ការដាក់បង្ហាញជាលើកដំបូងនៃ iPad Air និង កុំព្យូទ័រ MacBook Pro ទម្ងន់ ១ ផោន ឬ ០,៤៥ គីឡូក្រាមជាមួយនឹងអេក្រង់ Retina គឺដូចនឹងទម្រង់នៃការចេញឧបករណ៍នាពេលកន្លងមកថ្មីៗនេះដែរដោយមានការធ្វើឲ្យប្រសើរជាងមុននៅក្នុងបណ្តាញផលិតផលដែលមានស្រាប់ជាជាងផលិតផលថ្មីទាំងស្រុង ហើយភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ០,៣ ភាគរយនៅថ្ងៃចេញ iPad ថ្មីនេះ។
Apple បាននិយាយថា ការ Upgrade ចំពោះប្រព័ន្ធប្រតិបត្តិការណ៍ Mac របស់ខ្លួន និង ឈុតសូហ្វវែ iWork ដែលប្រកួតប្រជែងជាមួយកម្មវិធី Excel, Word និងកម្មវិធីដទៃទៀតរបស់ Microsoft ឥឡូវនឹងត្រូវផ្តល់ជូនសម្រាប់រាល់កុំព្យូទ័រ MacBooks និង កុំព្យូទ័រ Mac ទាំងអស់។
ការផ្តល់ជូននេះនាំមកនូវគំរូនៃការ Upgrade ប្រព័ន្ធដោយឥតគិតថ្លៃនៅលើទូរស័ព្ទ និង ថេប្លេតទៅកាន់ទីផ្សារកុំព្យូទ័រ ជាទីដែលក្រុមហ៊ុន Apple នៅតែទន់ខ្សោយនៅឡើយធៀបនឹងប្រព័ន្ធ Window របស់ក្រុមហ៊ុន Microsoft ។
ក្រុមអ្នកវិភាគបាននិយាយថា Apple ប្រហែលជាព្យាយាមការពារកណ្តាប់ដៃរបស់ខ្លួនលើផ្នែកសូហ្វវែទូរស័ព្ទ ខណៈ Microsoft កំពុងធ្វើឲ្យប្រសើរឡើងនូវថេប្លេត Surface Pro ដំណើរការលើប្រព័ន្ធ Window របស់ខ្លួន ដែលដំណើរការកម្មវិធីជាច្រើនដូចជា Word ឬ Excel ជាដើម ដែលជាបទដ្ឋានសម្រាប់អតិថិជនដែលជាអ្នកធ្វើជំនួញ។
អគ្គនាយកក្រុមហ៊ុន Apple លោកធីម ឃុគ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាអ្នកចាត់ការផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌល Yerba Buena Center ក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា "យើងកំពុងផ្លាស់ប្តូរសកម្មភាពឧស្សាហកម្មបច្ចេកវិទ្យាក្នុងរបៀបមួយដ៏គួរចាប់អារម្មណ៍ ប៉ុន្តែនេះមិនមែនជាហេតុផលដែលយើងកំពុងធ្វើការផ្លាស់ប្តូរនោះទេ។ យើងចង់ឲ្យអតិថិជនរបស់យើងមានសូហ្វវែថ្មីៗចុងក្រោយរបស់យើង"។
ទីផ្សារបច្ចេកវិទ្យាកំពុងជោរជន់ដោយឧបករណ៍ថេប្លេតតម្លៃថោកដំណើរការលើសូហ្វវែ Android របស់ក្រុមហ៊ុន Google Inc ប៉ុន្តែក្រុមហ៊ុន Apple ប្រហែលជាផ្តោតលើការទប់ស្កាត់ការគំរាមកំហែងពីបច្ចេកវិទ្យាខ្ពស់ Android របស់ Google ទៅវិញទេ។
អ្នកវិភាគនៅក្រុមហ៊ុន Gartner ឈ្មោះ ខារ៉ូលីណា មីឡាណេស៊ី (Carolina Milanesi) បាននិយាយថា "ក្នុងទីផ្សារ tablet PC ពួកគេគិតថា Microsoft គឺជាការគំរាមកំហែងធំជាង Android។ iPad Air នឹងប្រកួតប្រជែងជាមួយ Surface Pro មិនមែនថេប្លេត Android ហួសសម័យនោះទេ"។
ក្រុមហ៊ុន Gartner ព្យាករណ៍ថា ចំណែកទីផ្សារថេប្លេតទូទាំងសកលលោករបស់ Apple នឹងធ្លាក់ចុះដល់ ៤៧,២ ភាគរយក្នុងឆ្នាំ ២០១៤ ខណៈថេប្លេតដំណើរការលើ Android ទើបតែវ៉ាដាច់ថេប្លេតរបស់ Apple ក្នុងឆ្នាំនេះ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែក IT មួយនេះរំពឹងថា ថេប្លេតរបស់ Microsoft នឹងដណ្តើមទីផ្សារបាន ៣,៤ ភាគរយក្នុងឆ្នាំនេះ ពោលគឺកើនឡើងលើសការព្យាករណ៍ ១,៧ ភាគរយសម្រាប់ឆ្នាំ ២០១៣៕