. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ពិភពលោកនឹងស្គាល់ ប្រាសាទបុរាណកម្ពុជា កាន់តែច្បាស់ ថែមទៀត នៅលើ Google
April 05, 2014 (08:55:04) [ 1305 ]
 
 
រូបភាពដ៏ប្រណីតៗ នៃតួប្រាសាទ​របស់កម្ពុជា ប្រមាណជា ១០០ប្រសាទ នៅក្នុងទីក្រុង​សៀមរាប ដ៏រុងរឿង រួមទាំងប្រាសាទ​អង្គរវត្តផងនោះ បានមានវត្តមាន​នៅក្នុងទំព័រ Street View (https://www. google.com/maps/views) និងវិទ្យាស្ថានចងក្រងវប្បធម៌ (Google Culture Institute) (https://www. google. com/cultural institute/home ?view=grid) របស់ Google ហើយ។ ការដាក់បញ្ចូលប្រាសាទ​បុរាណរបស់ខ្មែរ កម្ពុជា លើទំព័ររបស់ Google ទាំងពីរនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យមនុស្សជាតិនៅលើពិភពលោក​បានស្គាល់ កាន់តែច្បាស់​ថែមទៀត អំពីប្រាសាទ​បុរាណដ៏ប្រណីត​របស់ខ្មែរ ហើយអាចនឹងជួយទាក់​ទាញភ្ញៀវ​ទេសចរ អន្តរ ជាតិកាន់តែច្រើន តាមផ្ទាំងទស្សនីយភាព នៃរូបភាពទាំងអស់នេះ។

ពិធីសម្ពោធដាក់បង្ហាញ និងប្រើប្រាស់ជាផ្លូវការនូវរូបភាពស្ទ្រីតវីយូ (Street View Imagery) នៃតំបន់​អង្គរដ៏ល្បី ល្បាញ នៅលើផែនទី Google Maps និងនៅក្នុងគម្រោងអច្ឆរិយវត្ថុពិភពលោក (World Wonder Project) របស់វិទ្យា​ស្ថានចងក្រង​វប្បធម៌ (Google Culture Institute) របស់ Googleត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ លើទឹកដីអង្គរ ដោយមាន​ការចូលរួម​ពីក្រុមអ្នកសារព័ត៌មាន​ជាតិ និងអន្តរជាតិ​​ជាច្រើននាក់។

អ្នកជំនាញការរបស់ Google បានបញ្ជាក់ថា តាមរយៈរូបភាព Street View ដ៏ថ្មីសន្លាងនេះប្រជាជនជុំវិញពិភព លោក អាចទស្សនាកម្សាន្តលើបណ្តាញអ៉ីនធឺណិតនូវតំបន់ប្រាសាទប្រវត្តិសាស្ត្រអង្គរ និងអាចគយគន់តួប្រាសាទ ព្រមទាំងចម្លាក់នានាយ៉ាងជាក់ស្តែង តាមប្រព័ន្ធរូបភាពឌីជីថល ៣៦០ដឺក្រេ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជាតិសាសន៍ដទៃ ក៏អាចស្វែងយល់បន្ថែមទៀតផងដែរ អំពីបេតិកភណ្ឌប្រវត្តិសាស្ត្រ និង វប្បធម៌ អង្គរដ៏ សម្បូរបែប តាមរយៈវិចិត្រសាលនិម្មិត លើបណ្តាញអ៉ីនធឺណិតនៅក្នុងគម្រោងអច្ឆរិយវត្ថុរបស់ Google។

លោក មែនិក ហ្គូបតា (Manik Gupta) ប្រធានគ្រប់គ្រងផលិតផល នៃ Google Map (https://www. google. com/maps/preview) បានមានប្រសាសន៍ថា «យើងសង្ឃឹមថា ប្រជាជនកម្ពុជា និងប្រជាជនទូទាំងពិភពលោក អាចស្វែងយល់ពីកេរ្តិ៍មរតកវប្បធម៌ និង កេរ្តិ៍តំណែលបុរាណរបស់ប្រទេសកម្ពុជា តាមវិធីដ៏ថ្មីសន្លាងនេះ។

មិនថាតែការទស្សនាឡើងវិញ នៅតាមតំបន់ប្រសាទ ដ៏ល្បីល្បាញ ដូចជាប្រាសាទបាយ័ននាឱកាសបុណ្យចូល ឆ្នាំថ្មីនេះ ឬក៏ការសិក្សាពីចម្លាក់ក្បាច់រាប នៃរឿងរាមកេរ្តិ៍ ក្នុងឈុតឆាកសមរភូមិទីក្រុងលង្ការនាបរិវេណប្រាសាទ អង្គរវត្តប៉ុណ្ណោះទេ Street View គឺអាចជួយលោកអ្នកឲ្យធ្វើការរុករក និងស្វែងយល់ពីបេតិកភណ្ឌអង្គរដ៏សម្បូរ បែបនេះ បានយ៉ាងងាយស្រួលជាងមុនផងដែរ»។

រូបភាពដែលជាផ្ទាំងទស្សនីយភាព នៃប្រាសាទ​បុរាណ​របស់ខ្មែរ នឹងមានដាក់តាំង​នៅលើ​គម្រោង​​អច្ឆរិយ​​វត្ថុពិភព លោក (World Won ders Project) នៃវិទ្យាស្ថានចងក្រង ​វប្បធម៌របស់ Google ដែលអ្នកប្រើប្រាស់​អាចចូល ទៅមើល​យ៉ាងលម្អិត ពីចម្លាក់សិល្បៈដ៏ល្បីល្បាញ ដូចចម្លាក់រឿងកូរសមុទ្រទឹកដោះ ឬក៏ចម្លាក់រឿង​សមរភូមិកុរុ សេត្រា (Battle of Kuru kshetra)។ អ្នកចូលចិត្តសិល្បៈ នឹងកោតសរសើររូបភាពពិព័រណ៍ ទាក់ទង​នឹង​ប្រាសាទ អង្គរវត្តជិត ៣០០ ផ្ទាំង ដែល​តាំងនៅ​ក្នុង​វិទ្យា​ស្ថាន​​ចងក្រងវប្បធម៌ រួមមាន​ដូចជារូបភាព​​សខ្មៅនៃប្រាសាទ​ជាច្រើន ថតតាំង​ពីទសវត្សរ៍ទី៤០ ក៏ដូចជាស្នា​ដៃ​បង្ហាញរបស់សិល្បករនានា ដែលរៀប​រាប់​​​ពីជីវិត​នាយុគ​សម័យអង្គរ (https://www.goog le.com/culturalinstitute/entity/%2Fm%2F019xfl)។

លោក អាមិត ស៊ូដ (Amit Sood) អគ្គនាយក នៃវិទ្យាស្ថានចងក្រងវប្បធម៌របស់ Google បានថ្លែងថា «បេសក កម្មរបស់វិទ្យាស្ថានចងក្រងវប្បធម៌ គឹដើម្បីធ្វើឲ្យបេតិកភណ្ឌនានា នៅលើពិភពលោក ងាយស្រួលក្នុងការរុករក ស្វែងយល់ និង ដើម្បីអភិរក្សតាមលក្ខណៈឌីជីថល សម្រាប់បន្សល់ទុកដល់អ្នកជំនាន់ក្រោយ។ តាមរយៈ​ការបង្ហាញ លើបណ្តាញអ៉ីនធឺណិត នូវទស្សនីយភាពនៃតំបន់អង្គរ ដែលជានិមិត្តរូប ដ៏អស្ចារ្យបំផុតរបស់ប្រទេសកម្ពុជាយើង សង្ឃឹមថា នឹងអាច​ទាក់ទាញ​ប្រជាជនទូទាំង​ពិភពលោក ឲ្យស្វែង​យល់បន្ថែម​ទៀតអំពី​ពិភពសិល្បៈ និងវប្ប​ធម៌ខ្មែរ ដែល​ជាទីគាប់​ចិត្តនេះ»។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បច្ចេកវិទ្យា Street View របស់ Google នឹងជួយ​ជំរុញ​ឲ្យប្រជា​ជនកម្ពុជា​កាន់តែច្រើនឡើង ក៏ដូចជា​ប្រជាជន​ទូទាំងពិភពលោក​ស្វែងយល់ បន្ថែម​ពីតំបន់​វប្បធម៌ និងប្រវត្តិ​សាស្រ្តដ៏អស្ចារ្យ​ជាច្រើន​របស់កម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្រ្តីមួយរូបចូលចិត្តស្វែងយល់ និងសិក្សាពី​បច្ចេកវិទ្យា​ដែរនោះ​បាន មានប្រសាសន៍បន្តថា «ខ្ញុំជឿជាក់ថា ឆន្ទៈនេះ នឹងរួមចំណែកធ្វើឲ្យមានសន្ទុះកំណើន នៃវិស័យ​​ទេសចរណ៍​របស់ យើង ដែលជាវិស័យ​មួយកំពុង​តែជំរុញ​កំណើន​សេដ្ឋកិច្ច និងការងារ​គួរឲ្យកត់​សម្គាល់​នៅក្នុង​ប្រទេសកម្ពុជា ។ ខ្ញុំក៏សង្ឃឹមដែរថា គម្រោងស្រ្ទីតវីយូនេះ នឹងលើកទឹកចិត្ត ព្រមទាំងជួយជំរុញយុវជន និងយុវនារីខ្មែរកាន់តែ ច្រើន ជាងមុន ឲ្យស្វែងយល់​បន្ថែមទៀត ពីបណ្តាញអ៉ីនធឺណិត និងខ្នះខ្នែង​អភិវឌ្ឍន៍ជំនាញ​បច្ចេកទេស​របស់ពួកគេ»។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា តាមរយៈគម្រោងស្ទ្រីតវីយូ លើបណ្តាញអ៊ិន ធឺណិត នឹងផ្តល់ឱកាស​ក្នុងការចែក​រំលែក នូវអច្ឆរិយ​វត្ថុ​ដ៏អស្ចារ្យរ​បស់កម្ពុជា ជាមួយ​អ្នកទស្ស​នាចំនួន​ច្រើនជាងមុន ដែល​ពុំធ្លាប់​មាន។

លោករដ្ឋមន្រ្តីថ្លែងបន្តថា «ការមើលឃើញបណ្តុំចំនួនជាងរាប់ពាន់រូប ទស្សនីយភាពគ្រប់ជ្រុង និងទំហំធំច្បាស់នៃ តំបន់ដ៏ល្បីល្បាញ និងគួរឲ្យកត់សម្គាល់បំផុតរបស់កម្ពុជា នឹងជួយជំរុញឲ្យភ្ញៀវទេសចរ មកទស្សនាប្រទេសកម្ពុជា កាន់​តែច្រើនជាងមុន ព្រមទាំងជួយ​អ្នកដែលបាន​ទស្សនា​ហើយ ឲ្យស្គាល់​ពីតំបន់ថ្មីៗ ដែលទើបរុករកឃើញ»។

អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធ ដែលដកស្រង់​ប្រសាសន៍​ដោយក្រុមហ៊ុន Google បានឲ្យដឹងថា អាជ្ញា​ធរជាតិ​អប្សរា មានសេចក្តី​សោមនស្ស​រីករាយក្រៃលែង ដែលតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្រ្ត និងវប្បធម៌ អច្ឆ រិយវត្ថុពិភពលោកជាង ១០០កន្លែង នៅអង្គរ ត្រូវបានចងក្រងយ៉ាងទូលំទូលាយតាមបែបឌីជីថល និងមានភាព ងាយស្រួលសម្រាប់មនុស្សគ្រប់រូប ស្វែងយល់នៅលើបណ្តាញអ៉ីនធឺណិត។

លោក ប៊ុន ណារិទ្ធ បានបន្តយ៉ាងដូច្នេះ «យើងទន្ទឹងនឹងស្ថាបនាបន្តពីសមិទ្ធិផលនេះព្រមទាំងអភិរក្ស និងចែក រំលែក ឲ្យបានកាន់តែច្រើនជាងមុន នូវបទពិសោធន៍នៃប្រវត្តិសាស្ត្រ និងវប្បធម៌​ខ្មែរជូន​ដល់ប្រជា​ជនកម្ពុជា​ក៏ដូច ជាប្រជា​ជនទូទាំងពិភពលោក»។​

ក្រុមហ៊ុន Google ក្រុមហ៊ុន​ដ៏ល្បីលើ​ពិភពលោក ក្នុងការ​វិនិយោគ​តាម​ប្រព័ន្ធ​អ៊ិ​នធឺណិត​នោះ បាន​សម្តែង​នូវក្តី សង្ឃឹមថា ការនាំមក​នូវបច្ចេកវិទ្យា Street ​View នេះ​នឹងផ្តល់​ជូន​ប្រជា​ជនកម្ពុជា​​នូវសេវាផែន​ទី​តាម​រយៈ​​បណ្តាញ អ៊ិនធឺណេត ដែលអាច​បំ​ពេញ​តាម​​តម្រូវការ និង​មានអត្ថ​​ប្រយោជន៍​​សម្រាប់​ពួកគេ​ព្រម​ទាំង​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​ប្រទេសនេះ តាមរយៈ​ផែនទីប្រកប​ដោយលក្ខណៈ​ល្អប្រសើរ​ជាងមុន និង ជួយ​បង្កើនភាព​ល្បីល្បាញ របស់​ប្រទេសកម្ពុជា ក្លាយ​ជាគោលដៅ​ទេសចរណ៍ ដ៏លេច​ធ្លោមួយ​សម្រាប់ប្រជាជន​នៅលើពិភពលោក។

សូមបញ្ជាក់ផងដែរថា Street View គឺជាផ្នែកដ៏ពិសេសមួយរបស់ Google Maps ដែលត្រូវបានដាក់ ឲ្យប្រើ ប្រាស់នៅ ៥៥ប្រទេសរួចមកហើយ។ វាអាចជួយឲ្យមនុស្សរាល់គ្នាស្វែងយល់ និងរុករកលើបណ្តាញ អ៊ិនធឺ​ណិត នូវតំបន់ ដែលមាន​នៅលើផែនទី​តាមរយៈ​រូបទស្សនីយភាពដង​វិថីគ្រប់ជ្រុងជ្រោយ​ពោល​គឺ៣៦០ដឺក្រេ។

Google បានបើក​បររថយន្ត​ផ្តិតយករូបភាព​តាមដង​វិថីនានា​នៅក្នុងប្រទេស​កម្ពុជា តាំងពីឆ្នាំ២០១៣ ដើម្បីបញ្ចូល ទៅក្នុង Google Map នាពេលអនាគត ហើយក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះ ក៏មានគោលបំណង ផ្តិតយក​គ្រប់រូប ភាព​ទូទាំង​ប្រទេសកម្ពុជា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ។

វិទ្យាស្ថាន​ចងក្រងវប្បធម៌​របស់ Google (Google Cultural Institute) មានគោល​ដៅសំខាន់ក្នុងការ​បង្កើតនូវ បច្ចេកវិទ្យា ដែលអាច​ជួយឲ្យ​សហគមន៍ វប្បធម៌នៅ​ក្នុងពិភពលោក នាំយក​កេរ្តិ៍មរតក​វប្បធម៌ កម្រង​សំណុំ​ឯកសារ ទីតាំង​បេតិកភ័ណ្ឌនានា និងសម្ភារៈ​ផ្សេងៗទៀត​ទៅកាន់បណ្តាញ​អ៊ិនធឺណិត។ គួបផ្សំនឹង​វត្ថុពិព័រណ៍​ជាង ៣៥៦ ពីសំណាក់​ដៃគូចំនួន ៤៥៥ទូទាំងពិភព​លោក វិទ្យាស្ថានចងក្រង​វប្បធម៌ មានគោល​បំណងបង្កើន​វិសាលភាព និង បរិមាណ នៃសម្ភារៈ​ពីពិភពវប្បធម៌ ដែលអាច​ឲ្យមនុស្សគ្រ​ប់រូបរុករក​ស្វែងយល់ នៅលើបណ្តាញ​អ៊ិន​ធឺណិត និង ធ្វើឲ្យ​កេរ្តិ៍តំណែល​ទាំងនេះ ងាយស្រួលរក​ឃើញ និងត្រូវបាន​អភិរក្សយ៉ាង​ល្អប្រសើរ សម្រាប់មនុស្ស ជំនាន់ ក្រោយ៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter