ប្រជាពលរដ្ឋខ្មែរ មិនសូវចាប់អារម្មណ៍ ចូលទស្សនាសារមន្ទីរជាតិ
|
December 14, 2013 (07:05:14)
|
[ 1405 ] |
|
|
|
|
វត្ថុបុរាណ រួមទាំងវត្ថុដ៏មានតម្លៃជាច្រើនទៀត ដែលសុទ្ធសឹងជាវត្ថុមិនអាចកាត់ថ្លៃបាន ដែលត្រូវបានគេប្រមូលពីគ្រប់ទិសទី ក្នុងប្រទេស និងខិតខំប្រមូលមកពីប្រទេសដទៃទៀត យកមករក្សាទុកនិងដាក់នៅក្នុងសារមន្ទីរជាតិ ដើម្បីទុកឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសក្មេងៗ ជំនាន់ ក្រោយៗ បានស្គាល់ បានដឹង និងសម្រាប់ទុកឲ្យសិស្សានុសិស្សបានសិក្សាស្រាវជ្រាវ ពីវត្ថុដ៏មានតម្លៃនេះ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនោះគឺ ប្រជាពលរដ្ឋខ្មែរមួយចំនួន មិនសូវជាចាប់អារម្មណ៍ ចូលទៅទស្សនានៅសារមន្ទីជាតិ នេះទេ។
សារមន្ទីរជាតោបានស្ថិតនៅក្បែរព្រះបរមរាជវាំងនាឧត្តរទិស។ ទោះបីជាសារមន្ទីរជាតិ ជាកន្លែងរក្សាទុកនូវត្ថុបុរាណ មិនមែនជាកន្លែងកំសាន្ត ដូចជាទីតាំងផ្សេងក៏ដោយ ប៉ុន្តែសារមន្ទីរជាតិ មានដាក់តាំង កេរ្តិ៍ដំណែលជាច្រើន ដែលដូនតាយើងបានបន្សល់ទុក ស្ទើរតែគ្រប់សម័យកាល ដូច្នេះគួរតែប្រជាជនខ្មែរយើង ជាពិសេសយុវវ័យ ងាកមកយកចិត្តទុកដាក់ឲ្យបានល្អ ព្រោះវត្ថុទាំងនេះ បើមានលុយទិញ ក៏ពិបាកនឹងរកទិញបានដែរ។
អ្នកគ្រប់គ្រងនៅទីនោះបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានភ្ញៀវបរទេសចូលទស្សនាសារមន្ទីរជាតិនេះ រាប់រយនាក់ ចំណែកភ្ញៀវក្នុងស្រុក ដែលជាភ្ញៀវ ជាតិយើងវិញមិនសូវមានទេ។ សូម្បីតែអ្នកខ្លះដែលមានផ្ទះនៅជាប់របងសារមន្ទីរក៏ដោយ ក៏មិនដែលឈានជើង ចូលទៅមើលនូវអ្វីដែលជាសម្បត្តិវប្បធម៌ ដ៏មានតំលៃនៅខាងក្នុងនោះដែរ។
បើតាមការសាកសួរសិស្ស និស្សិត យុវជន អ្នកធ្វើការមួយចំនួន អំពីសារមន្ទីរនេះ មានអ្នកខ្លះឆ្លើយថា មិនដែលស្គាល់ទេ។ អ្នកខ្លះស្គាល់តែទីតាំង ប៉ុន្តែមិនធ្លាប់ចូល។ អ្នកខ្លះធ្លាប់ចូលដែរ តែចូលយូរឆ្នាំមកហើយ។ សរុបសេចក្តីមក បានសេចក្តីថា ទាំងសិស្ស និស្សិត ទាំងយុវជន និងអ្នកធ្វើការ ពួកគេមិនបានយកចិត្តទុកដាក់ និងស្វែងយល់ នឹងចាប់អារម្មណ៍អំពីទីនោះឡើយបើទោះជាទីមានតម្លៃពុំអាចកាត់ស្មានបានក៏ដោយ។
យុវជន ជា សម្បត្តិ បានចាកចេញពីស្រុកកំណើត មកបន្តការសិក្សានៅភ្នំពេញ ហើយបច្ចុប្បន្ន គេទទួលបានការងារ ដ៏សមរម្យមួយ។ បើគិតទៅរយៈពេល ជិតដប់ឆ្នាំទៅហើយ គឺ សម្បត្តិ មិនដែលបានចូលទៅ សារមន្ទីរទេ ដោយរូបគេបាននិយាយយ៉ាងខ្លីថា “មិនដែលចូលទៅផង អត់មានអីមើលផង”។
មិនថាតែ សម្បត្តិ ដែលជាអ្នកមកពីខេត្តឆ្ងាយទេ ដែលមិនធ្លាប់ចូលទៅកាន់សារមន្ទីរជាតិនោះ សូម្បីតែ យុវជនឈ្មោះ លី មករា ជាអ្នករស់នៅទីក្រុងភ្នំពេញនេះផ្ទាល់ ក៏មិនដែលបានចូលដែរ។ មករា បានលើកហេតុផលថា “កាលពីមុនជាប់រៀន គ្មានពេលទៅទេ ហើយពេលក៏ជាប់រកស៊ីទៀត ហើយទីនោះវាមិនរត់ទៅណាផង ថ្ងៃណាចូលមើលក៏បាន”។
ចំណែកលោក ឯក សុវណ្ណារិទ្ធ ជាបុគ្គលិកក្រុមហ៊ុនមួយបានឲ្យដឹងថា “វត្ថុបុរាណអ្នកណាក៏ស្រលាញ់ដែរ ហើយសារមន្ទីរជាតិ ពិតជាកន្លែងរក្សាទុកនូវ វត្ថុទាំងនេះយ៉ាងច្រើន ខ្ញុំធ្លាប់ចូលមើលម្តង កាលពីជាង១០មុន។ បច្ចុប្បន្ន ជាប់ការងារផង ហើយថ្ងៃឈប់សម្រាក គឺនាំប្រពន្ធកូន ទៅកំសាន្ត នៅតាមរមណីយដ្ឋានផ្សេង ដោយមិនបានចាប់អារម្មណ៍ នឹងកន្លែងមួយនេះទេ”។
ដូច្នេះតើស្ថាប័នពាក់ព័ន្ធណាខ្លះ ដែលគួរបំផុស ដល់សិស្ស និស្សិត ប្រជាពលរដ្ឋខ្មែរ ដើម្បីបានស្គាល់ និងបានចូលទៅទស្សនា រួមទាំងការយកចិត្តទុកដាក់លើទីតាំងមួយនេះ។
អគារសារមន្ទីរជាតិ មានទីតាំងស្ថិតនៅជាប់ខាងជើង របងព្រះបរមរាជវាំង បើកពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច រៀងរាល់ថ្ងៃ។ ចំពោះសិស្ស និស្សិត ព្រះសង្ឃ និប្រជាពលរដ្ឋ ដែលមកពីខេត្តឆ្ងាយៗ គឺមិនតម្រូវឲ្យបង់ថវិកាថ្លៃសំបុត្រចូលទស្សនាទេ។ រីឯភ្ញៀវជាតិ ម្នាក់ត្រូវបង់ថ្លៃសំបុត្រ ចំនួន៥០០រៀល និងភ្ញៀវបរទេស ត្រូវទិញសំបុត្រចូលទស្សនា តំលៃ ៥ដុល្លារ។
សារមន្ទីរជាតិ ជាសារមន្ទីរប្រវត្តិសាស្ត្រ និងជាសារមន្ទីររក្សាទុកនូវរត្ថុបុរាណ របស់មានតំលៃជាច្រើនស្ទើរតែគ្រប់សម័យកាល សារមន្ទីរជាតិត្រូវបាន កសាងឡើងក្នុងឆ្នាំ ១៩១៧ និងសម្ពោធឲ្យប្រើប្រាស់ដោយព្រះបាទ ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩២០។
សារមន្ទីរជាតិ ជាកនែ្លងរក្សាទុកវត្ថុបុរាណជាច្រើនដែលមានតម្លៃបំផុតរបស់ពិភពលោក ដោយទាក់ទងទៅនឹងស្ថាបត្យកម្មខាងសាសនា និងសិល្បៈខ្មែរ ជាច្រើនសម័យកាល ដែលជា ក្តេរ៍ដំណែលដ៏មានតម្លៃ និងជាការឆ្លុះបង្ហាញនូវប្រវត្តិសាស្ត្រខ្មែរ ដើម្បីទទួលស្វាគមន៍ភ្ញៀវ ទេសចរណ៍។ សារមន្ទីរជាតិ មានទីធ្លាបួនផ្នែក ខណ្ឌចែកពីគ្នាដោយសួនច្បារ ផ្ទុកនូវវត្ថុបុរាណជាច្រើនប្រភេទ។
សារមន្ទីរនេះក៏មានតួនាទីបម្រើឲ្យវិស័យសាសនាផងដែរ ព្រោះមានរក្សាទុកនូវរូបចម្លាក់ ព្រះពុទ្ធ និងរូបចម្លាក់ បែបសាសនាហិណ្ឌូ សំខាន់ៗជាច្រើន រួមមានពុទ្ធបដិមារក្រោយសម័យអង្គរ ដែលអង្គការយូណេស្កូបានជួយគាំទ្រ បានបើកឡើងនៅឆ្នាំ២០០០ ជាអគារ ដែលរចនាតាមស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ហើយបានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ ដែលជាស្នាដៃសិល្បៈខ្មែរដ៏អស្ចារ្យបំផុតនៅលើពិភពលោករួមមាន រូបចម្លាក់ សេរ៉ាមិក សំរិទ្ធ និងរបស់របរដែលមានតាំងពីមុនសម័យបុរេប្រវត្តិ រហូតដល់មុនកំឡុងពេល និងក្រោយពេលអាណាចក្រខ្មែរ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|