. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
សត្វ​ក្រៀល នៅ​រមណីយដ្ឋាន អន្លង់​ព្រីង ជា​ប្រភព​ទាក់ទាញ​ទេសចរ​
April 08, 2013 (11:11:34) [ 1524 ]
 
 
បឹង​អន្លង់​ព្រីង​ ជាទី​រមណីយដ្ឋាន​មួយ​ដោយ​នាំ​អារម្មណ៍​ភ្ញៀវ​ទាំងឡាយ​ឱ្យ​ស្ថិតក្នុង​ពិភព​រីករាយ ​ពោរពេញនូវ​ផាសុកភាព ជាមួយ​ការ​គយគន់​ពពួកសត្វ​ក្រៀល និង​ខ្យល់អាកាស​បរិសុទ្ធ​ដែល​ទទួល យក​មិនចេះ​ជិនណាយ​។ រមណីយដ្ឋាន មាន​លក្ខណៈពិសេស ដោយសារតែ​វត្តមាន​ពពួកសត្វ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការបាត់បង់​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រនៃ​ឃុំ​បឹង​សាលា​ខាងត្បូង និង ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ឱកាស​ដ៏​វិសេសវិសាល​សម្រាប់​ភ្ញៀវទេសចរ​ទាំងឡាយ​ធ្វើដំណើរ​កម្សាន្ត​ដើម្បី​បាន​ទស្សនា​ប្រភេទ​សត្វ​កម្រនៅ​រមណីយដ្ឋាន​នេះ គឺ​រដូវចូលឆ្នាំ​ខ្មែរ ព្រោះ​ពពួកសត្វ ក្រៀល​មាន​វត្តមាន​ចន្លោះ​ពី​ខែវិច្ឆិកា​ដល់​ខែឧសភា​ប៉ុណ្ណោះ​។ បន្ទាប់ពី​អំឡុង​ពេលនេះ ហ្វូង​សត្វ​ទាំងនោះ នឹង​នាំគ្នា​វិលត្រឡប់​ទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​វិញ​ដែលជា​វេលា​នៃ​ការពង​កូន​។

​បឹង​អន្លង់​ព្រីង ត្រូវបាន​បង្កើតជា​តំបន់​គ្រប់គ្រង និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល ព្រមទាំង​សត្វ ស្លាប​ផ្សេងៗ​ទៀត តាម​អនុក្រឹត្យ​លេខ ០៤ អនក្រ​.​បក ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១១ អម​ជាមួយនឹង​ការបង្ហាញ​ទីតាំង​លើ​ទំហំ​ផ្ទៃដី ២១៧​ហិកតា ដែល​ចុះហត្ថលេខាដោយ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​។​

​ដើម្បី​បាន​ទៅ​ដល់ទី​កម្សាន្ត​មួយ​នេះ ភ្ញៀវ​ទាំងឡាយ​អាចធ្វើ​ដំណើរ​ដោយ​ទោចក្រយាន ទោច​ក្រយានយន្ត ឬ​រថយន្ត​ប្រភេទ​ទេសចរណ៍ បែក​ចេញពី​ផ្លូវជាតិ​លេខ​៣១ ត្រង់ចំណុច​ខាងត្បូង​សាលាឃុំ​អង្គសុរភី ឆ្ពោះ​ចូល​ផ្លូវ​ច្រកទ្វារ​ទាន់ហន់ ត្រឹម​ប្រហែល ៥០០​ម៉ែត្រ រួច​បត់​ស្តាំ​តាម​ខ្លោងទ្វារវត្ត​ត្រពាំង​ឈូក បន្តដំណើរ​រហូតដល់​វត្ត​មួយទៀត​ឈ្មោះថា​វត្ត​ថ្ម​បើក​។ នៅ​ខាងកើត​ទី​អារាម​នេះ ភ្ញៀវទេសចរទាំងឡាយ​នឹង ប្រទះឃើញ​បឹង​ដ៏​ធំ​ល្វឹងល្វើយ​មួយ នោះ​គឺបឹង​អន្លង់​ព្រីង ជាទី​ជួបជុំ​នៃ​ពពួកសត្វ​ក្រៀល​។

​ដោយ​ផ្អែក​តាម​ឯកសារ​របស់​អង្គការ Bird Life លោក ស៊ឹ​ម័​ឡា​ប៉័ង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​រៀបរាប់ថា ក្រៀល​ជាប្រភេទ​សត្វដែល​នៅលើ​ពិភពលោក​កំពុង​ឈានទៅរក​ការ​ផុត​ពូជ​។ ម្ល៉ោះហើយ​ការអភិរក្ស​ជា​រឿង​សំខាន់បំផុត ពិសេស​បើ​ធ្វើបាន ថ្ងៃក្រោយជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នឹង​បានធូរធារ​តាមរយៈ​ការប្រកប​របរ​ផ្សេងៗ បម្រើឱ្យ​វិស័យ​ទេសចរណ៍​។​

​ពាក់ព័ន្ធ​នឹង​ការប្រមូល​គ្នា​មកកាន់​តំបន់​បឹង​អន្លង់​ព្រីង​នៃ​ពពួកសត្វ​ក្រៀល លោកនាយ​ខណ្ឌ​បញ្ជាក់ថា សត្វ​ក្រៀល​ចូលចិត្ត​ស៊ីមើម​ប្លុង ជា​អាហារ ហើយ​តំបន់​នេះ​ជា​ប្រភេទ​ដីជូរ មាន​ដុះ​ប្លុង​ច្រើន និង​មាន​គុម្ពោត​ព្រៃ​ស្មាច់​ជាទី​ស្នាក់អាស្រ័យ​របស់ពួកវា​។ ដូច្នេះហើយ ចាប់ពី​ខែវិច្ឆិកា​ដល់​ខែឧសភា សត្វ​ក្រៀល​តែង​នាំគ្នា​មក​ទីនេះ​ជា​ទៀងទាត់ បន្ទាប់ពីនោះ​ពួកវា​នឹង​វិលត្រឡប់​ទៅ​ពង​កូន នៅ​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា​យើង​វិញ​។

​ក្រៅ​អំពី​ពពួក​ក្រៀល បឹង​អន្លង់​ព្រីង​មាន​សត្វ​កម្រ​ពីរ​ប្រភេទ​ទៀត គឺ ត្រ​យង​ខ្លួន​ស និង​ត្រ​យង​ខ្លួន​រលោង ព្រមទាំង​សត្វ​ស្លាបមាន​ដោយ​បង្គួរ​ចំនួន​៣៨​ប្រភេទ​បន្ថែម​ផងទៀតដែរ​។ លោក ស៊ឹម ឡា​ប៉័ង រំលឹកថា ​ដោយ​កិច្ចសហការ​រវាង​រដ្ឋបាល​ព្រៃឈើ​ជាមួយ​អង្គការ​ Bird Life International ដែលមាន​លោក​សេង គឹម​ហ៊ត់ ជា​ប្រធាន​បានធ្វើការគ្រប់គ្រង និង​អភិរក្ស​សត្វ​ក្រៀល​អន្លង់​ព្រីង ចាប់តាំងពី​ឆ្នាំ​២០០៤​តរៀងមក​។ ទន្ទឹមនឹងនេះ អង្គការ Bird Life International ក៏បាន​សហការ​ជាមួយនឹង​ដៃគូ​របស់ខ្លួន ដូចជា អង្គការ​តំបន់ដីសើម និង​សត្វ​ស្លាប​ទឹក ជាដើម​។

​តាម​ការអង្កេត​ថ្មីៗ​នេះ នៅ​តំបន់​អភិរក្ស មាន​សត្វ​ក្រៀល និង​សត្វ​ស្លាប​ផ្សេងៗ ចំនួន​៦២ ប្រភេទ ត្រូវបាន​កត់ត្រា​ជា​បន្តបន្ទាប់​។ ដោយឡែក​ចំពោះ​សត្វ​ក្រៀល​វិញ មាន​ចំនួន​កើនឡើង ដែល​ក្នុង​ឆ្នាំ ២០០៤ មានតែ​១២៦​ក្បាល ឯ​ឆ្នាំ​២០១៣​នេះ មាន​រហូតដល់​៣២៩​ក្បាល​។ ការសម្រេច​លទ្ធផល​គួរ​ជាទីមោទនៈ​នេះ អាស្រ័យ​ដោយ​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជា​ពលរដ្ឋ​សហគមន៍ ពិសេស​កម្លាំង​វរសេនា​តូច​៣០២ ការពារ​ព្រំដែន​គោក​ដែល​ទប់ស្កាត់បាន​រាល់​បទល្មើស​ប៉ុន​ប៉ង​បំផ្លាញ​ពពួកសត្វ​កម្រ ក៏ដូចជា​ធនធាន​ក្នុង​ដែន​នៃ​តំបន់​អភិរក្ស​នេះ​។

​លោក ស៊ឹម ឡា​ប៉័ង មិន​ភ្លេច​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ឃុំ ស្រុក​ដែល​អភិវឌ្ឍន៍​មូលដ្ឋាន​តាមរយៈ​ការស្ថាបនា​ផ្លូវ​លំបានល្អ​ស្អាត បង្កលក្ខណៈ​ងាយស្រួល​ចំពោះ​ប្រជាពលរដ្ឋ ពិសេស​សម្រាប់​ភ្ញៀវទេសចរ​ទាំងឡាយ​អាចធ្វើ​ដំណើរ​ទៅកាន់​រមណីយដ្ឋានអន្លង់​ព្រីង ប្រកបដោយ​សុវត្ថិភាព និង​សំណូមពរ​ដល់​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ បន្ត​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ នូវ​អត្ថប្រយោជន៍​នៃ​កិច្ច​អភិរក្ស​ប្រភេទ​សត្វ​កម្រ ដោយ​បញ្ចៀស​ឱ្យបាន​ពី​ការ​បរបាញ់ ឬ​ដាក់​ថ្នាំ​បំពុល​ព្រោះតែ​តម្រូវការ​ដ៏​តិចតួច​នោះ​។

​ពាក់ព័ន្ធ​នឹង​ការកកើតឡើង​នូវ​រមណីយដ្ឋាន​អន្លង់​ព្រីង លោក សេក ឈិន មេឃុំ​ព្រែក​ក្រើ​ស បាន​រៀបរាប់​ពី​ប្រវត្តិ​ថា ដើមឡើយ​ក្នុង​ផ្ទៃ​បឹងទាំងមូល​មាន​សុទ្ធតែ​ដើម​ចាក​របស់​ប្រជាកសិករ​។ នៅ​ឆ្នាំ​២០០០ មាន​ជំនន់​ដ៏​ធំ​គ្របដណ្តប់​លើ​ភូមិសាស្ត្រ​នេះ ធ្វើឱ្យ​ដើម​ចាក​ងាប់​អស់ ហើយ​ប្រជាកសិករ​បាន​បោះបង់​ដីនោះ​ចោល ​ព្រោះ​មិនអាច​ធ្វើ​អ្វី​កើត​។ ក្នុង​ឆ្នាំ​២០០១​ចាប់ផ្តើម​ប្រទះឃើញ​សត្វ​ក្រៀលមួយចំនួនបាន​ហើរមក​ចុះ​ក្នុង​តំបន់​នេះ​។

​ក្រោយមក​ក៏មាន​អង្គការ Bird Life បាន​ចុះមក​ស្រាវជ្រាវ ព្រមទាំង​ផ្សព្វផ្សាយ​ណែ នាំ​កុំឱ្យ​ប៉ះពាល់ ឬ​សម្លាប់​ពួកវា​ ម្ល៉ោះហើយសត្វ​នេះចេះតែមាន​វត្តមាន​ជា​រៀង​រហូតមក ។ លោក​មេឃុំ បន្តទៀតថា តាំងពី​មាន​សត្វ​ក្រៀល​នៅទីនេះ​ភ្ញៀវ​បរទេស​បាននាំគ្នា មកលេង មិនសូវ​ដាច់​ទេ​។ វេលា​នៃការសប្បាយ​សម្រាប់​រម​ណី​យ​ដ្ឋា​ន​នេះ គឺ​ពេលព្រឹក​ទេសភាព​ស្រស់បំព្រង ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ គ្របដណ្តប់​ត្រជាក់​កាយ​ពោរពេញ​ដោយ​ផាសុកភាព​តាមបែប​ធម្មជាតិ​ពិតៗ​។ លើសពីនោះ​ទៀត ក្នុង​អំឡុង​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែឧសភា ខណៈ​ដែលមាន​វត្តមាន​ពពួកសត្វ​ក្រៀល ទេសចរ​ទាំងឡាយ​នឹង​បានសប្បាយ​ដោយ​ការ​គយគន់​ពួកវា​ដើរ​ស៊ី​ចំណី​ក្នុង​ផ្ទៃ​បឹង​ទាំង​ហ្វូងៗ ប្រៀប​ដូច​ហ្វូង​គោក្របី​ដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter