សត្វក្រៀល នៅរមណីយដ្ឋាន អន្លង់ព្រីង ជាប្រភពទាក់ទាញទេសចរ
|
April 08, 2013 (11:11:34)
|
[ 1654 ] |
|
|
|
|
បឹងអន្លង់ព្រីង ជាទីរមណីយដ្ឋានមួយដោយនាំអារម្មណ៍ភ្ញៀវទាំងឡាយឱ្យស្ថិតក្នុងពិភពរីករាយ ពោរពេញនូវផាសុកភាព ជាមួយការគយគន់ពពួកសត្វក្រៀល និងខ្យល់អាកាសបរិសុទ្ធដែលទទួល យកមិនចេះជិនណាយ។ រមណីយដ្ឋាន មានលក្ខណៈពិសេស ដោយសារតែវត្តមានពពួកសត្វដែលពិភពលោកកំពុងប្រឈមនឹងការបាត់បង់នេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំបឹងសាលាខាងត្បូង និង ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត។
ឱកាសដ៏វិសេសវិសាលសម្រាប់ភ្ញៀវទេសចរទាំងឡាយធ្វើដំណើរកម្សាន្តដើម្បីបានទស្សនាប្រភេទសត្វកម្រនៅរមណីយដ្ឋាននេះ គឺរដូវចូលឆ្នាំខ្មែរ ព្រោះពពួកសត្វ ក្រៀលមានវត្តមានចន្លោះពីខែវិច្ឆិកាដល់ខែឧសភាប៉ុណ្ណោះ។ បន្ទាប់ពីអំឡុងពេលនេះ ហ្វូងសត្វទាំងនោះ នឹងនាំគ្នាវិលត្រឡប់ទៅភាគខាងជើងនៃប្រទេសកម្ពុជាវិញដែលជាវេលានៃការពងកូន។
បឹងអន្លង់ព្រីង ត្រូវបានបង្កើតជាតំបន់គ្រប់គ្រង និងអភិរក្សដែនបម្រុងសត្វក្រៀល ព្រមទាំងសត្វ ស្លាបផ្សេងៗទៀត តាមអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១១ អមជាមួយនឹងការបង្ហាញទីតាំងលើទំហំផ្ទៃដី ២១៧ហិកតា ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី។
ដើម្បីបានទៅដល់ទីកម្សាន្តមួយនេះ ភ្ញៀវទាំងឡាយអាចធ្វើដំណើរដោយទោចក្រយាន ទោចក្រយានយន្ត ឬរថយន្តប្រភេទទេសចរណ៍ បែកចេញពីផ្លូវជាតិលេខ៣១ ត្រង់ចំណុចខាងត្បូងសាលាឃុំអង្គសុរភី ឆ្ពោះចូលផ្លូវច្រកទ្វារទាន់ហន់ ត្រឹមប្រហែល ៥០០ម៉ែត្រ រួចបត់ស្តាំតាមខ្លោងទ្វារវត្តត្រពាំងឈូក បន្តដំណើររហូតដល់វត្តមួយទៀតឈ្មោះថាវត្តថ្មបើក។ នៅខាងកើតទីអារាមនេះ ភ្ញៀវទេសចរទាំងឡាយនឹង ប្រទះឃើញបឹងដ៏ធំល្វឹងល្វើយមួយ នោះគឺបឹងអន្លង់ព្រីង ជាទីជួបជុំនៃពពួកសត្វក្រៀល។
ដោយផ្អែកតាមឯកសាររបស់អង្គការ Bird Life លោក ស៊ឹម័ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានរៀបរាប់ថា ក្រៀលជាប្រភេទសត្វដែលនៅលើពិភពលោកកំពុងឈានទៅរកការផុតពូជ។ ម្ល៉ោះហើយការអភិរក្សជារឿងសំខាន់បំផុត ពិសេសបើធ្វើបាន ថ្ងៃក្រោយជីវភាពប្រជាពលរដ្ឋក្នុងតំបន់នឹងបានធូរធារតាមរយៈការប្រកបរបរផ្សេងៗ បម្រើឱ្យវិស័យទេសចរណ៍។
ពាក់ព័ន្ធនឹងការប្រមូលគ្នាមកកាន់តំបន់បឹងអន្លង់ព្រីងនៃពពួកសត្វក្រៀល លោកនាយខណ្ឌបញ្ជាក់ថា សត្វក្រៀលចូលចិត្តស៊ីមើមប្លុង ជាអាហារ ហើយតំបន់នេះជាប្រភេទដីជូរ មានដុះប្លុងច្រើន និងមានគុម្ពោតព្រៃស្មាច់ជាទីស្នាក់អាស្រ័យរបស់ពួកវា។ ដូច្នេះហើយ ចាប់ពីខែវិច្ឆិកាដល់ខែឧសភា សត្វក្រៀលតែងនាំគ្នាមកទីនេះជាទៀងទាត់ បន្ទាប់ពីនោះពួកវានឹងវិលត្រឡប់ទៅពងកូន នៅភាគខាងជើង នៃប្រទេសកម្ពុជាយើងវិញ។
ក្រៅអំពីពពួកក្រៀល បឹងអន្លង់ព្រីងមានសត្វកម្រពីរប្រភេទទៀត គឺ ត្រយងខ្លួនស និងត្រយងខ្លួនរលោង ព្រមទាំងសត្វស្លាបមានដោយបង្គួរចំនួន៣៨ប្រភេទបន្ថែមផងទៀតដែរ។ លោក ស៊ឹម ឡាប៉័ង រំលឹកថា ដោយកិច្ចសហការរវាងរដ្ឋបាលព្រៃឈើជាមួយអង្គការ Bird Life International ដែលមានលោកសេង គឹមហ៊ត់ ជាប្រធានបានធ្វើការគ្រប់គ្រង និងអភិរក្សសត្វក្រៀលអន្លង់ព្រីង ចាប់តាំងពីឆ្នាំ២០០៤តរៀងមក។ ទន្ទឹមនឹងនេះ អង្គការ Bird Life International ក៏បានសហការជាមួយនឹងដៃគូរបស់ខ្លួន ដូចជា អង្គការតំបន់ដីសើម និងសត្វស្លាបទឹក ជាដើម។
តាមការអង្កេតថ្មីៗនេះ នៅតំបន់អភិរក្ស មានសត្វក្រៀល និងសត្វស្លាបផ្សេងៗ ចំនួន៦២ ប្រភេទ ត្រូវបានកត់ត្រាជាបន្តបន្ទាប់។ ដោយឡែកចំពោះសត្វក្រៀលវិញ មានចំនួនកើនឡើង ដែលក្នុងឆ្នាំ ២០០៤ មានតែ១២៦ក្បាល ឯឆ្នាំ២០១៣នេះ មានរហូតដល់៣២៩ក្បាល។ ការសម្រេចលទ្ធផលគួរជាទីមោទនៈនេះ អាស្រ័យដោយកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋសហគមន៍ ពិសេសកម្លាំងវរសេនាតូច៣០២ ការពារព្រំដែនគោកដែលទប់ស្កាត់បានរាល់បទល្មើសប៉ុនប៉ងបំផ្លាញពពួកសត្វកម្រ ក៏ដូចជាធនធានក្នុងដែននៃតំបន់អភិរក្សនេះ។
លោក ស៊ឹម ឡាប៉័ង មិនភ្លេចថ្លែងអំណរគុណចំពោះអាជ្ញាធរឃុំ ស្រុកដែលអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការស្ថាបនាផ្លូវលំបានល្អស្អាត បង្កលក្ខណៈងាយស្រួលចំពោះប្រជាពលរដ្ឋ ពិសេសសម្រាប់ភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានអន្លង់ព្រីង ប្រកបដោយសុវត្ថិភាព និងសំណូមពរដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ បន្តបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ នូវអត្ថប្រយោជន៍នៃកិច្ចអភិរក្សប្រភេទសត្វកម្រ ដោយបញ្ចៀសឱ្យបានពីការបរបាញ់ ឬដាក់ថ្នាំបំពុលព្រោះតែតម្រូវការដ៏តិចតួចនោះ។
ពាក់ព័ន្ធនឹងការកកើតឡើងនូវរមណីយដ្ឋានអន្លង់ព្រីង លោក សេក ឈិន មេឃុំព្រែកក្រើស បានរៀបរាប់ពីប្រវត្តិថា ដើមឡើយក្នុងផ្ទៃបឹងទាំងមូលមានសុទ្ធតែដើមចាករបស់ប្រជាកសិករ។ នៅឆ្នាំ២០០០ មានជំនន់ដ៏ធំគ្របដណ្តប់លើភូមិសាស្ត្រនេះ ធ្វើឱ្យដើមចាកងាប់អស់ ហើយប្រជាកសិករបានបោះបង់ដីនោះចោល ព្រោះមិនអាចធ្វើអ្វីកើត។ ក្នុងឆ្នាំ២០០១ចាប់ផ្តើមប្រទះឃើញសត្វក្រៀលមួយចំនួនបានហើរមកចុះក្នុងតំបន់នេះ។
ក្រោយមកក៏មានអង្គការ Bird Life បានចុះមកស្រាវជ្រាវ ព្រមទាំងផ្សព្វផ្សាយណែ នាំកុំឱ្យប៉ះពាល់ ឬសម្លាប់ពួកវា ម្ល៉ោះហើយសត្វនេះចេះតែមានវត្តមានជារៀងរហូតមក ។ លោកមេឃុំ បន្តទៀតថា តាំងពីមានសត្វក្រៀលនៅទីនេះភ្ញៀវបរទេសបាននាំគ្នា មកលេង មិនសូវដាច់ទេ។ វេលានៃការសប្បាយសម្រាប់រមណីយដ្ឋាននេះ គឺពេលព្រឹកទេសភាពស្រស់បំព្រង ជាមួយខ្យល់អាកាសបរិសុទ្ធ គ្របដណ្តប់ត្រជាក់កាយពោរពេញដោយផាសុកភាពតាមបែបធម្មជាតិពិតៗ។ លើសពីនោះទៀត ក្នុងអំឡុងចាប់ពីខែវិច្ឆិកាដល់ខែឧសភា ខណៈដែលមានវត្តមានពពួកសត្វក្រៀល ទេសចរទាំងឡាយនឹងបានសប្បាយដោយការគយគន់ពួកវាដើរស៊ីចំណីក្នុងផ្ទៃបឹងទាំងហ្វូងៗ ប្រៀបដូចហ្វូងគោក្របីដែរ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|