. . . . . .
.
ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤

.
យុង​ ចាន់​កណ្ណិកា​ រំឭក​អនុស្សាវ​រីយ៍​ជីវិត​សិល្បៈ​
August 07, 2013 (11:13:39) [ 742 ]
 
 
តារា​ចម្រៀង​សំឡេង​ធ្ងន់​ យុង​ ចាន់​កណ្ណិកា​ ដែល​ច្បាម​យក​ប្រជា​ប្រិយ​ភាព​តាម​រយៈ​បទ​ចម្រៀង​មនោ​សញ្ចេត​នា​របស់​អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​ បាន​បោះ​ជំហាន​ចូល​ពិភព​សិល្បៈ​តាំង​ពី​ក្មេង​មក​ ហើយ​បច្ចុប្បន្ន​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​មិន​ខុស​ពី​មុន​ឡើយ​ ។​ ដោយ​សារ​ឆ្លង​កាត់​ជីវិត​ជា​អ្នក​សិល្បៈ​ តាំង​ពី​មិន​ទាន់​ធំ​ដឹង​ក្តី​ យុង​ ចាន់​កណ្ណិកា​ បាន​ចាត់​ទុក​ជីវិត​តារា​របស់​ខ្លួន​ដែល​ចែង​ចាំង​លើ​សួន​សិល្បៈ​នា​ពេល​នេះ​ គឺ​ឆ្លង​កាត់​ការ​ព្យាយាម​ណាស់​ ទម្រាំ​តែ​សម្រេច​គោល​ដៅ​បាន​ និង​មាន​គេ​ស្គាល់​ថា​ ជា​អ្នក​ល្បី​ សូម្បី​ពាក្យ​រិះ​គន់​ក៏​នាង​ទទួល​យក​ដើម្បី​កែ​លម្អ​នៅ​ពេល​ដែល​មាន​ចំណុច​ខ្លះ​គេ​មិន​គាំទ្រ​។​

កញ្ញា​យុង​ ចាន់​កណ្ណិកា​ បាន​ពេញ​រូប​ពេញ​រាង​ និង​រីក​សាយ​សម្រស់​កាន់​តែ​ស្រស់​ស្អាត​ជាមួយ​ការ​តុប​តែង​កាយ​សក្តិ​សម​ជា​នារី​ពេញ​វ័យ​គួរ​ឱ្យ​គយ​គន់​ រហូត​ល្បី​ថា​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​នាក់​មក​ហើយ​ ដោយ​អ្នក​ស្រឡាញ់​នាង​ខ្លះ​នៅ​ក្រៅ​ស្រុក​ទៀត​ផង​ ។​ កណ្ណិកា​ គឺ​ខុស​ពី​តារា​ចម្រៀង​មួយ​ចំនួន​ដែល​ច្រើន​តែ​និយម​យក​បទ​ចម្រៀង​សម័យ​ទំនើប​មក​ច្រៀង​ គឺ​នាង​តាំង​ពី​ក្មេង​ស្រឡាញ់​​បទ​ចម្រៀង​ជំនាន់​រាជិនី​សំឡេង​មាស​ រស់​ សេរី​សុទ្ធា​ រហូត​ដល់​ពេល​ពេញ​ក្រមុំ​ ។ តាំង​ពី​ក្មេង​មក​ នាង​រក​បាន​ទីផ្សារ​ក្នុង​ពិភព​សិល្បៈ​ដោយ​មិន​លំបាក​ ហើយ​ជា​ញឹក​ញាប់​នាង​ឆ្លង​ទៅ​បំពេ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​បរទេស​ ដោយ​សារ​តែ​មាន​អ្នក​ចូល​ចិត្ត​នៅ​ទីនោះ​ ។​

ដោយ​សារ​តែ​មាន​ទុន​សំឡេង​ល្អ​ពី​ធម្ម​ជាតិ​ ចាន់​កណ្ណិកា​ បាន​ចំណាយ​ពេល​ហាត់​ច្រៀង​អស់​ជា​ច្រើន​ឆ្នាំ​ជាមួយ​គ្រូ​ល្បី​មាន​ទាំង​ធ្លាប់​បាន​ហាត់​ចម្រៀង​បែប​បុរាណ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ទៀត​ផង​ ។ ជា​ពិសេស​ នាង​បាន​រៀន​ជំនាញ​ច្រៀង​ពី​​លោក​ឯល​ ប៊ុណ្ណា​, អ្នក​គ្រូ​គង់​ ណារី​, លោក​វ៉ែន​ ផាត​ និង​លោក​មិញ​ សុធី​វណ្ណ​ ជា​ដើម​ ។​

ទាក់​ទិន​នឹង​ដើម​ហេតុ​នៃ​ការ​បោះ​ជំហាន​ចូល​ពិភព​សិល្បៈ​ យុង​ ចាន់​កណ្ណិកា​ ដែល​មាន​សមត្ថ​ភាព​ច្រៀង​បទ​ពី​ដើម​បាន​យ៉ាង​ពីរោះ​ និង​ជា​ប្អូន​ស្រី​របស់​កញ្ញា​យុង​ ចាន់​សុធាវី​ បាន​ថ្លែង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ ការ​ពិត​ជីវិត​សិល្បៈ​របស់​នាង​មហា​ជន​បាន​ដឹង​រួច​ទៅ​ហើយ​ថា​ នាង​ចាប់​អាជីព​នេះ​តាំង​ពី​នៅ​ក្មេង​ម៉្លេះ​ ពោល​គឺ​តាំង​ពី​មិន​ចេះ​កាន់​ក្បាល​មេក្រូ​ស្រួល​បួល​នៅ​ឡើយ​ ច្រៀង​មិន​ទាន់​ច្បាស់​ពាក្យ​ពេចន៍​ឯ​ណោះ​ ។​ មក​ពី​ចិត្ត​ស្រឡាញ់​ឃើញ​គេ​ច្រៀង​រាំ​ នាង​ចង់​ធ្វើ​ដូច​គេ​ណាស់​មិន​សូវ​ជា​ចេះ​អៀន​ប៉ុន្មាន​ទេ​ ។​ កណ្ណិកា​ចេះ​ច្រៀង​តាំង​ពី​អាយុ​៦​ឆ្នាំ​ម៉្លេះ​ ដោយ​ដើរ​ច្រៀង​នៅ​តាម​រោង​ការ​ ព្រោះ​មាន​លោក​ឪពុក​​ជា​តន្ត្រី​ករ​ ។ បើ​និយាយ​ពី​តំបន់​ត្រើយ​ម្ខាង​វិញ​ នាង​ច្រៀង​ឡើង​សឹក​ហាង​អស់​ហើយ​ និង​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ក៏​ច្រើន​ដែរ​ ព្រោះ​គេ​ឃើញ​នាង​ជា​កូន​ក្មេង​ តែ​មាន​សំឡេង​ដូច​មនុស្ស​ចាស់​ ។​

ឈាន​ចូល​ដល់​អាយុ​៩​ឆ្នាំ​ កណ្ណិកា​ បាន​ប្រឡង​ចម្រៀង​ក្នុង​កម្ម​វិធី​ «ពន្លក​តារា» នៅ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ដោយ​លេខ​១​ បាន​ទៅ​លើ​នាង​ងួន​ ស្រីស​ ។ កាល​នោះ​នាង​ជាប់​ដោយ​ច្រៀង​បទ​ «ស្នេហ៍​ក្រោម​ម្លប់​ជ្រៃ» ។ តាំង​ពី​តូច​នាង​អត់​ចេះ​បទ​ពី​ដើម​ច្រើន​ទេ​ គឺ​ចេះ​តិច​តួច​ប៉ុណ្ណោះ​យក​ទៅ​ច្រៀង​តាម​រោង​ការ​ និង​តាម​ហាង​ជាមួយ​លោក​ឪពុក​របស់​នាង​ ។​

គិត​មក​ទល់​ពេល​នេះ​ កណ្ណិកា​ ចាប់​អាជីព​ចម្រៀង​បាន​ជាង​១០​ឆ្នាំ​ហើយ​ ។​ បើ​និយាយ​ពី​ការ​តស៊ូ​វិញ​ក៏​មិន​ធម្មតា​ដែរ​ កាល​ពី​នាង​ប្រឡង​គឺ​មើល​ទៅ​លំបាក​ណាស់​ មិន​ដូច​ឥឡូវ​ស្រួល​ទេ​ គឺ​ឆ្លង​កាត់​ការ​ជម្រុះ​ច្រើន​ដង​ណាស់​ ។ ទាំង​នេះ​មក​ពី​ការ​ស្រឡាញ់​សិល្បៈ​ពេក​ ឱ្យ​តែ​មាន​ការ​ប្រគំ​តន្ត្រី​នៅ​កន្លែង​ណា​ គឺ​មាន​មុខ​នាង​ទៅ​មើល​គេ​ច្រៀង​ ហើយ​ៗ​ពេល​ខ្លះ​ទៅ​អង្គុយ​ក្រោម​កាមេរ៉ា​ត្រូវ​គេ​ថត​ជាប់​ឃើញ​តាម​ទូរ​ទស្សន៍​ទៀត​ផង​ ។​

បើ​ទោះ​ជា​នាង​ជា​យុវ​វ័យ​ជំនាន់​ថ្មី​ តែ​កណ្ណិកា​ នៅ​តែ​បន្ត​ច្រៀង​បទ​ពី​ដើម​ដដែល​ ទោះ​ជា​មាន​គេ​ចង់​ឱ្យ​ប្តូរ​ទៅ​ច្រៀង​បទ​ យេៗ​សម័យ​ឥឡូវ​ក៏​នាង​មិន​ប្តូរ​ទេ​ ព្រោះ​ចង់​រក្សា​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​របៀប​នេះ​រហូត​ ។​ យុង​ ចាន់​កណ្ណិកា​ ដែល​ពេល​កន្លង​មក​ធ្លាប់​ក្តាប់​តំណែង​ជា​ថៅកែ​ហាង​អ៊ុត​សក់​ និង​ហាង​លក់​ខោ​អាវ​នៅ​ម្តុំ​គិរី​រម្យ​ បាន​ផ្តាំ​ផ្ញើ​ដល់​យុវ​ជន​ជំនាន់​ក្រោយ​ថា​ បើ​ស្រឡាញ់​សិល្បៈ​ត្រូវ​តស៊ូ​​ គឺ​យក​ការ​ព្យាយាម​ជា​គោល​ ស្តាប់​គ្រូ​ ស្តាប់​រៀម​ច្បង​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 63 នាក់
  Flag Counter
Flag Counter