លោក អោម សេងបូរ៉ា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល CEO Master Club បានមានប្រសាសន៍ថា បេសកកម្ម CEO Master Club គឺដើម្បីជួយបង្វឹកអ្នក ដឹកនាំអាជីវកម្មក្នុងស្រុកឲ្យមានភាពរឹងមាំ ដែលធ្វើឲ្យអាជីវកម្ម និងសេដ្ឋកិច្ចក្នុងស្រុកមានភាពរឹងមាំ ចូលរួមចំណែកលើក ស្ទួយកេរ្តិ៍ឈ្មោះប្រទេស។
ឯកឧត្តម សុក ស៊ីផាណា ប្រធានកិត្តិយសនៅកម្មវិធីនេះ បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងដល់សកម្មភាពដ៏ល្អរបស់ CEO Master Club និងការខិតខំរបស់សមាជិកអាជីវកម្មទាំងអស់ ដែល បានរៀបចំកសាងសមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមខ្លួនប្រគួតប្រជែងក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ។
នៅក្នុងពិធីជួបជុំនោះ CEO Master Club ក៏បានចែកពានរង្វាន់ជ័យលាភីអគ្គនាយកសម្រាប់ឆ្នាំ ២០១៤ (CEO Award 2014) ដល់សមាជិក ៣២ រូបរបស់ខ្លួនដែលទទួលបានការហ្វឹកហ្វឺនអំពីការដឹកនាំគ្រប់គ្រងធុរកិច្ចមានលក្ខណៈស្តង់ដារទៅតាមតម្រូវការរបស់ CEO Master Club និងអបអរសាទរដល់សមាជិកដែលជួយឲ្យក្រុមហ៊ុនរបស់ខ្លួនមានការរីកចម្រើនគួរឲ្យកត់សម្គាល់៕