. . . . . .
.
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

.
អូសទីក្រុង​វ័យ​ចំណាស់​ជាង​ទីក្រុង​រ៉ូម របស់ប្រទេស​កៀរ​គី​ស្ថាន​ (Kyrgyzstan)
December 08, 2013 (05:10:13) [ 1267 ]
 
 
ទីក្រុង​អូស (Osh) គឺជា​ទីក្រុង​វ័យ​ចំណាស់​មួយ ក្នុងចំណោម​ទីក្រុង​វ័យ​ចំណាស់​ជាច្រើន ​ក្នុង​តំបន់​អាស៊ី​កណ្តាល ហើយ​អ្នក​រស់នៅក្នុង​ទីក្រុង​នេះ​អះអាងថា ទីក្រុង​នេះ​មាន​វ័យចាស់​ជាង​ទីក្រុង​រ៉ូម​របស់​អ៊ីតាលី​ទៅទៀត​។ ការអះអាង​នេះ​ប្រហែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ការពិត​នោះទេ ខណៈដែល​របស់​សេសស​ល់ពី​ប្រវត្តិសាស្ត្រ​បានចង្អុលបង្ហាញ​ថា ការតាំង​ទីលំនៅ​របស់​មនុស្ស​នៅទីនេះ​មាន​តាំងពី​សតវត្សរ៍​ទី ៥ មុន​គ​.​ស​.​។​

​គេ​មិនដឹង​ច្បាស់​ថា​តើ​ទីក្រុង​នេះ​កើតឡើង​ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ​ក៏​មិន​ខ្វះ​ទ្រឹស្តី​អំពី​កំណើត​វា​នោះដែរ​។ ទ្រឹស្តី​មួយចំនួន​និយាយថា ស្តេច សូ​ឡូ​ម៉ុ​ន បាន​បញ្ជា​ឲ្យ​សាងសង់​ទីក្រុង​នេះ ចំណែក​ទ្រឹស្តី​ដទៃទៀត​បាន​លើកឡើងថា ជា​ព្រះ​ចៅ​អធិរាជអា​ឡិច​សង់​ឌឺ ​គឺជា​អ្នក​សាងសង់​។ គ្មានអ្វី​ជា​មន្ទិលសង្ស័យ​នោះទេ​ដែល​ទីក្រុង​អូស​ធ្លាប់ជា​ទីសំចត​ដ៏​សំខាន់​នៅតាម​ផ្លូវ​ស៊ី​ល (Silk Road) ឬ​ផ្លូវ​កំណាត់​សូត្រ​។ នៅត្រឹម​សតវត្សរ៍​ទី ៨ ទីក្រុង​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​មជ្ឈមណ្ឌល​សំខាន់​មួយ​ក្នុងចំណោម​មជ្ឈមណ្ឌល​សំខាន់បំផុត​ជាច្រើន​សម្រាប់​ផលិតផល​កំណាត់​សូត្រ​។ ទីក្រុង​នេះ​ក៏​ធ្លាប់ជា​ទីតាំង​ដ៏​សំខាន់​សម្រាប់​ពូជ​សេះ​ហ្វឺ​ច​ហា​ណា (Ferghana) ដែល​ណែនាំ​ដោយ​លោក ម៉ា​កូ ប៉ូ​ឡូ (Marco Polo) និង ត្រូវបាន​ចាត់ទុកថា​មានតម្លៃ​បំផុត​ដោយ​ក្រុម​អ្នកជំនួញ​ចិន​នៅ​ទិសខាងកើត​។​

សព្វថ្ងៃ កេរ្តិ៍តំណែល​របស់​ផ្លូវ​កំណាត់​សូត្រ​នេះ​បាន​បន្សល់ទុក​នៅ​ផ្សារ​ជេ​ម៉ា បា​ហ្សា (Jayma Bazaar) ដ៏​អស្ចារ្យ ដែល​បច្ចុប្បន្ន​នៅតែ​ជា​ផ្សារ​មួយ​ក្នុងចំណោម​ផ្សារ​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ី​កណ្តាល និង មាន​ភាព​មមាញឹក​បំផុត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។ ផ្សារ​នេះ​គឺជា​ទីកន្លែង​ល្អ​បំផុត​ដើម្បី​ទិញ​របស់របរ​ផ្សេងៗ​មាន​ចាប់ពី​កូនកាំបិត​ផលិត​ក្នុងស្រុក​រហូត ដល់​មួក​ប្រពៃណី​ពណ៌​ស​ខ្មៅ​វែង​ឈ្មោះថា កាល់​ប៉ាក់ (kalpak) ដែល​និយម​ពាក់​ដោយ​បុរស​ជនជាតិ​កៀរ​គី​ស្ថាន​។ ផ្សារ​នេះ​ពេញ​ហៀរ​ដោយ​ផលិតផល​ផ្លែឈើ​តាម​រដូវ​កាលដែល​ដឹក​មកពី​ដី​សម្បូរ​ជីជាតិ​នៃ​តំបន់​ជ្រលង​ហ្វឺ​ហ្គា​ណា (Fergana Valley) ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់កសិកម្ម​ចាស់​ជាងគេ​បំផុត​លើ​ពិភពលោក​។

ដោយ​ដើរកាត់​ទីក្រុង​នេះ អ្នកនឹង​ដើរ​កៀក​ស្មា​ជាមួយ​មនុស្ស​មកពី​អាស៊ី​កណ្តាល​ខុសៗ​គ្នា​ជាច្រើន​នាក់​មិនគួរ​ឲ្យ​ជឿ រួមមាន​ជនជាតិ អ៊ុយ​បេ​គី​ស្ថាន កៀរ​គី​ស្ថាន និង តាជី​គី​ស្ថាន​។ ស្ត្រីៗ​ស្លៀកពាក់​សម្លៀកបំពាក់​ចម្រុះ​ពណ៌​របស់​ពួកគេ​សម្រាប់​ថ្ងៃ​ដើរ​ផ្សារ ចំណែក​បុរសៗ​ក្នុងស្រុក​វិញ​ធ្វើការ​នៅ​រោង​ជាងដែក​នៅតាម​ច្រក​ផ្លូវ​តូចៗ​។ វា​មិនអាច​ទៅរួច​នោះទេ​ដែល​ចាក​ចេញពី​ផ្សា​របា​ហ្សា​ដោយ​មិនបាន​ភ្ល​ស្សរស​ជាតិ​សាច់​អាំង​ឈ្មោះ​កេ​បាប (kebab) និង នំប៉័ង​ដុត​ស្រស់ៗ​ឈ្មោះថា ណាន (Nan)​។

​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់បំផុត​ក្នុង​ទីក្រុង​អូស​គឺ​ផ្ទាំងសិលា​ឈ្មោះថា​សូ​ឡូ​ម៉ុ​ន​ស្រូ​ន (Solomon's Throne) ជា​ផ្ទាំង​ថ្ម​ខ្ពស់​មួយ​ដែលមាន​កម្ពស់​ខ្ពស់ជាង​អគារ​ខ្ពស់ៗ​របស់​ទីក្រុង​នេះ​ទៅទៀត និង ត្រូវបាន​គេ​គិតថា​ជាទី​តាំង​បញ្ចុះសព​របស់​ស្តេច​សូ​ឡូ​ម៉ុ​ន​។ ទីតាំង​នេះ​ក៏​ជាទី​កន្លែង​សំខាន់​នៃ​ធម្ម​យាត្រា​របស់​អ្នក​កាន់សាសនា​អ៊ីស្លាម​ដែរ ព្រោះ​ពួកគេ​ជឿថា​ព្យា​ការី​មហា​ម៉េ​ត​បាន​ថ្វាយបង្គំ​នៅទីនេះ​។ ក្នុង​ឆ្នាំ ១៤៩៧ ស្តេច​នៃ​អាណាចក្រ​ហ្វឺ​ហ្គា​ណា​ព្រះនាម បា​បួរ (Babur) បាន​សាងសង់​ព្រះវិហារ​អ៊ីស្លាម​នៅជាប់​នឹង​ភ្នំ​មួយកន្លែង ហើយ​ជាមួយ​អ្នក​ដែលមាន​សួត និង ជើង​ខ្លាំង គឺ​គេ​អាច​ឡើងទៅ​ដល់ទី​កំពូល​ក្នុង​រយៈពេល​តែ ២០ នាទី​ប៉ុណ្ណោះ និង​ថត​យក​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​នៃ​ទីក្រុង​អូស​។​

ទីក្រុង​អូស​គឺជា​ទីក្រុង​ដែលមាន​ទិដ្ឋភាព​ស្រស់ស្អាត​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី​កណ្តាល ហើយ​ទីក្រុង​នេះ​សក្តិសម​នឹង​ឲ្យគេ​ចំណាយ​ពេលវេលា​ពេញ​មួយថ្ងៃ​ ដើរ​មើលផ្លូវ​ដែល​ពោរពេញ​ដោយ​សឹ្ល​ក​ឈើ និងផ្លូវធំៗ ​នៅតាម​មាត់ទន្លេ​ណាស់​។ អំឡុង​ថ្ងៃ​បុណ្យជាតិ​នានា អ្នក​អាច​ទស្សនា​ល្បែង​ប្រណាំងសេះ​ប្រពៃណី និង ការប្រកួត​បរបាញ់​សត្វ​ឥន្ទ្រី​។ ចេញពី​កន្លែង​នេះ អ្នក​អាច​ចំណាយពេល​ធ្វើដំណើរ​ពេញ​មួយថ្ងៃ​ទៅ​កំពូលភ្នំ​ឡេ​នី​ន (Lenin Peak) កម្ពស់ ៧,១៧៥ ម៉ែត្រ ជា​តំបន់​អស្ចារ្យ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​ភ្នំ និង អ្នក​ចូលចិត្ត​ឡើង​ភ្នំ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter