ល្បុក្កតោនិងយុទ្ធក្រមខម ប៉ះគ្នាក្នុងរឿងហ្លួងព្រះស្ដេចកន
|
February 10, 2016 (05:00:34)
|
[ 570 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ ចាត់ទុកជាលើកទី១ ដែលកីឡាករនៅក្នុងសហព័ន្ធ២ដែលកាលពីមុនបានពើបប្រទះនូវរឿងចម្រូងចម្រាសជាមួយគ្នា ព្រោះតែដណ្ដើមតំណែងមេក្បាច់គុនរបស់ខ្មែរត្រូវបានផលិតករភាពយន្តផ្ដល់ឱកាសឲ្យសម្ដែងរឿង «ហ្លួងព្រះស្ដេចកន» ជាមួយគ្នា ។ មានការអះអាងថា កីឡាករ កីឡាការិនី ជាអ្នកជំនាញផ្នែកល្បុក្កតោ និងយុទ្ធក្រមខមយ៉ាងច្រើនកុះករត្រូវបានអញ្ជើញឲ្យមកសម្ដែងក្នុងរឿងនេះ ក្នុងពេលដែលរឿង«ហ្លួងព្រះស្ដេចកន»ក៏ជារឿងប្រវត្តិសាស្ត្រគ្រោងចំណាយអស់ជាង១លានដុល្លារ និងជារឿងខ្មែរលើកដំបូងដែលមានការចាប់អារម្មណ៍ខ្លាំងក្លាពីស្រទាប់មហាជន ។
ប្រភពពីក្រុមអ្នករៀបចំថតបានអះអាងថា ក្រុមហ៊ុន LYP របស់លោកឧកញ៉ាលី យ៉ុងផាត់ ដែលជាអ្នកបោះទុនផលិតរឿង«ហ្លួងព្រះស្ដេចកន» បានប្រមូលផ្ដុំកីឡាករ កីឡាការិនីនៅក្នុងវិស័យល្បុក្កតោ និងយុទ្ធក្រមខមច្រើននាក់ណាស់ដើម្បីឲ្យចាប់ដៃគ្នាសម្ដែងនៅក្នុងរឿងនេះ។ តម្រូវការដ៏ច្រើនលើសលប់នេះ គឺដោយសារតែរឿងហ្លួងព្រះស្ដេចកន ជាប្រភេទរឿងប្រវត្តិសាស្ត្រក្នុងសឹកសង្គ្រាមដែលអ្នកជំនាញខាងផ្នែកល្បុក្កតោ និងយុទ្ធក្រមខម សុទ្ធតែត្រូវបានប្រមូលឲ្យមកសម្ដែងជុំគ្នាទាំងអស់ ដើម្បីឲ្យរឿងទាំងមូលពោរពេញដោយភាពរស់រវើក និងត្រូវតាមសាច់រឿងប្រវត្តិសាស្ត្រ។ នៅក្នុងរឿងនេះ តារាល្បីៗមិនត្រូវបានយកមកលើកតម្កើងនោះទេ ក្រៅពីតួអង្គលោកទេព រិនដារ៉ូ ដែលត្រូវសម្ដែងជាតួអង្គព្រះបាទស្រីសុគន្ធបទ និងតួអង្គមួយចំនួនទៀតដែលត្រូវគេឲ្យសម្ដែងជាតួអង្គផ្សេងៗ ។ ប៉ុន្តែបើក្រឡេកមើលតួអង្គដែលផុសចេញពីវិស័យកីឡាវិញ គឺមានបរិមាណយ៉ាងច្រើនកុះករតែម្ដង ជាពិសេសគឺកីឡាករដែលជ្រកក្នុងសហព័ន្ធល្បុក្កតោកម្ពុជា និងយុទ្ធក្រមខម ។
ជាឧទាហរណ៍តួអង្គហ្លួងព្រះស្ដេចកន គឺសម្ដែងដោយកីឡាកររស់ សោភ័ណ្ឌ ដែលជាជើងឯកខាងផ្នែកលើកសាច់ដុំ ឬផ្នែកកាយវប្បកម្ម ខណៈដែលតួអង្គមេទ័ព សំខាន់ៗ គឺសម្ដែងដោយកីឡាការិនី សម ថារ័ត្ន ដែលជាគ្រូផ្នែកល្បុក្កតោ និងកីឡាករ កីឡាការិនីជាច្រើននាក់ទៀតដែលសុទ្ធតែជាសិស្សគុន និងជាគ្រូបង្វឹកនៅក្នុងសហព័ន្ធយុទ្ធក្រមខម។ អ្នកជំនាញកីឡាទាំងនេះសុទ្ធតែត្រូវបានគេលើកឲ្យសម្ដែងជាតួអង្គធំៗ ដោយសារតែក្នុងរឿង «ហ្លួងព្រះស្ដេចកន» គឺតួអង្គសំខាន់ៗ លុះត្រាតែមានកាយសម្បទាធំៗ និងចេះក្បាច់គុនទើបអាចសម្ដែងត្រូវ ។
លោកទេព រិន ដារ៉ូ បានអះអាងថា ក្នុងចំណោមរឿងធំៗដែលលោកបានថត លោកចាត់ទុកថារឿង«ហ្លួងព្រះស្ដេចកន» គឺជារឿងទី១ ដែលប្រមូលផ្ដុំដោយកីឡាករ កីឡាការិនីច្រើនជាងគេមកពីសហព័ន្ធល្បុក្កតោ និងយុទ្ធក្រមខម។ លោកថា កីឡាករ កីឡាការិនីទាំងនេះសុទ្ធតែជាតួអង្គបើកមុខសម្រាប់ឈុតសឹកសង្គ្រាម និង អ្នកជួយបង្ហាត់បង្ហាញក្បាច់គុនដល់តារាសម្ដែងផ្សេងៗនោះផង មុននឹងដំណើរសាច់រឿងចេញថត ។ មិនខុសពីការអះអាងថា នៅក្នុងទីតាំងថតដែលស្ថិតនៅតំបន់ភ្នំតាម៉ៅ គេឃើញមានសាងសង់បន្ទាយឫស្សីធ្វើពីឈើប្រវែងជាង១០០ម៉ែត្រ ដោយមានសកម្មភាពហ្វឹកហាត់ និងចេញថតតែម្ដង ដោយមានទ័ពសេះ ទ័ពថ្មើរជើង ទ័ពកាំភ្លើងធំ និងប្រើអាវុធយុទ្ធភ័ណ្ឌចម្រុះប្រភេទ ដោយតួអង្គដែលបានចូលសម្ដែង គឺភាគតិចណាស់មិនមែនជាកីឡាករ និងកីឡាការិនី ។ តួអង្គភាគច្រើនគឺមកពីកីឡាល្បុក្កតោ និងយុទ្ធក្រមខម ទើបធ្វើឲ្យសកម្មភាពសម្ដែងរបស់ពួកគេលោតហក់បានរស់រវើក ។
បើទោះជាសហព័ន្ធល្បុក្កតោ និងយុទ្ធក្រមខមធ្លាប់បានចម្រូងចម្រាសគ្នារឿងប្រវត្តិសាស្ត្រ និងផលប្រយោជន៍ តែមានការអះអាងថា ពួកគេចាប់ដៃគ្នាសម្ដែងបានល្អ ហើយក្រុមអ្នកកីឡាខ្លួនឯងក៏ចាត់ទុកថា នេះជាលើកទី១ដែលពួកគេបានវេញគ្នាជាធ្លុងមួយក្នុងសកម្មភាពរួមគ្នា ដើម្បីរំលេចភាពយន្តខ្មែរលើកដំបូងគឺរឿង«ហ្លួងព្រះស្ដេចកន»និងបង្ហាញពីសាមគ្គីភាព និងភាពចុះសម្រុងគ្នានោះផងដែរ។
លោក ម៉ៅ អាយុទ្ធ ជាអ្នកដឹកនាំរឿង«ហ្លួងព្រះស្ដេចកន» បានអះអាងថា នៅក្នុងរឿងនេះ បើនិយាយពីតួអង្គកីឡាករ និងកីឡាការិនី គឺសឹងតែ៨០%នៃតួសម្ដែងទាំងមូលក្នុងរឿង ដោយសារតែកីឡាករល្បុក្កតោ និងយុទ្ធក្រមខម ត្រូវបានប្រមូលយកមកសម្ដែងនៅក្នុងរឿងនេះស្ទើរមិនសល់ម្នាក់ ។ លោកថា ក្នុងរឿងប្រវត្តិសាស្ត្របែបនេះ តួអង្គធម្មតាមិនអាចសម្ដែងល្អបានទេ ជាពិសេសអ្នកមិនមានសាច់ដុំធំៗ និងមិនចេះក្បាច់គុនលោតហក់សម្រាប់ថតឈុតសង្គ្រាម ។ ម្យ៉ាងមកពីកីឡាករនៅក្នុងវិស័យល្បុក្កតោ និងយុទ្ធក្រមខមមានអ្នកជំនាញល្អៗ ដែលអាចថតរឿងបែបនេះបានល្អនោះផង ទើបខាងផលិតករសម្រេចចិត្តអញ្ជើញពួកគេឲ្យមកធ្វើតេស្ដ និងយកមកថតតែម្ដង ដោយគ្រូជំនាញម្នាក់ៗភាគច្រើនគឺបានសម្ដែងជាតួអង្គសំខាន់ៗក្នុងរឿង ។ លោកថា ខ្សែរឿង«ហ្លួងព្រះស្ដេចកន» ចម្រុះដោយកីឡាករ កីឡាការិនីមកពីគ្រប់ផ្នែកនៃកីឡាទាំងអស់ មិនថាផ្នែកប្រដាល់ក្បាច់គុនខ្មែរ ផ្នែកតេក្វាន់ដូ ឬផ្នែកកាយវប្បកម្មនោះទេ ។
ទោះបីយ៉ាងណា ធនធានតួអង្គដែលជ្រើសចេញពីកីឡាល្បុក្កតោ និងយុទ្ធក្រមខម គឺមានចំនួនច្រើនជាងគេ ដោយសារតែកីឡាករទាំងនោះមានកាយសម្បទាល្អៗ ហើយមានក្បាច់គុនរស់រវើកអាចយកមកថតបានត្រូវនឹងសាច់រឿង ។ ម្យ៉ាងមកពីតួអង្គទាំងនោះចេះលេងទឹកមុខបានល្អ ព្រោះតែពួកគេភាគច្រើនធ្លាប់លេងកុនផងទើបសឹងតែគ្រប់កីឡាករ និងកីឡាការិនីរបស់យុទ្ធក្រមខម និងល្បុក្កតោ ត្រូវបានជ្រើសយក ។ លោកទទួលស្គាល់ថាខ្សែរឿងប្រវត្តិសាស្ត្រមួយនេះចំណាយទុនមិនក្រោម១លានដុល្លារ ដោយសារតែការតុបតែងស្ទីឌីយោដើម្បីថត ដូចជាការសង់បន្ទាយ កាត់សម្លៀកបំពាក់ បង្វឹកសេះឲ្យចេះថតកុន និងចាក់ពុម្ពផលិតជាសម្ភារផ្សេងៗឲ្យស្របនឹងដំណើររឿងកាលពីបុរាណ សុទ្ធតែត្រូវចំណាយច្រើន ។ ក្នុងនោះការកុម្ម៉ង់ទិញកាមេរ៉ា២គ្រឿងអស់ជាង១០ម៉ឺនដុល្លារ និងតម្រូវការតួអង្គដល់រាប់រយនាក់ ព្រមទាំងត្រូវការថតយូរខែក៏ជាការចំណាយដ៏ខ្ពស់លើសលប់សម្រាប់ផលិតករផងដែរ ។ លោកថា រឿងនេះត្រូវចេញថតដំបូងនៅបន្ទាយដែលបានសាងសង់លើភ្នំតាម៉ៅ បន្តបន្ទាប់ទើបចេញទៅថតនៅខេត្តសៀមរាប ខេត្តកំពង់ចាម និងនៅស្រុកកៀនស្វាយចុងក្រោយ ដោយសមាសភាពកីឡាករកីឡាការិនីផ្នែកល្បុក្កតោ និងយុទ្ធក្រមខម គឺភាគច្រើនត្រូវបានលោកឲ្យសម្ដែងជាតួអង្គសំខាន់ដែលត្រូវលេងតាំងពីដើមដល់ចប់ ។
គួរបញ្ជាក់ផងដែរ រឿងហ្លួងព្រះស្ដេចកន នឹងនិយាយត្រឹមប្រវត្តិរបស់នាយកនតាំងពីចាប់កំណើតរហូតដល់បានក្លាយជាស្ដេចសោយរាជប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងដល់ឆាកសង្គ្រាមជាមួយព្រះបាទច័ន្ទរាជានោះឡើយ ។ នេះក៏ជារឿងដែលមានតម្រូវការតួអង្គច្រើនដល់រាប់រយនាក់ និងភាពយន្តខ្មែរលើកទី១ ដែលបានផ្ដល់ឱកាសឲ្យកីឡាករកីឡាការិនីមកពីសហព័ន្ធកីឡាពីរគឺល្បុក្កតោ និងយុទ្ធក្រមខមបានសម្ដែងរឿងរួមគ្នាក្រោយពីបញ្ចប់ចម្រូងចម្រាសរឿងដណ្ដើមគ្នាធ្វើជាក្បាច់គុនមេរបស់យុទ្ធគុនខ្មែរកាលពីសម័យបុរាណនោះផង។ វត្តមានកីឡាករកីឡាការិនីយ៉ាងច្រើនកុះករនៅក្នុងរឿងនេះ ត្រូវគេផ្ដោតការចាប់អារម្មណ៍ភាគច្រើនដោយសារតែរឿងហ្លួងព្រះស្ដេចកន ក៏ជារឿងដែលគេចង់ដឹងពីដំណើររឿងថា បានថតត្រូវតាមដំណើររឿងប្រវត្តិសាស្ត្រដែលបានចារឹកទុក ឬក៏អត់នោះផង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|