាត់​​ទុក​មុខរបរ​ដំណាំ​ម្លិះ ជា​មុខរបរ​ចំបង​។ ពីព្រោះ​ដំណាំ​នេះ វា​ងាយស្រួល​ដាំ និង​ថែទាំ​ណាស់ ហើយ​ផ្កា​របស់​វា ក៏មាន​តំលៃ​ទៀតផង​។ នៅក្នុងរ​វ​ដូ​វ​ត្រជាក់ ផ្កាម្លិះ ក្នុង​មួយ​គី​ឡួ​ក្រាម អាចមាន​តំលៃ​ពី ប្រាំបី​ម៉ឺន ទៅ​ដប់​ម៉ឺន​រៀល​​ឯណោះ​។ តែ​ចំពោះ​ខែ​ក្តៅ​វិញ សព្វថ្ងៃនេះ ផ្កាម្លិះ ចុះថោក ក៏​នៅត្រឹម​ពី ពីរម៉ឺន​ប្រាំ​ពាន់​រៀល ទៅ​បី​ម៉ី​ន​រៀល​ដែរ ក្នុង​មួយ​គីឡូក្រាម​។​

​លោក​ប្រធានភូមិ បាន​ថ្លែង​ទៀតថា នៅក្នុង​រដូវក្តៅ ហេតុអ្វី​បាន​ផ្កាម្លិះ ចុះថោក ពីព្រោះ​ក្នុង​រដូវ​នេះ គឺ​ផ្កាម្លិះ​សំបូរ​​ដោយសារ​ម្លិះ ចេញ​ផ្កា​ច្រើន ហើយ​ក្នុង​រដូវ​នេះ​ទៀតសោត ក៏​មិនសូវមាន​បុណ្យទាន​ដែរ​។ វា​ខុសពី​រដូវវស្សា ព្រោះ​រដូវវស្សា ជា​រដូវ​ត្រជាក់ ម្លិះ​មិនសូវ​ចេញ​ផ្កា ហើយ​គឺជា​រដូវ​មួយ មិន​សំបូរ​ទៅដោយ​បុណ្យទាន​ច្រើន ដូច្នេះ​ទើប​ផ្កាម្លិះ​ឡើងថ្លៃ គឺ​ជួនកាល ឡើងដល់​ថ្នាក់​យើង ស្មាន​មិន​ដល់​ទៀតផង​។ ផ្កាម្លិះ ភាគច្រើន គេ​យកទៅ​ចាក់​ធ្វើ​កំរងផ្កា​ពាក់ ក និង​បូជា​ព្រះ​។ ក្រៅពីនេះ គេ​តែង​យកទៅ​ចាក់​ជា​បាច់​​ផ្កា ជា​កង​ផ្កា​តូច សំរាប់​ជូន​គូសង្សារ មិត្ត​ភ័ក្តិ បងប្អូន ជីដូន​ជីតា ឪពុកម្តាយ ឬ​យកទៅ​ប្រើប្រាស់ ដាក់​ក្នុង​ទឹកមន្ត​ប្រសិទ្ធី​រំដោះគ្រោះ​ចង្រៃ​។​

​លោក​ប្រធានភូមិ បាន​បន្តទៀតថា នៅក្នុង​ភូមិ​នេះ ចំពោះ​ប្រជាពលរដ្ឋ ខ្លាច​តែ​អ្នក​មិន​ឧស្សាហ៍​ព្យាយាម​ទេ ដែល​ត្អូញ​ថា មិនមាន​ការងារ​ធ្វើ​នោះ​។ បើសិន អ្នក​ឧស្សាហ៍​វិញ គឺ​មិន​ខ្វះ​ការងារ​ធ្វើ​ទេ​។ បើ​ឆ្លៀត​ពេលទំនេរ ស៊ី​ស្នួល​បេះ​ផ្កា​ឲ្យ​គេ​ក៏បាន ៥.០០០ រៀល (​ប្រាំ​ពាន់​) ដែរ ក្នុង​ផ្កាម្លិះ​មួយ​គីឡូក្រាម​។ បើ​អ្នក​ឧស្សាហ៍​រៀន​ចាក់​ផ្កា រហូត​ចេះ​ចាក់​ផ្កា ហើយ​ស៊ីឈ្នួល​ចាក់​ផ្កា​ឲ្យ​គេ ចាក់​បាន​មួយ ដែល​ប្រវែង ៣ តឹក តំលៃ ៤០០ រៀល​(​បួន​រយ​) ហើយ​ក្នុង​មួយថ្ងៃ គេ​ចាក់​បាន​ពី​ប៉ែតសិប​ដែក ទៅមួយ​រយ​ដែក សរុបទឹកប្រាក់ ពី​បី​ម៉ី​ន​ជាង ទៅ​បួន​ម៉ី​ន​ដែរ​។ ការចាក់​នេះ គឺ​យក​ដែក​ស្រដៀង​ម្ជុលដេរ​បាវ​ប្រវែង​បី​តឹក ចាក់​ដោត​នឹង​គល់​ទង​ផ្កា ហើយ​ទាញ​អែម​ជាប់ៗ​គ្នា សំរាប់ធ្វើ​កំរងផ្កា​ផ្សេងៗ​។​

​ពាក់ព័ន្ធ​នឹង​មុខរបរ​ដំណាំ​ផ្កាម្លិះ​នេះ លោក​លីវ វ៉ាន់​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី បាន​ថ្លែងថា ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​របស់លោក មាន​ចំនួន ៣.៤៥០ គ្រួសារ ហើយ​មាន​ប្រជាពលរដ្ឋ ប្រមាណ ៣៥% ដែល​ប្រកប​របរ​ដំណាំ​ផ្កាម្លិះ​នេះ​។ ភាគច្រើន គឺ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​កោះក្របី​១ និង​ភូមិ​ព្រែក​ថ្មី​មួយ ដែល​ប្រកប​របរ​ដំណាំ​ផ្កាម្លិះ ច្រើនជាងគេ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter