ថេប្លេត N1 របស់ Nokia ចេញមកប្រជែងជាមួយ iPad របស់ Apple
November 20, 2014 (06:46:03)
[ 1281 ]
ក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់ Nokia បានប្រកាសការវិលត្រឡប់មករកឧបករណ៍ទូរស័ព្ទដ៏មិនគួរឲ្យរំពឹងទុកជាមួយនឹងថេប្លេតមួយ ដែលមានគោលបំណងផ្តោតលើទីផ្សារចិន។ នេះបើយោងតាមវេបសាយ news.com.au ចេញផ្សាយថ្ងៃទី ១៨ ខែវិច្ឆិកា។
ប្រធានផ្នែកផលិតផលរបស់ Nokia លោក Sebastian Nystroem បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងមានក្តីរីករាយណាស់ដើម្បីនាំមកនូវម៉ាកសញ្ញា Nokia ត្រឡប់មកក្នុងដៃរបស់អតិថិជនវិញ ជាមួយនឹងឧប ករណ៍ថេប្លេតអ៊ែនដ្រយ (Android) N1 និងដើម្បីជួយធ្វើឲ្យបច្ចេកវិទ្យាទំនើបមានលក្ខណៈសាមញ្ញ"។
ក្រុមហ៊ុន Nokia បានឲ្យដឹងថា ឧបករណ៍នេះនឹងត្រូវផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ក្រុមហ៊ុន Apple ហើយនឹងត្រូវដាក់លក់លើទីផ្សារចិននៅដើមឆ្នាំ ២០១៥ "ដោយលក់រាយក្នុងតម្លៃប្រមាណ ២៤៩ ដុល្លារមុនបង់ពន្ធ រួមជាមួយនឹងការរំពឹងទុកក្នុងការពង្រីកការលក់ទៅកាន់ទីផ្សារដទៃទៀតជាច្រើន"។
ឧបករណ៍ ដែលបានយកមកបង្ហាញនៅពិព័រណ៍បច្ចេកវិទ្យា Slush នៅក្នុងទីក្រុងហែលស៊ិនគីនេះ មានលក្ខណៈស្រដៀងនឹង iPad mini របស់ Apple ដែលមានស្គ្រីនទំហំ ៧,៩ អ៊ីញ និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ខុសពីថេប្លេតមុនរបស់ខ្លួន គឺ Lumia 2520 ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows ចេញកាលពីឆ្នាំ ២០១៣។
ការវិលត្រឡប់របស់ Nokia មិនត្រូវបានរំពឹងទុកនោះទេ ខណៈក្រុមហ៊ុនទូរគមនាគមន៍ដែលធ្លាប់គ្របដណ្តប់ពិភព លោកមួយនេះទំនងដូចជាងាកមកផ្តោតលើសេវាកម្មទូរគមនាគមន៍វិញ ក្រោយពីលក់ផ្នែកផលិតទូរស័ព្ទរបស់ខ្លួនក្នុងតម្លៃ ៧,៥២ ពាន់លានដុល្លារឲ្យទៅក្រុមហ៊ុនសូហ្វវែយក្សអាមេរិក Microsoft កាលពីខែមេសា។
លោក Nystroem បានពណ៌នាថេប្លេតថ្មីនេះថាជា "ផលិតផលដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ Nokia និងគ្រប់គ្នា ដែលមិនទាន់ជ្រើសបាននូវថេប្លេតដែលខ្លួនចង់បាន"។ Nokia ធ្លាប់ជាក្រុមហ៊ុននាំមុខគេលើសកលលោកក្នុងផ្នែកទូរស័ព្ទ មុនពេលការណែនាំនូវទូរស័ព្ទ iPhone របស់ Apple ក្នុងឆ្នាំ ២០០៧ និង ការចាប់បដិសន្ធិនៃទូរស័ព្ទ Android ដែលចេញពីក្រុមហ៊ុន Samsung៕