. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ប្រាសាទសម្បូរណ៍ព្រៃគុក មានសង្ឃឹមដើម្បីរៀបចំខ្លួន ចូលទៅក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក
January 22, 2014 (10:18:35) [ 1166 ]
 
 
សមាគមបុរេប្រវត្តិសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក ដែលបានរៀបចំសន្និសីទលើកទី២០ របស់ខ្លួន (The 20th Congress of the Indo-Pacific Prehistory Association) នៅក្រុងវប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ នៅថ្ងៃទី១២ ដល់១៨ ខែមករា ឆ្នាំ២០១៤នោះ ក្រុមប្រតិភូជាន់ខ្ពស់ និង អ្នកជំនាញការ នៃសមាគមបុរេប្រវត្តិ ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងប្រតិភូរបស់ អាយក្រូម (ICCROM) បានធ្វើដំណើរទៅ ទស្សនកិច្ច ទៅកាន់តំបន់ប្រាសាទ សម្បូរណ៍ព្រៃគុក នៅឯខេត្តកំពង់ធំនោះ កាលពីថ្ងៃទី១៨ មករានេះ ។

តំបន់ប្រាសាទសម្បូរណ៍ព្រៃគុក មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៃការគ្រោងចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក នេះបើតាមការឲ្យដឹងពីលោក ផុន កសិកា ប្រធានសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក ប្រចាំកម្ពុជា ក្នុងខណៈដែលលោកបានជូនដំណើរប្រតិភូជាន់ខ្ពស់ខាងលើ ទៅធ្វើទស្សនកិច្ចនៅក្នុងតំបន់ប្រាសាទសម្បូរណ៍ ព្រៃគុកនោះ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ។

លោកសាស្ត្រាចារ្យ Ian Lilley អគ្គនាយក IPPA (IPPA Secretary-general) បានមានប្រសាសន៍ថា ខ្ញុំប្រាកដថា ប្រាសាទសម្បួរណ៍ព្រៃគុក គឺជាប្រាង្គប្រាសាទដែលមានរចនាបទ និងជាស្ថាបត្យកម្ម ដ៏ពិសិដ្ឋ មួយក្នុងចំណោម ប្រាង្គប្រាសាទខ្មែរ ដ៏មហាអស្ចារ្យនានា ព្រមទាំងគ្មានគូប្រៀប នៅតំបន់អាស៊ី-អាគ្នេយ៍ នេះ ។ ហើយប្រាសាទដ៏ មហាសាលនេះ គឺជាចំណាប់អារម្មណ៍ដ៏ធំមួយ សម្រាប់កំណត់ត្រា និងជាការរក ឃើញថ្មីសម្រាប់ពិភពលោក ម្យ៉ាងទៀតប្រាសាទនេះ ត្រូវបានខូចខាត និងមានវ័យចំណាស់ហើយ ដែល តម្រូវឲ្យមានអភិរក្ស និងអភិវឌ្ឍន៍ ។

ចំពោះលោក Williamson ជាសាស្រ្ដាចារ្យខាងបុរាណវត្ថុវិទ្យា និងជាសមាជិករបស់ អាយក្រូម លោកបាន មានប្រសាសន៍ថា នេះជារបកគំហើញដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់លោកនៅតំបន់ប្រាសាទសម្បូរណ៍ព្រៃ គុក ។ តែលោកមានមានសេចក្ដីព្រួយបារម្ភ ស្ដាយស្រណោះខ្លាំង នៅពេលដែលបានឃើញប្រាសាទដ៏ល្អ ឯកនេះ មានវ័យចំណាស់ និងខូចខាតជាមួយគ្នានេះផងដែរ ប្រាសាទនេះក៏ត្រូវការរៀបចំផែនការស្រាវ ជ្រាវអភិរក្យ និងអភិវឌ្ឍន៍ឲ្យបានឆាប់រហ័ស ពីឥឡូវនេះទៅ ។

អ្នកប្រាជ្ញខាងបុរាណវិទ្យាមួយចំនួនទៀតក៏បានលើកឡើងស្រដៀងៗគ្នាថា ប្រាសាទសម្បូរណ៍ ព្រៃគុក គឺ ជាតំបន់ដែលមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ហើយនេះក៏ជាភស្ដុងតាងនៃមជ្ឈមណ្ឌលស្ថាបត្យកម្ម ដំបូង ឬអាចនិយាយបានថា ជាមជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្ត្រដ៏ស៊ីវិល័យនាសម័យកាលបុរាណខ្មែរ ។ ហើយប្រាង្គ ប្រាសាទនេះ បានបញ្ជាក់ប្រាប់នូវអាថ៌កំបាំងដ៏ពិសិដ្ឋ ដែលមានទំនាក់ទំនងគ្នា ជាមួយសម័យ កាលបុរាណខ្មែរ នាសម័យមហានគរ និងមុនសម័យអង្គរ នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ និងជាចក្រភពមេគង្គ ផងដែរ ។ ពួកគាត់ក៏បាន បញ្ជាក់ផងដែរថា ប្រាសាទសម្បូរណ៍ព្រៃគុក ជាភស្ដុតាងនៃស្នូល នៃបេះដូង រចនាបទ និងស្ថាបត្យកម្មដ៏ប្រាកដមួយ ហើយតំបន់នេះ គឺមានតម្រូវការ និងភាពងាយស្រួសមួយ សម្រាប់ ការអភិរក្យ និងអភិវឌ្ឍន៍ ដែលអាចទាក់ទាញបាន នូវកំណើនភ្ញៀវទេសចរផងដែរ ។ ហើយយើងគិតថា ប្រាង្គប្រាសាទសម្បូរណ៍ព្រៃគុក មានលក្ខណៈសម្បត្តិ និងវិសាលភាព សម្រាប់ការអភិរក្យ និងអភិវឌ្ឍន៍ ក៏ ដូចសម្រាប់ការពិចារណា ក្នុងការចុះឈ្មោះចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោកផងដែរ ។

លោក ផុន កសិកា ប្រធានគណៈកម្មការសន្និសីទសមាគម បុរេប្រវត្តិសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក លើកទី២០ ប្រចាំនៅកម្ពុជា និងជាប្រធានផ្នែកបុរាណវត្ថុវិទ្យា នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត សភាកម្ពុជា បានមានប្រសាសន៍បញ្ជាក់ទៅលើប្រសាសន៍ និងចំណាប់អារម្មណ៍នានារបស់អ្នកបុរាណវិទ្យា អ្នកប្រាជ្ញ និងប្រតិភូមួយចំនួន ដែលបានទៅទស្សនាដោយផ្ទាល់ នៅតំបន់ប្រាសាទសម្បូរណ៍ព្រៃគុកថា ពួកគាត់មាន ការចាប់អារម្មណ៍ និងបានសិក្សានូវរបកគំហើញថ្មីបន្ថែមទៀត សម្រាប់ប្រាសាទដ៏ពិសិដ្ឋនេះ ព្រោះស្ថានីយ៍ សម្បូរណ៍ព្រៃគុក ជាស្ថានីយ៍មួយដែលធំ មានទំហំរហូតដល់ ២គីឡូម៉ែត្រ និងមានប្រាសាទ ច្រើន ជាប្រាសាទ ដែលមានរចនាបទ ស្ថាបត្យកម្មខ្ពស់ ហើយប្រាសាទសាងសង់ពីឥដ្ឋ ល្អពិសេសនៅក្នុង តំបន់ បើប្រៀបធៀបទៅ នឹងស្ថានីយ៍នានា នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ តាំងពីមុន និងក្រោយសម័យអង្គរ ចាប់ពីទសវត្សរ៍ទី៦ ដល់ទី៨ ស្ថានីយ៍នេះ គឺមានលក្ខណៈពិសេសយ៉ាងខ្លាំង ។ ហើយមួយវិញទៀតថា តើ ប្រាសាទនេះ អាចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក បានដែរឬទេនោះ ? គឺថា ប្រាសាទសម្បូរណ៍ ព្រៃគុក មានលក្ខណៈសម្បត្តិគុណសម្បត្តិ គ្រប់គ្រាន់ ទាំងរចនាបទ ទាំងស្ថាបត្យកម្ម ទាំងសម្រស់ ទាំង លក្ខណៈដើមទាំងអស់នេះហើយ អាចដាក់ពាក្យ សុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបាន ។ យើងត្រូវធ្វើការរួមគ្នា ដើម្បីសិក្សាឡើងវិញ និងរៀបចំឯកសារ ក៏ដូចជាផែនការប្លង់មេ ក្នុងការគ្រប់គ្រងអភិរក្ស និងអភិ វឌ្ឍន៍ឲ្យបានគ្រប់គ្រាន់ ។ ហើយសម្រាប់កម្ពុជាយើង គឺមានអ្នកបុរាណវត្ថុវិទ្យា និងអ្នកប្រាជ្ញខាងបុរាណ វិទ្យាជាច្រើនរូប ចាំជួយគាំទ្រសម្រាប់ការដាក់ពាក្យ សុំចុះឈ្មោះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាពេល ខាងមុខ ។

ចំពោះលោក ផុន កសិកា ក្នុងនាមលោកផ្ទាល់ និងក្នុងនាមជាប្រធានប្ដូរវេណ IPPA ប្រចាំនៅកម្ពុជា បាន មានប្រសាសន៍ថា លោកមានគម្រោងផែនការ៤ចំណុច គឺចំណុចទី១ ក្រោយពីទស្សនកិច្ចនេះហើយ យើង នឹងខិតខំបញ្ចុះបញ្ចូលដល់អ្នកជំនាញ អ្នកបុរាណវត្ថុវិទ្យា ក្នុងការផ្ដល់អនុសាសន៍ ដល់យើង ដើម្បីឲ្យយើង មើលឃើញនូវចំណុចអ្វីខ្លះ ក្នុងការត្រៀមរៀបចំ ។ ទី២ គឺយើងត្រូវរៀបចំអ្នកជំនាញក្នុងររង្វង់ជាតិ គឺសហ ការគ្នាពីស្ថាប័នជាតិដែលពាក់ព័ន្ធមកសិក្សា និងធ្វើកិច្ចការរួមគ្នា គឺជំនាញខាងប្រវត្តិសិល្បៈ និងជំនាញ ខាងរៀបចំស្ថានីយ៍ ។ ដំណាក់កាលទី៣ នៅពេលដែលយើងបានពង្រាងរួចរាល់ហើយ យើងត្រូវផ្ញើជូន អ្នកជំនាញបច្ចេកទេសបរទេស សម្រាប់ការផ្ដល់អនុសាសន៍ និងជួយគាំទ្របន្ថែមទៀត ។ ដំណាក់កាលទី ៤ គឺត្រូវរៀបចំជាក្រុម ជាសិក្ខាសាលាមួយជាមួយអ្នកជំនាញធំៗ មកពី IPPA និងមកពីស្ថាប័នជំនាញ ផ្សេងៗ ដើម្បីពិនិត្យផ្ដល់អនុសាសន៍ និងឆ្លុះបញ្ចាំង សម្រេចលទ្ធផលចុងក្រោយ ដើម្បីរៀបចំដាក់ពាក្យ សុំចុះឈ្មោះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកពីគណៈកម្មការបេតិកភណ្ឌពិភពលោក ៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter