Nokia ប្រកាសថា ក្រុមហ៊ុន Microsoft នឹងប្តូរឈ្មោះទូរស័ព្ទបន្ទាប់ទៅជា Microsoft Lumia លែងជា Nokia Lumia ទៀតហើយ
October 25, 2014 (12:26:19)
[ 1342 ]
ក្រុមហ៊ុន Microsoft នឹងដកចេញទាំងឈ្មោះម៉ាកសញ្ញា Nokia និង Windows Phone ដោយនៅទុកតែឈ្មោះ Lumia ប៉ុណ្ណោះ។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ២២ ខែតុលា។
ក្រុមហ៊ុននេះបានកំពុងចាប់ផ្តើមធ្វើអន្តរកាលដើម្បីផ្លាស់ប្តូររាល់ឈ្មោះម៉ាកសញ្ញារបស់ខ្លួនទាំងអស់ឲ្យទៅជា Microsoft Lumia ឲ្យបានទាន់ពេលនៃរដូវវិស្សមកាលនេះ។
ទោះយ៉ាងណា ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់នឹងបន្តរស់ក្នុងនាមជាក្រុមហ៊ុនដាច់ដោយឡែកមួយ ដែលផ្តោតសំខាន់លើហេរដ្ឋាចនាសម្ព័ន្ធផែនទី និង Network។
ការផ្លាស់ប្តូរនេះត្រូវបានរាយការណ៍ដំបូងដោយវេបសាយព័ត៌មាន The Verge ហើយឥឡូវត្រូវបានបញ្ជាក់អះអាងដោយក្រុមហ៊ុន Nokia France នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ក្រុមហ៊ុនេះបានសរសេរថា "ក្នុងប៉ុន្មានថ្ងៃខាងមុខទៀត អ្នកនឹងទទួលបានសារហ្វេសប៊ុក ទាក់ទងនឹងការប្តូរឈ្មោះទំព័រនេះ។ យើងជិតក្លាយជា Microsoft Lumia! ហើយ។ សូមធ្វើការតាមដានសម្រាប់ព័ត៌មានច្រើនទៀតឆាប់ៗនេះ"។
ចំណាត់ការនេះបាននាំមកនូវទីបញ្ចប់ដល់ឈ្មោះរបស់ Nokia ក្នុងនាមជាអ្នកផលិតទូរស័ព្ទដៃ ដែលបានដំណើរការមកតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។ ការប្តូរឈ្មោះនេះត្រូវបានគេឲ្យតម្រុយដំបូង នៅពេល Microsoft រើវេបសាយ Nokia.com ដាក់ចូលទៅក្នុងវេបសាយផ្ទាល់របស់ Microsoft។
ប្រទេសនីមួយៗនឹងចាប់ផ្តើមឃើញការផ្លាស់ប្តូរឈ្មោះម៉ាកសញ្ញាពី Nokia ទៅ Microsoft Lumia នៅទូទាំងគណនីបណ្តាញសង្គមផ្សេងៗ ដោយចាប់ផ្តើមជាមួយនឹងក្រុមហ៊ុន Nokia France មុនគេ។
ក្រុមហ៊ុន Microsoft បានទិញអាជីវកម្មទូរស័ព្ទរបស់ Nokia នៅខែមេសាក្នុងកិច្ចព្រមព្រៀងតម្លៃ ៧,២ ពាន់លានដុល្លារ។
ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់ថាតើការផ្លាស់ប្តូរឈ្មោះនេះនឹងប៉ះពាល់ដល់ស្មាតហ្វូន Microsoft ដែលមានស្រាប់ ឬក៏ទូរស័ព្ទដែលគ្រោងនឹងចេញក្នុងពេលអនាគត យ៉ាងណានោះទេ៕