តើអ្នកដឹងទេថា ទូរស័ព្ទ Nokia ម៉ូដែលណា លក់ដាច់ជាងគេនៅកម្ពុជា?
April 17, 2014 (11:29:23)
[ 1240 ]
ទូរស័ព្ទ Nokia បានចាប់ផ្តើមមានវត្តមាននៅកម្ពុជា តាំងពីឆ្នាំ២០០២មកម្ល៉េះ តាមរយៈក្រុមហ៊ុន Nokia KTH ។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន កេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទ Nokia បានដក់ជាប់ក្នុងជម្រៅចិត្ត របស់ប្រជាពលរដ្ឋខ្មែរជានិច្ច ជាមួយនឹងគុណភាព និងភាពធុន។
ទូរស័ព្ទ Nokia ជាច្រើនម៉ូដែលមកហើយ បានចេញលក់នៅកម្ពុជា តែសម្រាប់បច្ចុប្បន្ននេះវិញ តើលោកអ្នកដឹកទេថា ទូរស័ព្ទ Nokia ម៉ូដែលណាដែលលក់ដាច់ជាងគេនៅកម្ពុជា?
បើតាមការបញ្ជាក់របស់ លោក Jerry Manus អគ្គនាយកនៃ ប្រតិបត្តិការក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវបានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ថា នៅកម្ពុជាមិនខុស ពីពិភពលោកនោះទេ ទូរស័ព្ទ២ម៉ូដែល ដែលទើបតែទទួលបានពានរង្វាន់២ ក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទពិភពលោក ដែលប្រារព្ធធ្វើឡើង ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីចុងខែកុម្ភៈ គឺNokia 105 និង Nokia Lumia 520 គឺជាទូរស័ព្ទដែលលក់ដាច់ជាងគេបំផុត។
លោក Jerry Manus បានមានប្រសាសន៍ថា «នៅទៅទាំងពិភពលោក ក៏ដូចជាកម្ពុជាដែរ ទូរស័ព្ទធម្មតាដែលលក់ដាក់បំផុត (លេខ១) ក្នុងចំណោមទូរស័ព្ទ Nokia ផ្សេងទៀត គឺNokia 105 ។ បន្ទាប់ពី Nokia 105 គឺត្រកូល Nokia Asha និងចុងក្រោយ គឺ Nokia Lumia 520»។
លោក Jerry Manus សម្តែងនូវក្តីជឿជាក់ថា ទូរស័ព្ទម៉ូដែលថ្មី Nokia X ដែលទើបតែនឹងប្រកាសនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ម្សិលមិញនេះ នឹងដណ្តើមបានចំណែកទីផ្សារក្នុងតម្លៃចម្លោះពី១០០ដុល្លារអាមេរិក ទៅ១១៥ដុល្លារអាមេរិកបានកាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ម្សិលមិញនេះ ក្រុមហ៊ុនNokia បានប្រកាសចេញលក់ នៅទូរស័ព្ទស៊េរីថ្មី២ម៉ូដែល គឺ Nokia X និង Nokia 220 ៕