ជីវប្រវត្តិប្រជាប្រិយភាព របស់លោក ស៊ីន ស៊ីសាមុត
|
June 08, 2014 (11:30:16)
|
[ 696 ] |
|
|
|
|
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀតដូចជា លោក អ៊ឹម-សុងសឺមនិង អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ(សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទលលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិសព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បីៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម។
កុមារភាព
លោក ស៊ីន-ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន-លាង និងអ្នកស្រី ស៊ីន-ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុករបស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបងនិងជា ទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុក របស់លោកបានលាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងពេលអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូ និងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំដោយចូលចិត្តកូតទ្រ ដេញហ្គីតា និងចាប៉ី។ ជាញឹកញាប់លោកត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដំទន់ភ្លន់ និងផ្អែមល្ហែម។ លោកតែងទៅលេងវត្តនៅក្បែរផ្ទះជាញឹកញាប់ និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសនា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ចំពោះការបរិភោគចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ពងទាចៀនជាម្ហូបដែលគេចូលចិត្តញ៉ាំជាប្រចាំ ។
លោកបញ្ចប់ការសិក្សាចំណេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមារបស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ។ ក្នុងកំឡុងពេលនោះលោកកម្រចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោកគ្រប់គ្រាន់ ល្មមសម្រាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំណាយពេលទំនេររបស់លោកដើម្បីសិក្សាបទភ្លេង និងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថា ជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។
ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តិសព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថា ចម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថាលោក ស៊ីន-ស៊ីសាមុតត្រូវតែក្លាយជាអ្នកចម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។
អាជីពជាសិល្បករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចម្រៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ លោកបន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបម្រើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន-ស៊ីសាមុតនិពន្ធបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចម្រៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។
ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំណើតរបស់លោក។ គេនិយាយថា លោកបានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។
ចម្រៀងភាគច្រើនរបស់លោកផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហា និងការបាត់បង់ សប្បាយ និងឈឺចាប់ សម្រាប់ឲ្យលោកស៊ីន-ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់គឺ ច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំឡេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។
សំនៀងដ៏ក្រអួនមានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយៗប្លែកៗគ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោកគឺណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។ សូរសព្ទសំនៀង ដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធ ហើយអ៊ឺនសំឡេងទៀតសោតទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោករក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ ។
ដោយសារសំឡេងទន់ត្រជាក់ណែនក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត កាន់តែពីរោះឈ្មោះរបស់លោកបានកាន់តែលេចត្រដែតក្នុងចំណោមមហាជន ទើបនៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្នសព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ-ម៉ាត់ដែរ ដើម្បីសំដែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់-សាឡន បានជំរុញកិត្តិសព្ទលោក ស៊ីន-ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចម្រៀងល្បីៗរបស់លោក ស៊ិន-ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសម្រស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថតដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស (សំដែងដោយអ្នកស្រី ឌី-សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។
ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ
លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់ និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន-ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោកតាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់ និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារសម្ពាធពីអាជីព និងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន-ស៊ីសាមុតមានទេពកោសល្យ និងធ្វើការខ្លាំងផ្នែកចម្រៀង និងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារតែទេពកោសល្យ និងការងារចម្រៀង និងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូង។ ប៉ុន្តែប្រាក់ចំណូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺ សាមញ្ញណាស់ ដោយចំណយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រី និងចម្រៀងដែរ។
បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។
បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែលលោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្តដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែកទៅដោយសារខ្វះភក្តីភាពនឹងលោក ។
បទស្លឹកឈើ ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
បទចាំជួបរាល់ថៃ្ងលិច ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុកដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|