. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
សាស្ត្រាចារ្យ​បារាំង​ម្នាក់​ ចំណាយ​ពេល​ជិត​២០ឆ្នាំ​ ស្រាវ​ជ្រាវ​ប្រវត្តិ​ប្រាសាទ​ខ្មែរ​ គ្រោង​បោះ​ពុម្ព​ផ្សាយ​ សៀវ​ភៅ​ស្តី​ពី​ រមណីយ​ដ្ឋាន​បុរាណ​វិទ្យា ​ភាគ​ខាង​ជើង
June 30, 2013 (10:03:04) [ 1346 ]
 
 
សាស្ត្រា​ចារ្យ​ជន​ជាតិ​បារាំង​លោក​ ប្រ៊ុយ​ណូ​ ប្រ៊ុយ​ហ្គី​យេ​ បាន​ត្រៀម​រៀប​ចំ​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​ មគ្គុទ្ទេសក៍​ទេស​ចរណ៍​ ស្តី​ពី​រម​ណីយ​ដ្ឋាន​បុរាណ​វិទ្យា ​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​ ។ សៀវ​ភៅ​ដែល​សាស្ត្រា​ចារ្យ​នៃ​សាលា​បារាំង​ចុង​បូព៌ារូប​នេះ​ចង​ក្រង​ រៀប​រាប់​យ៉ាង​លម្អិត​ពី​ប្រាសាទ​កោះ​កែរ​ និង​ប្រាសាទ​ព្រះ​ខ័ន នៅ​កំពង់​ស្វាយ​ ដែល​សុទ្ធ​តែ​ជា​រម​ណីយ​ដ្ឋាន​ មាន​ការ​អភិវឌ្ឍ​បណ្តាញ​ផ្លូវ​គមនា​គមន៍​ នា​ពេល​ថ្មីៗ​នេះ​ ដើម្បី​សម្រប​សម្រួល​ ដល់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ ដោយ​គ្មាន​បញ្ហា​ ។ នៅ​ក្បែរ​ខាង​ប្រាសាទ ​ដ៏​ស្កឹម​ស្កៃ​ទាំង​នោះ​ មាន​ស្នាដៃ​កេរ​ដំណែល​ ដែល​គេ​ស្គាល់​មិន​អស់​ មាន​ចំនួន​យ៉ាង​ច្រើន​ ជាមួយ​លក្ខណៈ​ដ៏​សម្បូរ​បែប ​ដែល​សុទ្ធ​សឹង​ជា​សក្ខី​ភាព​បញ្ជាក់​ឱ្យ​ឃើញ​ នូវ​ឥទ្ធិ​ពល​នៃ​ព្រះ​រាជា​ណា​ចក្រ​ខ្មែរ​ ។

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ ដែល​រៀប​ចំ​ធ្វើ​នៅ​វិទ្យា​ស្ថាន​បារាំង​នៃ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៩​ មិថុនា​ ២០១៣​ លោក​សាស្ត្រា​ចារ្យ​ ប៊្រុយ​ណូ​ ប្រ៊ុយ​ហ្គី​យេ​ ឱ្យ​ដឹង​ថា​ កន្លង​មក​លោក​បាន​បោះ​ពុម្ព​ផ្សាយ​ សៀវ​ភៅ​ប្រភេទ​នេះ​ម្តង​រួច​មក​ហើយ​ ដែល​និយាយ​រៀប​រាប់​ពី​ប្រាសាទ​ព្រះ​វិហារ​ ដែល​ត្រូវ​ប្រទេស​កម្ពុជា ​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក​ របស់​អង្គ​ការ​យូ​ណេស្កូ។​ ចំណែក​សៀវ​ភៅ​ដែល​គ្រោង​ នឹង​បោះ​ពុម្ព​ផ្សាយ​បន្ត​ទៀត​នេះ​ គឺ​ជា​ភាគ​ទី៣​ ដែល​រៀប​រាប់​ទាំង​អស់​ អំពី​រមណីយ​ដ្ឋាន​បុរាណ​ នៃ​អាណា​ចក្រ​ខេត្ត​ភាគ​ខាង​ជើង​ នៃ​ប្រទេស​កម្ពុជា​ លើក​លែង​តែ​ប្រាសាទ​អង្គរ​វត្ត​ ។ ប្រាសាទ​អង្គរ​ គឺ​មាន​ឯក​សារ​ជា​ច្រើន​ និង​អ្នក​ឯក​ទេស​សម្រាប់​ប្រាសាទ​នោះ​ហើយ​ ចំណែក​រូប​លោក​ គឺ​មាន​ឯក​ទេស​នៅ​តំបន់​ផ្សេងៗ​ ក្រៅ​ពី​តំបន់​អង្គរ​ ។

គោល​បំណង​នៃ​ការ​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​នេះ​ គឺ​លោក​ ប្រ៊ុយ​ណូ​ ប្រ៊ុយ​ហ្គី​យេ​ ចង់​សម្រួល​ និង​ជា​ឯក​សារ​យោង​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ទាំង​អស់​ ព្រោះ​តាំង​ពី​ឆ្នាំ​១៩៣៩​មក​ គឺ​គ្មាន​អ្នក​ណា​ម្នាក់​បោះ​ពុម្ព​ផ្សាយ​ពី​ចំណេះ​ដឹង​ស្តី​អំពី​ប្រាង្គ​ប្រាសាទ​ខ្មែរ​ទាំង​អស់​ឱ្យ​បាន​ល្អិត​ល្អន់​ឡើយ​ ។ សៀវ​ភៅ​នេះ​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ និង​ចំណេះ​ដឹង​ផ្សេងៗ​ដល់​ភ្ញៀវ​ទេស​ចរ​ នៅ​ពេល​ដែល​ពួក​គេ​ទាំង​នោះ​ ចង់​ទៅ​ទស្សនា​រមណីយ​ដ្ឋាន​ បុរាណ​ខ្មែរ​ផ្សេង​ទៀត​ ក្រៅ​អំពី​ប្រាសាទ​អង្គរ​វត្ត​ ។ លោក​សាស្ត្រា​ចារ្យ​បញ្ជាក់​ថា​ រយៈ​ពេល​ជិត​២០​ឆ្នាំ​ ដែល​លោក​ស្នាក់​នៅ​ និង​ស្រាវ​ជ្រាវ​ប្រវត្តិ​ប្រាសាទ​បុរាណ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​ រូប​លោក​បាន​ចំណាយ​ពេល​ក្នុង​ការ​ចុះ​បញ្ជី​ និង​សារ​ពើ​ភណ្ឌ​បណ្តា​ប្រាសាទ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ ក៏​មាន​បុគ្គ​លិក​ខ្មែរ​ចំនួន​៥​នាក់​ដែរ​ មក​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នៃ​ប្រទេស​កម្ពុជា​ ចំណាយ​ពេល​៦​ឆ្នាំ​ នៅ​ក្នុង​ការ​ចុះ​ស្រាវ​ជ្រាវ​ជាមួយ​រូប​លោក​ ។ ចំពោះ​ការ​ចំណាយ​ប្រាក់​សម្រាប់​ការ​ស្រាវ​ជ្រាវ​នេះ​ គឺ​លោក​មិន​អាច​នឹង​គណនា​បាន​ឡើយ​ ដោយ​សារ​ពេល​ខ្លះ​ លោក​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ និង​មាន​ពេល​ខ្លះ​លោក​ត្រូវ​សម្រាក​នៅ​តាម​ទី​វត្ត​អារាម​ ។ ប្រាក់​ដែល​លោក​ចំណាយ​លើ​ការ​ស្រាវ​ជ្រាវ​នេះ​ គឺ​បាន​មក​ពី​ក្រសួង​ការ​បរទេស​បារាំង​ ប៉ុន្តែ​ប្រាក់​សម្រាប់​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​នេះ​ គឺ​ជា​របស់​លោក​ផ្ទាល់​ ។ សៀវ​ភៅ​នេះ​បន្ទាប់​ពី​បោះ​ពុម្ព​រួច​ចែក​ផ្សាយ​នៅ​តាម​តំបន់​រមណីយ​ដ្ឋាន​ទាំង​នោះ​ នៅ​ក្នុង​បណ្ណា​ល័យ​ និង​បណ្ណា​គារ​មួយ​ចំនួន​ ។

លោក​ ប្រ៊ុយ​ណូ​ ប្រ៊ុយ​ហ្គីយេ​ អះ​អាង​ថា​ អ្វី​ដែល​លោក​ចង់​ស្រាវ​ជ្រាវ​ និង​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​នេះ​ គឺ​លើក​កម្ពស់​ដល់​អាជ្ញា​ធរ​ពាក់​ព័ន្ធ​របស់​ប្រទេស​កម្ពុជា​ឱ្យ​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត​ក្នុង​ការ​ថែ​រក្សា​ និង​អភិរក្ស​ប្រាសាទ​បុរាណ​ផ្សេង​ទៀត​ ដោយ​មិន​ចាំ​បាច់​តែ​ប្រាង្គ​ប្រាសាទ​ធំៗ​ទេ​ ។ បន្ទាប់​ពី​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​នេះ​ហើយ​ លោក​ ប្រ៊ុយ​ណូ​ ប្រ៊ុយ​ហ្គី​យេ​ នឹង​បន្ត​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ ជា​ពិសេស​គឺ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ប្រាសាទ​បន្ទាយ​ឆ្មារ​ តាម​ដង​ទន្លេ​មេគង្គ​ ជា​ពិសេស​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ​ ដែល​នៅ​មាន​ស្នាក​ស្នាម​បូជ​នីយ​ដ្ឋាន​របស់​ខ្មែរ​ ដូច​ជា​ប្រាសាទ​វត្ត​ភូ​ ជា​ដើម​ និង​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​ គឺ​ភ្នំ​គូលែន​ ។ លោក​ ប្រ៊ុយ​ណូ​ ប្រ៊ុយ​ហ្គីយេ​ ស្រាវ​ជ្រាវ​ពី​ប្រាសាទ​បុរាណ​ខ្មែរ​ ដោយ​សារ​តែ​លោក​មិន​នឹក​ស្មាន​ដល់​ថា​ ប្រទេស​កម្ពុជា​មាន​ទំហំ​តូច​ ប៉ុន្តែ​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​រាប់​ពាន់​ ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 316 នាក់
  Flag Counter
Flag Counter