អ្នកស្រុកអង្គរប្រារព្ធពិធី «ឆាន់សុំទឹកភ្លៀង»
|
July 07, 2016 (12:34:16)
|
[ 4625 ] |
|
|
|
|
ខេត្តសៀមរាប ៖ តំបន់អង្គរ ក្រៅពីមានប្រាង្គប្រាសាទជាមរតកដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ក៏ជាកន្លែងប្រមូលផ្តុំដោយវប្បធម៌រូបីនិងអរូបីផងដែរ។ វត្តមានរួមគ្នានេះធ្វើឱ្យអង្គរនៅតែជាដួងព្រលឹងដ៏ស័ក្តិសិទ្ធិរបស់កូនខ្មែរមិនសាបសូន្យ ។ ទំនៀមទម្លាប់ ជំនឿជាច្រើនត្រូវបានប្រជាជនក្នុងតំបន់អង្គរនៅតែឱ្យតម្លៃ និងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតដល់សព្វថ្ងៃក្នុងជីវភាពរស់នៅរបស់ពួកគាត់ ។ អាជ្ញាធរជាតិអប្សរាតែងតែគាំទ្រជានិច្ច ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយអ្នកស្រុកដើម្បីរក្សាជំនឿទាំងនេះ ។
តួយ៉ាងពិធីឆាន់សុំទឹកភ្លៀង ត្រូវបានអ្នក ស្រុកអង្គរបន្តធ្វើរហូតដល់សព្វថ្ងៃ ដោយការគោរព និងជឿជាក់បំផុត ។ បើគិតចាប់ពីចុងខែពិសាខមកដល់ដើមខែអាសាធ ខេត្តសៀមរាបស្ទើរតែមានភ្លៀងធ្លាក់រាល់ថ្ងៃ និងគ្រប់ទីកន្លែង ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ប្រជាជនតំបន់អង្គរនៅភូមិប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅតែបន្តធ្វើពិធីសុំទឹកភ្លៀងតាមទម្លាប់។ ការប្រារព្ធពិធីនេះជាទំនៀមទម្លាប់ និងជាជំនឿដែលមានតាំងពីដូនតា ដែលពួកគាត់គោរពមិនហ៊ានខកខាន បើទោះបីជាមិនមានទ្រព្យធនធ្វើពិធីធំដុំ ក៏អ្នកស្រុកសាមគ្គីគ្នារៀបចំធ្វើពិធីតូចតាចដែរ ។
តាមការរៀបរាប់របស់លោកតាមិត្ត និងលោកតាទុយ លន់ ជាអាចារ្យនិងចាស់ ព្រឹទ្ធា ចារ្យក្នុងភូមិបានប្រាប់ថា តាមពិតទៅ «ឆាន់សុំទឹកភ្លៀង» ត្រូវធ្វើនៅថ្ងៃ៣កើតខែពិសាខទេ តែដោយសារអ្នកភូមិរវល់បុណ្យទាន និងកិច្ចការ ផ្សេងៗផង ក៏អូសបន្លាយដល់ខែជេស្ឋ ឬអាសាឍ ។ ជារៀងរាល់ឆ្នាំអ្នកភូមិប្រដាក តែងតែរៀបចំពិធីឆាន់សុំទឹកភ្លៀងមួយព្រឹកនៅប្រាសាទមេបុណ្យ ដោយមានកិច្ចពិធីក្រុងពលី ព្រះសង្ឃសូត្រមន្ត បួងសួងសុំទឹក សុំភ្លៀង សែនម្ចាស់ប្រាសាទ និងវេរចង្វាន់ប្រគេនព្រះសង្ឃគឺចប់កិច្ចហើយ ។
ទាក់ទងនឹងសំណួរថា បើខែនេះមានភ្លៀងទៅហើយ តើចាំបាច់ឆាន់សុំទឹកភ្លៀងធ្វើអ្វី ? លោកតាបញ្ជាក់ថា បើទោះបីជាមានភ្លៀងធ្លាក់ហើយក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តធ្វើពិធីសុំទឹកភ្លៀងដែរ មិនហ៊ានខកខានទេ ខ្លាចមានជំងឺឧត្បាតកើតឡើងចំពោះកូនចៅ សត្វចិញ្ចឹម ព្រោះតែយើងភ្លេចរំឭកនឹកគុណដល់ពួកគាត់ (អ្នកថែរក្សា) ។ ក្រៅពីឆាន់ដើម្បីសុំទឹកភ្លៀង គេក៏យកពិធីនេះរំឭកដល់វិញ្ញាណក្ខន្ធបុព្វបុរសដែលបានសាងអង្គរវត្ត អង្គរធំ ភ្នំគូលែនជាដើម ទុកដល់កូនចៅជំនាន់ក្រោយដែរ ដើម្បីសុំសេចក្តីសុខសប្បាយដល់អ្នកភូមិ និងសត្វ ពិសេសគឺធ្វើស្រែស្រូវបានល្អ ។
បន្ថែមពីនោះស្ត្រីវ័យចំណាស់ឈ្មោះយឿយ បានបង្ហាញពីការរក្សាទំនៀមទម្លាប់មួយនេះថា «ពិធីសុំទឹកភ្លៀងមានតាំងពីបុរាណមក ហើយពេលអត់ពី ចាស់ៗទៅពួកខ្ញុំជាកូនចៅជំនាន់ក្រោយជាអ្នកធ្វើបន្ត ទោះអត់យ៉ាងម៉េច ក៏មិនដែលខានទេ។ ជួនយើងធ្វើនៅខែជេស្ឋ ជួនធ្វើនៅខែអាសាឍ មិនទៀងទេ បើខែណារាំងក៏បួងសួងសុំទឹកភ្លៀងទៅ តែបើទោះជាខែនោះភ្លៀងហើយក៏ដោយ ក៏នៅតែធ្វើពិធីនេះដែរដើម្បីសុំសេចក្តីសុខសប្បាយដល់កូនចៅទាំងអស់គ្នា។ ពួកខ្ញុំជឿជាក់ណាស់ ពេលខ្លះធ្វើភ្លាមភ្លៀងភ្លាម ពេលខ្លះ២ទៅ៣ថ្ងៃទើបភ្លៀង» ។
ក្រៅពីកិច្ចពិធីទូទៅហើយ ការបញ្ចូលមេមត់គឺសំខាន់ណាស់ក្នុងពិធីសុំទឹកភ្លៀង ។ គេធ្វើពិធីនេះដើម្បីអញ្ជើញរូបអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដី អ្នកមានបុណ្យបារមីគ្រប់ទីកន្លែងដែលរក្សាភូមិស្រុក ប្រាសាទនានាឱ្យមករាំរែក និងហូបចុកចំណីអាហារដែលកូនចៅដាក់សែនព្រែនឱ្យ ក៏ដូចជាសួរនាំរូបដែលចូលសណ្ឋិតថាចង់ហូបអី ត្រូវការអី និងសុំឱ្យពួកគាត់ជួយថែរក្សាកូនចៅ កុំខឹង កុំធ្វើបាបកូនចៅ ដូចប្រសាសន៍របស់ស្ត្រីវ័យចំណាស់ឈ្មោះវឿន ថា «ពេលសុំទឹកភ្លៀង គឺតែងតែមានចូលរូបមិនដែលអត់ទេ ដើម្បីឱ្យរូបមករាំលេង មកសេពសោយអាហារ ដូចថ្ងៃនេះមានរូបច្រើនណាស់ មានតារាជនៅអង្គរ តាទរ តាសៅ និងរូបច្រើនទៀត។ ពេលរូបចូលយើងសួរថា តាឬយាយ ? នៅឯណា ? ឈ្មោះអី ? ចង់ហូបអី? ហើយយើងក៏រៀបចំចំណីចំណុកជាច្រើនឱ្យគាត់តាមការចូលចិត្ត ។ បើគាត់ចូលចិត្ត គាត់ក៏ហូប បើគាត់មិនចូលចិត្តក៏ខឹង ហើយរុញម្ហូបចេញ ។ ការសុំទឹកភ្លៀងនេះថាស័ក្តិសិទ្ធិក៏បាន មិនស័ក្តិសិទ្ធិក៏បាន ព្រោះខែខ្លះដែលក្តៅហែង គ្រាន់តែធ្វើភ្លាម ភ្លៀងក៏ធ្លាក់ភ្លាម តែខ្លះក៏ចាំ១ឬ២ថ្ងៃ ទើបភ្លៀង ហើយតែងមើលរូបដែលចូលមកដែរ បើរូបថារងាញាក់ញ័រ គឺច្បាស់ណាស់មិនយូរទេច្បាស់ជាភ្លៀងមិនខាន ដូច្នេះមិនជឿមិនបាន» ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|