. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ទេវតា​ចុះ នៅ​ថ្ងៃ​ចន្ទ​ទី​១៤ មេសា វេលា​ម៉ោង​៨:៧​នាទី​ព្រឹក​
April 11, 2014 (10:18:55) [ 1350 ]
 
 
ឆ្នាំនេះ​ទេពធីតា​របស់​កបិល​ម​ហា​ព្រហ្ម ដែលជា​ទេពធីតា​ប្រចាំ​ឆ្នាំមមី មាន​ព្រះនាម​ថា “ គោ​រាគៈ​ទេវី ” គ្រឿង​ទ្រង់​និង​ផ្កា អម្ពរ​ពណ៌​លឿង , សៀត​ផ្កាអង្គារបុស្ស , អាភរណៈ កែវ​មុក្តា , ភក្សាហារ​ទ្រង់​សោយ តេ​លំ ប្រេង , ព្រះហស្ត​ស្តាំ​របស់​ទ្រង់​ព្រះខ័ន ឯ​ព្រះហស្ត​ឆ្វេង​ឈើច្រត់ ។ ទ្រង់​គង់​លើ​ខ្នង​ព្យា​គ្ឃៈ ( សត្វ​ខ្លា ) ជា​ពាហនៈ​, នេះ​បើតាម​តម្រា​ដែលមាន​ចែង​ក្នុង​មហាសង្ក្រាន្ត​ផ្លូវការ​។

ប្រការ​គួរកត់សម្គាល់​គឺ នៅ​ឆ្នាំនេះ ពេល​ចូលឆ្នាំ (​ឬ​ដែល​ខ្មែរ​យើង​តែង​ហៅថា​ទេវតា​ចុះ​)​គឺ​មិនមែន​ថ្ងៃទី​១៣​មេសា​ទេ តែ​គឺ​នៅ​ថ្ងៃទី​១៤​មេសា​។​តាម​មហាសង្ក្រាន្ត​ថ្ងៃ​ចូល​ឆ្នាំមមី​ឆស័ក​នឹង​មកដល់​នៅ​ថ្ងៃ​ចន្ទ ១៥​កើត ខែចេត្រ ត្រូវ​នឹង ថ្ងៃទី​១៤ មេសា គ​.​ស ២០១៤ វេលា​ម៉ោង​៨:៧​នាទី​ព្រឹក ដែល​គេ​ហៅ​ផងដែរ​ថា​ថ្ងៃ​មហាសង្ក្រាន្ត ។ ថ្ងៃ​អង្គារ ១​រោច ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៥ មេសា គ​.​ស ២០១៤ ជា​វារៈ​វ័ន​បត ។ ថ្ងៃ​ពុធ ២​រោច ខែ​ចែ​ត្រ​ត្រូវ​នឹង ថ្ងៃទី ២៦​មេសា គ​.​ស​២០១៤ នៅវេលា​ម៉ោង ១២:៩​នាទី ជា​វារៈ​ឡើងស័ក គម្រប់​ជាស​ង្ក្រា​ន​បី​ថ្ងៃ សំរេច​បរិបូ​ណ៍​ចូល​ជា សកល ឆ្នាំមមី ឆស័ក ចុល្លសករាជ ១៣៧៦ មហាសករាជ ១៩៣៦ និង​ព​.​ស ២៥៥៨ បរិបូរណ៍​តទៅ ។​

កាលដើមឡើយ​ខ្មែរ​យើង​ប្រារឰធ្វើ​បុណ្យចូលឆ្នាំ​ក្នុង​ខែ​មិគសិរ ព្រោះ​គេ​កំណត់ យក​ខែ​នេះ​ជា​ខែ​ដើមឆ្នាំ​។ នា​សម័យ​ព្រេងនាយ ឆ្នាំ​នីមួយៗ​ចែកជា ៣​រដូវ តាម​ធម្មតា​គឺ ហេមន្ដរដូវ (​បូ​រា​ណា​ចា​រ្យ លោក​គិត​ខែ ហេមន្ដរដូវ ត្រជាក់​ត្រូវ​ចាត់ទុកជា​រដូវ​ដើមឆ្នាំ​ប្រៀបបាន​នឹង​ពេលព្រឹក ដែល​ផុតពី​រាត្រី​គឺ ជាដើម​ថ្ងៃ​)​។ គិម្ហន្ដរដូវ (​ជា​រដូវក្ដៅ​ត្រូវ​សន្មត​ទុកជា​កណ្ដាល ឆ្នាំ​ប្រៀបដូចជា​ពេល​ថ្ងៃត្រង់​)​។ វស្សា​ន្ដ​រដូវ ជា​រដូវ​ដែល​មេឃមីរ​ងងឹត​មាន​ភ្លៀង​ផ្គរ​ត្រូវ​ទុកជា​ចុងឆ្នាំ​ប្រៀប បាន​នឹង​ពេល​ព្រលប់​) ។ ចំណេរ​កាល​ក្រោយមក គ្រា​ដែល​បុព្វបុរស​ខ្មែរ​យើង​អនុលោម ប្រើ​ចុល្លសករាជ​ជាសំខាន់​នោះ​(​មិនដឹង​ជា ប្រើ​នៅក្នុង​រជ្ជកាល នៃ​ព្រះរាជ​អង្គណា​ទេ​) ទើប​ការ​ចូលឆ្នាំថ្មី​មានការ​ប្រែប្រួល​ហើយ កំណត់​យក​ខែ​ចែ​ត្រ​ជា ដើមឆ្នាំ​វិញ តែង​ប្រ​ព្រឹ​ត្ដទៅ​មិន​មុន​ថ្ងៃ​៤​កើត​ខែ​ចែ​ត្រ​និង​មិន​ក្រោយ​ថ្ងៃ​៤​កើត​ខែ​ពិសាខ ព្រោះ​បុព្វបុរស​យើង​យល់ថា​នៅ​ខែ​មិគសិរ នេះ​ប្រជាកសិករ​ខ្មែរ​យើង​រវល់​មមាញឹក​ក្នុង​របរ​កសិកម្ម​មាន​ស្រែចំការ​ជាដើម​ទើប​លោក​កំណត់ពេល ចូលឆ្នាំ មក​ធ្វើ នៅ​ខែ ចែ​ត្រ វិញ​ដោយហេតុ​ខែ​ចែ​ត្រ​កិច្ចការ​ច្រូតកាត់​បោក​បែន​បាន​ចប់សព្វគ្រប់​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទំនេរ​មានឱកាស​ធ្វើ​បុណ្យទាន កម្សាន្ដ​សប្បាយ​តាម​ប្រាថ្នា ។​ការកំណត់ ក៏​ជាប់​ជា​ប្រពៃណី​រហូតដល់​សព្វថ្ងៃ ។​

បុណ្យចូលឆ្នាំ​ខ្មែរ​ជា​ព្រឹ​ត្ដិ​ការណ៍​យ៉ាង​ធំ​ក្នុង​ទឹក​ចិ​ត្ដ និង​ជីវភាព​ខ្មែរ ។ មុនពេល ចូលឆ្នាំថ្មី​មកដល់​គេ​នាំ គ្នា​រៀបចំ​បោសសម្អាត តុបតែង​ផ្ទះសម្បែង សម្អាត​ទីធ្លា​វត្ដ​អារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន​សង់​រាន​ទេវតា បុក​អង្ករ រក​អុស​ដងទឹក​ត្រៀម សម្លៀកបំពាក់​ថ្មីៗ​។​ល​។ ឱ្យ ហើយ​ស្រេច​។​ពេល​ចូលឆ្នាំ​ជា​ពេល ជម្រះ​ឧបទ្រពចង្រៃ​នៃ​ឆ្នាំ​ចាស់ ​ឱ្យ​ជ្រះ ស្រឡះ ដើម្បី​ទទួល​ឆ្នាំ​ថ្មី ទេវតា​ថ្មី​ក្នុង​ក្ដី​សោមនស្ស​ក្សេមក្សាន្ដ និង​សុភមង្គល​។ ឆ្នាំ​ថ្មី​មកដល់​ស្នូ​ស្គរ រគាំង សំឡេង ធម៌​ពរ​ជ​យ័​លាន់ឮ​រន្ទឺ​អឹងកង​ចេញពី​វត្ដ​អារាម ភ្លើងទៀន​ឆេះ ព្រោងព្រាត ផ្សែង​ធូប​ហុយ ចេញពី​គ្រប់​រាន​ទេវតា តាម​ដងផ្លូវ​មុខផ្ទះ សម្បែង​វត្ដ​អារាម ចំណែកឯ​ភូមិករ​ប្រជាជន​ខ្លះ​វត្ដ​ឆ្ងាយ​វត្ត គេ​រៀបចំ​តុបតែង​កន្លែង​មួយ​ក្នុងភូមិ​របស់គេ​រួច និមន្ដ​ព្រះសង្ឃ​មក​។ ចាស់ទុំ​ក្រមុំ កំលោះ ក្មេងក្មាង​តូចធំ ប្រដាប់​ដោយ​សម្លៀក បំពាក់​ស្អាតៗ ចេញមក​ទទួល​ទេវតា​ឆ្នាំ​ថ្មី ម្នាក់ៗ​មាន​ទឹកមុខ​រីករាយ ស្រស់ស្រាយ រំភើប​ក្រៃលែង ។​

​បុណ្យចូលឆ្នាំ​ខ្មែរ ជា​បុណ្យ​មួយ​ធំជាងគេ​ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែល​ប្រារឰធ្វើ​មួយឆ្នាំ​ម្តង នៅ​រៀងរាល់ថ្ងៃ​១៣​មេសា​ឬ​ដល់​១៤​មេសា ម្តងម្កាល​បាន នាំឱ្យមាន​ការសប្បាយរីករាយ​ឥតឧបមា​រវាង​ក្រុមគ្រួសារ​ខ្មែរ​ទូទៅ ដែល​បាន សំរាក ជួបជុំគ្នា នាឱកាស​ដ៏​មហោឡារិក នេះ​។​ក្រៅពី​មានការ​រៀបចំ​ធ្វើ​ម្ហូបចំណី យកទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​តាម​អារាម​នានា ដើម្បី ឧទ្ទិស​កុសលផល​ទាន ទៅដល់ ញាតិ​ការដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​បរលោក និង​សុំឱ្យ​ពួកគាត់ រួច​រំដោះ ពី​ទុក្ខទោស និង​ការហូបចុក​ជុំ​ក្រុមគ្រួសារ​មក នៅតាម​ភូមិករ​ដែល មាន​ម្លប់ឈើ​ធំ ៗ ពិសេស​គឺ​នៅ​ទី​អារាម​នោះ​តែម្តង ក្រុម​ក្មេង ចាស់ ប្រុស ស្រី បាន​បង្ក នូវ​ល្បែង​ប្រជាប្រិយ​ជាតិ ដូចជា បោះ​អ​ង្គុ​ញ ទាញព្រ័ត្រ​, ចោល​ឈូង​, លាក់កន្សែង​, ចាប់កូនក្លែង​, ស្តេចចង់​, ដណ្តើម​ស្លឹកឈើ​, វាយ​ឆ្នាំង​, ឡើង​បង្គោល ខ្លាញ់​...​ហើយ​និង​ការ​រាំ ច្រៀង​តាមបែប​ចង្វាក់​ប្រពៃណី​ខ្មែរ​មាន រាំវង់​, រាំក្បាច់​, សា​រ៉ា​វ៉ាន់​, ឡាំ​លាវ​, តា​លុង​...​៘ ដែល​នេះ ជា​ប្រពៃណី​ពី​បុរាណ​តរៀង មក ដើម្បី​បង្ក​បរិយាកាស​ស្និទ្ធស្នាល និង សប្បាយរីករាយ ក្នុង​មូលដ្ឋាន​របស់ខ្លួន ពេលដែល បាន​ជួបជុំគ្នា​មួយឆ្នាំ​ម្តង​។

ក្នុងឱកាស​ប្រារឰ​ពិធីបុណ្យ​ចូលឆ្នាំ​មមី​នេះ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ គប្បីរៀបចំ​សំអាត​ទី​លំនៅដ្ឋាន តុប តែង​លំអ ផ្កា​ភ្ញី និង មាន​រៀប​រណ្តាប់​សក្ការៈបូជា ទទួលស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ។ ជនានុជន​ទាំងឡាយ ចូរ​ខំ​លះបង់​ចិត្តអាក្រក់ អន្យតិរ្ថីយ៍​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំ​គំ​គួ​ន​ព្យាបាទ​ឈ្នានីស ដែលមាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ ខំ​តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ មេត្តាធម៌ ធ្វើបុណ្យ​សុន្ទរទាន តាម​ប្រពៃណី​រក្សាសីល​ប្រាំ ឱ្យបាន​ជាប់​ជានិច្ច​នោះ ទើប​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោកអ្នក នឹងមាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ គ្រប់ប្រការ តាំងពី​ឆ្នាំនេះ​តរៀង​ទៅ​ហោង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter