. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
បុណ្យកាន់បិណ្ឌ ជា​បុណ្យប្រពៃណី​ខ្មែរ ​មិនមាន​ធ្វើ​នៅ​ប្រទេស​ដទៃ ដូចជា​ថៃ ឡាវ ឬ ភូមា​ឡើយ
September 15, 2014 (10:56:22) [ 1358 ]
 
 
ភ្នំពេញ: ​បុណ្យកាន់បិណ្ឌ​ត្រូវបាន​ហៅ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅតាម​តំបន់ ដោយ​តំបន់​ខ្លះ​ហៅថា​បុណ្យ​ភ្ជុំបិណ្ឌ ខ្លះ​ហៅថា​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ដាក់​បិណ្ឌ ហើយ​នៅ​តំបន់​ខ្លះ​ហៅថា​បុណ្យ​ដូនតា ។ វចនានុក្រម​ខ្មែរ​របស់​សម្តេច ព្រះសង្ឃរាជ​ជួន ណាត ទំព័រ ៣៣៧ បញ្ជាក់​ច្បាស់​ថា​បុណ្យ​នេះ​ហៅ​ឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ​បុណ្យ​ដាក់​បិណ្ឌ​។​

​បុណ្យកាន់បិណ្ឌ​ ឬ​បុណ្យ​ដាក់​បិណ្ឌ ជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក​និកាយ​ថេរវាទ​នៅ​ប្រទេស​កម្ពុជា ហើយ​មិនមាន​ធ្វើ​នៅ​ប្រទេស​ដែល​គោរព​រាប់អាន​ព្រះពុទ្ធសាសនា​ថេរវាទ​ដទៃ ដូចជា​ប្រទេស​ថៃ ឡាវ​ឬ ភូមា​ឡើយ ព្រោះ​វា​មិនមែនជា​បុណ្យ​នៅក្នុង​វិន័យ​បញ្ញត្តិ ។​

​​បុណ្យ​នេះ​ត្រូវបាន​ពុទ្ធសាសនិក​ខ្មែរ​ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ ១​រោច ដល់ ថ្ងៃ​១៥​រោច ខែភទ្របទ​។ ពុទ្ធសាសនិក​ខ្មែរ​ធ្វើបុណ្យ​នេះ​ដោយ​ការយក​ទេយ្យទាន​ផ្សេងៗ​មាន​អាហារ​ជាដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈពេល​១៥​ថ្ងៃ​គត់ ។​

ដោយហេតុ​ពុទ្ធសាសនិក​មានការ​ម​មា​ញឹក​ចំពោះ​កិ​ច្ចា​នុ​កិច្ច​ប្រចាំថ្ងៃ និង ដើម្បី​ធានា ថា ព្រះសង្ឃ​ត្រូវបាន​ផ្គត់ផ្គង់​ជា​ទៀងទាត់​នោះ ទើប​គេ​ចែកជា​ក្រុមៗ ដាក់​វេន​គ្នា​យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់ ថ្ងៃ​១៤​រោច ខែភទ្របទ ហើយ​ឱ្យ​ឈ្មោះថា វេន​ទី​១...​វេន​ទី​១៤ ។ រយៈពេល​១៤​ថ្ងៃនេះ​ឱ្យឈ្មោះ​ថា​បុណ្យកាន់ បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ ។ ចំណែក​ថ្ងៃ​១៥​រោច ដែលជា​ថ្ងៃ​ចុងក្រោយ​នោះ ពុទ្ធសាសនិក​ពី​គ្រប់​វេន​ទាំងអស់​បានមក​ជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា​ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី​១៥ ត្រូវ​នឹង​ថ្ងៃ​១៥​រោច​ខែភទ្របទ ដែលជា​ថ្ងៃ​ចុងក្រោយ​នេះ​ឱ្យ​ឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃ​ភ្ជុំបិណ្ឌ ។​

តាម​អ្នកប្រាជ្ញ​ពុទ្ធសាសនា​ខ្មែរ បុណ្យ​នេះ​ធ្វើឡើង​ក្នុង​បំណង​សំខាន់ៗ​៣ គឺ​៖

​១.​ដើម្បី​ទំនុកបម្រុង​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​វស្សា ដោយហេតុ​រយៈពេល​នេះ​ជា​ពេល​ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង នាំឱ្យមាន​ការលំបាក​ស​ម្រា​ប់​ព្រះសង្ឃ​ក្នុងការ​ត្រេ​ច​ចរណ៍​បិណ្ឌ​បាត្រ ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​សម្រាល​ដល់​ជីវភាព​របស់​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា ។​

​​២.​ដើម្បី​សន្សំ​កុសល ឬ សេចក្តី​ល្អ តាមរយៈ​ការធ្វើ​ទាន​នាឱកាស​នេះ ជាពិសេស​ដើម្បី​បង្កើត​នូវ​សាមគ្គីភាព និង​ឯកភាព ឬ ភាពចុះ​សម្រុង​នៃ​ប្រជាជាតិ​ទាំងមូល ។ គេ​ជឿថា គេ​អាចរួមចំណែក​ដ៏​សំខាន់ និង​យ៉ាង​សាមញ្ញ​ក្នុងការ​ស្វែងរក​ភាពចុះ​សម្រុង​គ្នា​តាំងពី​ថ្នាក់​បុគ្គល រហូតដល់​ថ្នាក់ជាតិ​បាន​តាមរយៈ​បុណ្យកាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ​នេះ​។ ដោយសារ​តាមរយៈ​បុណ្យ​នេះ ពួក​មនុស្ស​ដែល​មកពី​គ្រប់​និន្នាការ និង​ពី​គ្រប់​ជីវភាព មកជួបជុំ​គ្នា​នៅ​ទី​វត្ត​ជាមួយគ្នា បរិច្ចាគ​ទាន​ជាមួយគ្នា សាង​ក្តី​ល្អ​ជាមួយគ្នា សមាទានសីល​ជាមួយគ្នា បរិភោគ​អាហារ​ជាមួយគ្នា ចែករំលែក​គំនិត​យោបល់ និង រក​ដំណោះស្រាយ​ជាមួយគ្នា ចំពោះ​បញ្ហា​ទាំងឡាយណា​ដែល​គេ​មិន​ចុះសម្រុង​គ្នា​នៅក្នុង​ជីវិត និង​តួនាទី​ការងារ​ប្រចាំថ្ងៃ នៃ​បុគ្គល​និង​បុគ្គល គ្រួសារ​និង​គ្រួសារ ឬ សហគមន៍​មួយ​និង​សហគមន៍​ផ្សេង ដោយមាន​ចាស់ព្រឹទ្ធាចារ្យ អាចារ្យ គណៈកម្មការ ឬ ព្រះសង្ឃ​ជា​អ្នកសម្របសម្រួល​ដោយ​យក​ធម៌ និង​វិន័យ​របស់​ព្រះពុទ្ធ​ជា​ខ្នាត​រង្វាស់​ក្នុងការ​វិនិច្ឆ័យ ( ព្រោះហេតុនេះ ទើប​បុណ្យ​នេះ​ត្រូវ​បានកំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ធ្វើ​ក្នុង​រយៈពេល​ដូចគ្នា ប្លែក​ពី​បុណ្យ​ផ្សេងៗ​មួយចំនួន​ដូច ជា​បុណ្យ​បំបួស​កុលបុត្រ​ជាដើម ដែល​គេ​អាចធ្វើ​នៅពេលណា​ក៏បាន ) ។​

​ ​៣.​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុគ្គល ( អ្នកខ្លះ​សំដៅលើ​ប្រេត ) ដែល​បាន​លាចាក​លោក​នេះ​ទៅហើយ ។ ឯកសារ​នានា​ក្នុង​ព្រះពុទ្ធសាសនា​ឲ្យ​ដឹងថា បុណ្យ​នេះ​ត្រូវបាន​ធ្វើឡើង​តាំងពី​ក្នុងសម័យ​ពុទ្ធកាល​មកម្ល៉េះ ប៉ុន្តែ​សម័យ​នោះគេ​មិន​ហៅថា​បុណ្យ​កាន់ បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ ឡើយ គឺ​គេ​ហៅថា បុណ្យ​បវរ​ណា​បច្ច័យបួន ឬ បុណ្យ​ទំនុកបម្រុង​បច្ច័យបួន​ចំពោះ​ព្រះសង្ឃ ដែល​ពុទ្ធបរិស័ទ​ទាំងឡាយនា​សម័យ​នោះ​មាន នាង វិសាខា និង មហាសេដ្ឋី ឈ្មោះ​អនាថ​ប​ណ្ឌិ​ក ជាដើម ធ្វើឡើង​រយៈពេល​៣​ខែ​គត់ គឺ​នៅក្នុង​អំឡុង​ពេលដែល​ព្រះសង្ឃ​កំពុង​គង់​ចាំ​វស្សា ។​

នៅ​ប្រទេស​កម្ពុជា យើង​មិន​បានដឹង​ច្បាស់ ហើយក៏​មិនទាន់​ចុះសម្រុង​គ្នា​ថា បុណ្យ​នេះ​ត្រូវបាន​ធ្វើឡើង​តាំងពី​សម័យ​ណា​មក​ទេ ប៉ុន្តែ​គេ​អាច​ឃើញ​មានការ​លេចចេញ​ជា​រូបរាង​ពេញលេញ​ជា​ផ្លូវការ​នៃ​បុណ្យ​នេះ​ឡើង​នៅក្នុង​សម័យ​ព្រះបាទ​ហរិរក្ស​រាមា​ធិបតី អង្គឌួង ( ព​.​ស ២៣៩១-២៤០៤, គ​.​ស ១៨៤៨-១៨៥៩ រាជ្យ​ពង្ស​សាវតារ​កម្ពុជា ) ។ ទោះយ៉ាងណា តាម​ការសិក្សា​សិលាចារឹក​ប្រាសាទ​អង្គរ​ក៏​គេ​ឃើញថា មានការ​ធ្វើបុណ្យ​នេះដែរ ។ ដោយហេតុនេះ ទើប​ត្រូវគេ​ចាត់ទុកថា នៅ​សម័យអង្គរ ប្រជាជន​ខ្មែរ​បាន​ប្រារព្ធ​ពិធីបុណ្យ​រួចទៅហើយ ។​

ប្រេត​

​ប្រេត សំដៅ​ដល់​បុគ្គល​ដែល​ស្លាប់​ទៅហើយ កើត​នៅក្នុង​អបាយភូមិ​មួយ​ប្រភេទ ដោយសារ​អំពើ​បាប​ដែល​គេ​បានធ្វើ​កាល​នៅរស់ ហើយ​រងទុក្ខវេទនា ដោយ​ក្តី​ស្រេកឃ្លាន​ជា​អាល​ជ្ជី អស់កាល​ជា​អង្វែង​ឆ្នាំ​រហូតដល់​រាប់ម៉ឺន​ឆ្នាំ ។ មាន​ភាព​មិនទាន់​ចុះសម្រុង​គ្នា​មួយចំនួន​នៅក្នុង​បរិបទ​នៃ​ប្រេត​នេះ ( នៅទីនេះ យើង​ពោល​ដល់​តែ​អ្នក​ដែល​ជឿថា​មាន​ជាតិ​មុខ និង​ទេវតា មាន​នរក ប្រេត ឬ ជឿថា មានបុណ្យ មាន​បាប​ជាដើម​តែប៉ុណ្ណោះ ។ ចំពោះ​អ្នក​ដែល​មិន​ជឿ យើង​មិន​បកស្រាយ​នៅទីនេះ​ឡើយ ) ដោយ​អ្នកខ្លះ​បាន​លើកឡើងថា នៅ​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ពួក​ប្រេត​ទាំងឡាយ​ត្រូវបាន​យមបាល ( ដែល​ត្រូវបាន​គេ​យល់ថា​ជា​អ្នកគ្រប់គ្រង និង​ធ្វើ​ទណ្ឌកម្ម ពួក​ប្រេត​នៅ​ឋាននរក ) ដោះលែង​ឲ្យ​ត្រឡប់​មករក​កូនចៅ សាច់ញាតិ គ្រួសារ លុះ​ចប់​បុណ្យ​នេះ ពួក​យមបាល​នឹង​ចាប់យក​ពួក​ប្រេត​ទាំងនោះ​ទៅ​ឋាននរក​វិញ ។ ពួក​ប្រេត​ទាំងនោះ ជា​សត្វ​ដែលមាន​សេចក្តីស្រេកឃ្លាន​ជាខ្លាំង ហើយ​បានមក​រង់ចាំ​ទទួល​អាហារ​ដែល​កូនចៅ សាច់ញាតិ គ្រួសារ​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ ។ បន្ទាប់ពី​ទទួល​អាហារ ចំណី​ជាដើម​ដែល​កូនចៅ​ឧទ្ទិស​ឲ្យ​ហើយ ពួក​ប្រេត​ទាំងនោះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​នៅរស់​ឲ្យ​មាន​ក្តី​សុខ​ចម្រើន​ជា​ភ​យោ​ភាព ។ ផ្ទុយទៅវិញ ប្រសិនបើ​ពួក​ប្រេត​ទាំងនោះ​ដើររក​គ្រប់​៧​វត្ត ហើយ​មិនឃើញ​កូនចៅ​របស់ខ្លួន​ឧទ្ទិស​បុណ្យ ឬ អាហារ​ចំណី​ឲ្យ​ទេនោះ ពួកគេ​ក៏​នៅ​ជា​ទុក្ខ​ជា​ពន់ពេក​ដោយ​សេចក្តីស្រេកឃ្លាន និង ដាក់​បណ្តាសា​ដល់​កូនចៅ​ដែល​នៅរស់ ។ ប៉ុន្តែ​មាន​អ្នកខ្លះ​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ទស្សនៈ​ខាងលើនេះ ។​

​​នៅ​ខណៈដែល​យើង​មិនទាន់​អាច​លើកយក​ភស្តុតាង​ជាក់ស្តែង​មក​បង្ហាញ​បាន ពោលគឺ​មិនអាច​នាំយក​ប្រេត​មក​សួរនាំ​ដើម្បី​ជម្រះក្តី​សង្ស័យ​ទាំងនេះ​បាន​នោះ យើង​នឹងធ្វើ​ការសិក្សា​ដោយ​យក​លទ្ធិ​ដែលជា​ការបង្រៀន​របស់​ព្រះពុទ្ធ​ជា​កត្តា​វិនិច្ឆ័យ ។​

តាម​គម្ពីរ​ព្រះពុទ្ធសាសនា​បាន​អះអាងថា ពុំមាន​ការដោះលែង​ពួក​ប្រេត​ទេ ព្រោះ​តាម​ការពិតទៅ នឹង​ថា​មាន​ពួក​យម បាល​ជា​អ្នកគ្រប់គ្រង​ពួកគេ​ដូចជា​អ្នក​ជាប់ពន្ធនាគារ​នោះ​ក៏​ទេ​ដែរ ប៉ុន្តែ​អំពើ​បាបកម្ម​របស់​ពួកគេ​ទេតើ​ដែលជា​អ្នកឃា​ឃាំង​ពួកគេ​ឲ្យ​នៅ​ជា​ប្រេត​រហូត​អស់កម្ម ទើប​រួច​ពី​ប្រេត​នោះ​ទៅដោយ​ឯកឯង​ពុំមាន​អ្នក​ដោះលែង​ឡើយ ។​ ​ទោះ យ៉ាងណា​ព្រះពុទ្ធសាសនា​បាន​បង្រៀន​ថា ប្រសិនបើ​មាន​សាច់ញាតិ កូនចៅ​របស់​បុគ្គល​ដែល​កើតជា​ប្រេត​នោះបាន​ធ្វើបុណ្យ​កុសល​ឧទ្ទិស​ឲ្យ​ពួកគេ ហើយ​ពួកគេ​បានទទួល​អនុមោទនា​ត្រេកអរ​ចំពោះ​បុណ្យ​នោះ ពួកគេ​ក៏​អាច​បាន​រួច​ផុតពី​ប្រេត​នោះបាន​ដែរ (​សុត្តន្តបិដក​ភាគ​៥៦ =​បេ​ត​វត្ថុ ) ។

ហេតុនេះ​បើតាម​សេចក្តី​នេះ​យើង​គប្បី​និយាយថា មិនមែន​ពួក​ប្រេត​ទាំងឡាយ​ត្រូវបាន​យមបាល​ដោះលែង​ឲ្យ​រួចខ្លួន​នៅក្នុង​អំឡុង​បុណ្យកាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ​នេះឡើយ ប៉ុន្តែ​ពួកគេ​អាច​រួច​ចាក​ពី​កំណើត​ជា​ប្រេត​នៅក្នុង​អំឡុងពេល​បុណ្យកាន់បិណ្ឌ បាន​ដោយសារ​ពួកគេ​អនុមោទនា ពោលគឺ​មាន​ក្តី​ត្រេកអរ​នឹង​ទទួលយក​បុណ្យ​ដែល​គ្រួសារ​ឧទ្ទិស​ជូន​ពី​លោក​នេះ​ទៅ ព្រោះ​ពេលនេះ​ជា​ពេលដែល​កូនចៅ ឬ គ្រួសារ​ធ្វើបុណ្យ ពោលគឺ​ការ ផ្គត់ផ្គង់​ព្រះសង្ឃ និង​ការធ្វើ​ទាន​ផ្សេងៗ​ដល់​អ្នក​ទុរគត​នានា​ជាដើម ( ចូរ​កុំ​យល់ច្រឡំ​ថា លុះតែ​ធ្វើបុណ្យ​កាន់បិណ្ឌ​ទើប​អាចជួយ​ពួកគេ​ឲ្យ​រួច​ចាក​ពី​កំណើត​ជា​ប្រេត​បាន ឯ​បុណ្យ​ផ្សេៗ​ទៀត​មិន​អាចជួយ​បាន ) ។​

​ចំពោះ​ទស្សនៈ​ដែលថា ប្រសិនបើ​ពួក​ប្រេត​ដើររក​គ្រប់​៧​វត្ត​ហើយ​មិនឃើញ​សាច់ ញាតិ កូនចៅ​របស់ខ្លួន ឧទ្ទិស​កុសល និង អាហារ​ចំណី​ឲ្យ​ទេ នឹងដាក់​បណ្តាសា​នោះ យើង​ក៏​អាច​អះអាងថា ពុំមាន​ដែរ គឺ​ពុំមាន​ទាំង​ការដោះលែង​ពួក​ប្រេត ពុំមាន​ទាំង​ប្រេត​ដើររក​កូនចៅ​នៅតាម​វត្ត​រហូតដល់​៧​វត្ត​ដែរ ( សូម​សិក្សា​អត្ថន័យ​របស់​ប្រេត​ឲ្យ យល់ច្បាស់ ដើម្បី​ឲ្យ​បានដឹងថា តើ​ពួក​ប្រេត​រស់នៅ​ទីណា​ផង ) ។​ ​ទោះយ៉ាងណា យើង​មិនគួរ​អះអាង​ទេ​ថា ទស្សនៈ​នៃ​ការដោះ លែង​ប្រេត និង​ពួក​ប្រេត​ដាក់​បណ្តាសា​នោះ​ថា​ជាការ​ឥតប្រយោជន៍ ថា​ជា​ការមិនពិត ឬ ថា​ជាការ​កុហក​បោក ប្រាស​ឡើយ ។ យើង​តោង​គិតពិចារណា​ក្នុងនាម​ជា​មនុស្សម្នា​ក់ថា បុគ្គល​ជា​ប្រេត​ទាំងនោះ​អាចជា​សាច់ញាតិ ឬ ជា​ឪពុកម្តាយ​ជាទីគោរព​ស្រឡាញ់​របស់​យើង ជា​អ្នកមានគុណ​របស់​យើង ។

ពួកគេ​ទៅ​កើតជា​ប្រេត រងទុក្ខវេទនា​ជា​អលជ្ជី ហើយ​យើង​បែរជា​នៅ​សម្ងំសុខ​នោះ តើ​ជាការ​គប្បី​ដែរ​ឬ​យ៉ាងណា ? ​ម្យ៉ាងវិញទៀត បើតាម​គម្ពីរ​ព្រះពុទ្ធសាសនា បានបង្ហាញ​ឲ្យ​ឃើញថា អ្នក​ដែល​ទៅ​កើតជា​ប្រេត ដោយសារតែ​អំពើ​បាបកម្ម​ដែល​ពួកគេ​បាន​សាង​កាល​ពួកគេ​នៅ​ជាម​នុស្ស ។ បើ​យើង​ពិនិត្យ​តទៅទៀត​នោះ យើង​នឹង​បាន​ឃើញថា ភាគច្រើន​នៃ​អំពើ​បាប​ដែល​ពួកគេ​បានធ្វើ​នោះ គឺ​ដោយសារតែ​ការប្រកប​ការងារ​ដើម្បី​រក​ទ្រព្យសម្បត្តិ​ទៅ​ចិញ្ចឹម​កូន ឬ ប្រពន្ធ​-​ប្តី ។ ហេតុនេះ​យើង​អាច​និយាយថា ភាគច្រើន​នៃ​បុគ្គល​ដែល​កើតជា​ប្រេត​នោះ គឺ​កើត​ដោយសារ​កូន ឬ ប្រពន្ធ​-​ប្តី ហើយ​អាចជា​អ្នកមានគុណ​ចំពោះ​យើង​ដោយ​ប្រការ​ណាមួយ​ផង ។

ដូច្នេះ ក្នុងនាម​យើង​ជា​កូនចៅ​ដែល​បាន​មានជីវិត​ហើយ​ពួកគាត់​ត្រូវ​ធ្លាក់​នរក ប្រេត​ដោយសារ​យើង ហើយ​យើង​មិនបាន​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​ពួកគាត់​វិញ​ទេនោះ យើង​នឹងមាន​ឈ្មោះថា ជា​បុគ្គល​អក​ត្ត​ញ្ញូ ព្រោះ​មិនបាន​ដឹងគុណ ឬ មិនបាន​តបគុណ​ចំពោះ​អ្នក​ដែលមាន​គុណ​លើ​ខ្លួន​ហើយ ។ នៅក្នុង​ការ បង្រៀន របស់​ព្រះពុទ្ធសាសនា​បាន​ពោលថា ភាពជា​បុគ្គល​អក​ត្ត​ញ្ញូ ជាហេតុ​នាំមក​នូវ​ក្តី​វិនាស​។ ប្រហែលជា​ការណ៍​នេះ​ទេ​ដឹង ដែល​អ្នកខ្លះ​និយាយថា ត្រូវ​បណ្តាសារ​ពួក​ប្រេត​នោះ ។​

ផលប្រយោជន៍​បុណ្យកាន់បិណ្ឌ​៖

​ទោះជា​បុណ្យកាន់បិណ្ឌ​នេះ​មិន​ត្រូវបាន​ធ្វើឡើង​ដោយសារ​ជាការ​កំណត់ ឬ បញ្ញត្តិ​របស់​ព្រះពុទ្ធ​ក្តី ក៏​បុណ្យ​នេះ​គ្មានអ្វី​ខ្ទាស់​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ដែរ ហើយក៏​មាន​ផល ប្រយោជន៍​ច្រើន​ប្រការ​ផង ។​
​ ​ -​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា ហើយ​ជា​ពេល​ដែលមាន​ភ្លៀង​ធ្លាក់​មានការ លំបាក​សម្រាប់​ព្រះសង្ឃ​ក្នុងការ​ត្រេ​ចរ​បិណ្ឌ​បាត្រ ។​
​ ​ ​-​រក្សា​ទំនៀមទម្លាប់​ខ្មែរ ( ព្រោះ​វា​ជា​បុណ្យប្រពៃណី​ខ្មែរ ) ។​
​ ​ ​-​ឲ្យ​មនុស្ស​គ្រប់រូប​តាំងចិត្ត​បំពេញ​សេចក្តី​ល្អ កុំ​ឲ្យ​លុះ​ក្នុង​ក្តី​ប្រមាទ​
​ ​ ​-​ឲ្យ​មនុ​ស្សមាន​ស្មារតី​ក​ត្ត​ញ្ញូ ( ដឹងគុណ ) នឹកឃើញ​គុណ​ដល់​អ្នក​ដែល​ធ្លាប់​មានគុណ​លើ​ខ្លួន ទាំង​អ្នក​លាចាក​លោក​ទៅហើយ ទាំង​អ្នក​ដែល​នៅរស់​
​ ​ ​-​បណ្តុះ​ស្មារតី​ឲ្យ​មនុស្ស​លះបង់​សេចក្តី​អាក្រក់​គ្រប់យ៉ាង​
​ ​ ​-​បង្កើត​ឱកាស​ឲ្យ​សាច់ញាតិ​ទាំងឡាយ​ដែល​រស់នៅ​ទី​ផ្សេងគ្នា​មាន​ពេល​អាច​ស្កាត់​រកគ្នា ជួបជុំគ្នា​ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់​គ្នា​ទៅវិញទៅមក​
​ ​ ​-​បង្កើត​មាន​ឯកភាព និង​សាមគ្គីភាព​ថ្នាក់ជាតិ​ទាំងមូល​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter