. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ឪពុកម្ដាយ គួរ​លះបង់​វប្បធម៌​ ជ្រើសរើស​គូរ​ស្រករ​អោយ​កូន
March 25, 2014 (12:13:56) [ 731 ]
 
 
​ឪពុកម្ដាយ​គ្រប់រូប គួរតែ​លុបបំបាត់ចោល​ហើយ នូវ​វប្បធម៌​ជ្រើសរើស​គូរ​ស្រករ អោយ​កូនប្រុស​ស្រី រៀបការ​តាមចិត្ត​គំនិត​របស់ខ្លួន​ឯង ឬ​តាម​ការយល់ឃើញ​ដោយ​ឯកឯង ដោយ​មិនមាន​ការសំរេចចិត្ត ពី​កូន​ជាមុនសិន​នោះ​។ មនុស្ស​គ្រប់រូប រមែង​តែង​កំណត់​លក្ខខណ្ឌ​ខុសៗ​ពីគ្នា ក្នុងការ រើស​បុរស​ឬ​ស្ត្រី​ដែល​ខ្លួន​ចង់​បានជា​គូ​អនាគត​។ ជា ទូទៅ កម្រ​មាន​អ្នកណាម្នាក់ ដែល​ពេញចិត្ត​ឲ្យ​អ្នកដទៃ រើស​គូស្រករ​ជំនួស​ខ្លួន​ណាស់​។​

​ការជ្រើសរើស​គូរ​ស្រករ វា​មិនមែនជា​រឿង​សាមញ្ញ​ធម្មតា​ទេ ដែល​តំរូវអោយ​បុគ្គល មិនមែនជា​សាមីខ្លួន ធើ្វ​ការសំរេច ចិត្ត តាមតែ​ការនឹកឃើញ ជំនួស​ខ្លួន​នោះឡើយ​។ មនុស្ស​ម្នាក់ៗ គ្រប់រូប កើតមក​តែងតែ​ចង់បាន​សិទ្ធិសេរីភាព ក្នុង ការ​រស់នៅ ក៏ដូចជា ការសំរេចចិត្ត​ជ្រើសរើស​គូរ​ស្រករ របស់គេ​រៀងៗ​ខ្លួន​ផងដែរ បើទោះបីជា​ការសំរេចចិត្ត​ជ្រើស រើស​នោះ ត្រូវ​ឬ​ខុស​ក៏ដោយ ក៏​គេ​នៅតែ​ទទួលយក​លទ្ធផល ដែល​កើតចេញពី​ការ សំរេចចិត្ត​របស់គេ ដោយ​មិន​ធ្វើការ​បន្ទោស ទៅលើ​នរណាម្នាក់​ឡើយ ក្រៅពី​ខ្លួនគេ​ទេ ប្រសិនបើ​ការសំរេចចិត្ត​នោះ វា​ខុស​។ ផ្ទុយទៅវិញប្រសិន បើ​ឪពុកម្ដាយ ជា​អ្នក​ជ្រើសរើស​អោយ ហើយ​ការរស់នៅ​របស់​ពួកគេ ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍ មិនបាន​ប្រកប ដោយ សុភមង្គល​ទេនោះ កំហុស​ធ្ងន់ គឺ​ធា្ល​ក់​ទៅលើ​ឪពុកម្ដាយ ហើយ​អ្វីដែល​អាក្រក់​បំផុត គឺ​ធ្វើអោយ​ឪពុកម្ដាយ​ខ្លួនឯង​ផ្ទាល់ មាន​វិប្បដិសារី​មួយជីវិត​។​

​ពាក្យចាស់​តែង​ពោលថា ឪពុកម្ដាយ​គ្រប់រូប មិនដែល​ចង់អោយ​កូនៗ លំបាក​និង​វេទនា​នោះទេ ប៉ុន្តែ​យើង​ធ្វើការ​ចោទសួរ​ទៅវិញ​ថា បើ​ការជ្រើសរើស​គូរ​ស្រករ អោយ​កូន​ដោយ​មិនបាន​សួរ​ចិត្ត​កូន ជាមុន ឬក៏​ការជ្រើសរើស មិន មែនជា​មនុស្ស​ដែល​កូន​ស្រលាញ់​ពេញចិត្ត ឬ​មិន​កំណត់​តាម​លក្ខខណ្ឌ ដែល​កូន​ចង់បាន តើ​វា​ដូចគ្នា​ឬទេទៅនឹង​ការធ្វើអោយ​កូន​លំបាក​នោះ​?​។​

​កាលពីមុន គេ​ឃើញ​មាន​ឪពុក​មា្ដ​យ ភាគច្រើន តែង​និយម​ផ្សំផ្គុំ​កូនប្រុស​ស្រី ដោយ​ការ​ត្រូវរ៉ូវ​គ្នាដោយ​សំលឹង​ទៅលើ​ទ្រព្យសម្បត្តិ មាសប្រាក់ បុណ្យ​សក្តិ ដោយ​មិន​ផ្ដោត​សំខាន់​ឡើយ ទៅលើ​បញ្ហា​ចំណេះវិជ្ជា ហើយ​ធ្វើ​ការចាប់​ផ្សំផ្គុំ អោយ​កូន​រៀបការ ទាំង​អ្នកខ្លះ មិនដែល​នឹង​បាន​ជួប​មុខ​គ្នា​ម្ដង ឬក៏​បាន​ស្វែង​យល់ចិត្ត​គ្នា​ទៅវិញទៅមក​ផង​ក៏មាន​។

​គំនិត​ចាស់គំរិល​បែបនេះ បាន​ជះឥទ្ធិពល​អាក្រក់​ខ្លាំងណាស់ ដល់​អនាគត​របស់​កូន និង​សង្គមជាតិគឺថា​ពេលខ្លះត្រូវ​បង្ខំ​កូន​អោយ​លះបង់​ពី​ការសិក្សា ទៅយក​ប្ដី​យកប្រពន្ធ ដោយ​មិនបាន​ទុកពេល​វេលាអោយ​កូន​សិក្សា​អោយបាន​ចប់​ចុង​ចប់​ដើម ជាមុនសិន​។ រីឯ​ពេលខ្លះ ធ្វើការ​គៀបសង្កត់​ផ្លូវចិត្ត​ផ្លូវកាយ ដល់​ថ្នាក់​កូន​ទ្រាំលែងបាន ត្រូវ​បង្ខំចិត្ត​រត់​ចេញពីផ្ទះ​ផង ក៏មាន​។​

​លោក មាស សុ​វណ្ណៈ អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​មួយ នៅ​ភ្នំពេញ បាន​និយាយប្រាប់ CEN ថា ៖ ឳ​ពុក​ម្ដាយ​ខ្លះ សុខចិត្ត​បំបែក​កូនៗ ដែល​ស្រឡាញ់គ្នា ហើយ​ចូលចិត្ត​ធ្វើតាម​គ្នា ដែល​ចង់អោយ​កូនស្រី ទៅ​រៀបការ​ជាមួយ តែ​អ្នកមាន​ជាង​ខ្លួន​។

​លោក​បាន​បន្តទៀតថា លោក​មិនមែន​ផ្តោតលើ​ឳ​ពុក​ម្ដាយ​ទាំងអស់ សុទ្ធតែ​បែបនេះ​នោះទេ គឺថា​ឪពុកម្ដាយ​មួយ ចំនួន​ខ្លះ និយម​ប្រកាន់វណ្ណៈ​ណាស់ ហើយ​ពួកគាត់​មិនបាន​ពិចារណា​ថា ដល់​ថ្ងៃក្រោយកូនប្រសា​អ្នកមាន​នោះអាច​រស់នៅ​ជាមួយ​កូន​របស់គាត់ ប្រកប​សុភមង្គល ឬក៏​អត់​នោះទេ​។​

​លោក​ក៏បាន​បន្ថែមទៀតថា​“​ខ្ញុំ​សូម​ផ្តាំ​ទៅ​ឪពុកម្តាយ​ទាំងអស់​ថា កូន​មិនមែន​សម្រាប់​លក់​ទេកុំ​បង្ខំ​កូនអោយ​រៀបការ ដើម្បី​តែ​ផលប្រយោជន៍ និង​មុខមាត់​របស់ខ្លួន​”​។​

​លោក ចាន់ ចំរើន អាយុ​៤៥​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​រ៉ឺម៉ក នៅ​ម្ដុំ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ បាន​ប្រាប់ CEN អោយដឹង​ដែរ​ថា ក្នុងនាម​លោក​ជា​ឳ​ពុក​ម្នាក់ គឺ​មិនដែល​គិតថា​រក​គូស្រករ​អោយ​កូន​ឆាប់​រៀបការ​នោះទេ លោក​ចង់ឃើញ​កូន​រៀន​អោយបាន​ខ្ពស់​សិន ហើយ​រឿង​គូស្រករ​គឺ ទុកអោយ​កូន​របស់គាត់ ជា​អ្នកសំរេចចិត្ត​ដោយ​ខ្លួនឯង ថា​ត្រូវ​រៀបការ​ពេលណា​នោះ គឺ​លោក​មិន​បង្ខំ​កូន​ទេ​។​

​លោកស្រី សាស្ត្រាចារ្យ ដែល​បង្រៀន​ក្នុង​សាកលវិទ្យាល័យ​មួយ នៅ​រាជធានី​ភ្នំពេញ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះបាន​និយាយ​ដែរ​ថា ជា​គោល ការណ៍​ការរៀប​ការ​ទៅបាន លុះត្រា​តែមាន​ឆ​ន្ទះ​រួម ឬ​ត្រូវ​គ្នា​រវាង​បុរស និង​នារី ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង អញ្ចឹង​ឆ​ន្ទះ​វា​សំខាន់​សំរាប់​ការរៀប​ការ​។ បើសិន​ពួកគេ គ្មាន​ឆ​ន្ទះ​ចង់​រស់នៅ ជាមួយគ្នា ហើយ​ពួកគេ​ធ្វើតាម​ការបង្ខំ ពី​ឳ​ពុក​ម្ដាយ​នោះ ការរស់នៅ​របស់​ពួកគេ ទៅ​អនាគត ក៏​មិន​ប្រាកដថា អាច​នឹងមាន​ក្ដី​សុខ​នោះដែរ​។​

​ថ្វីត្បិតតែ​ឳ​ពុក​ម្ដាយ ជា​អ្នកមានគុណ ដែល​បង្កើត និង​ចិញ្ចឹម​បីបាច់​កូន តាំងពី​តូច​ក៏ពិតមែន ប៉ុន្តែ​ការរៀបចំ​អនាគត និង​ការជ្រើសរើស គូស្រករ គួរតែ​ទុក​កាតព្វកិច្ច អោយ​កូន​ជា​អ្នកសំរេចចិត្ត ជៀសវាង​ការជួប​នូវ​បញ្ហា​នៅ​ថ្ងៃក្រោយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 48 នាក់
  Flag Counter
Flag Counter